ព័ត៌មានជាតិ

ក្រុមគ្រួសារអតីតយុទ្ធជន ចំនួន២១គ្រួសារ ទទួលប្រាក់ធានា រ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម លើកដំបូង ពីមូលនិធិជាតិ ជំនួយសង្គម

កំពង់ស្ពឺ៖ ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកដំបូង ត្រូវបានសាខាមូលនិធិជំនួយសង្គម ម.ជ.ជ សហការជាមួយគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពងស្ពឺ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ។
នាំយកមកប្រគល់ជូនដល់គ្រួសារ សពអតីតយុទ្ធជនចំនួន២១គ្រួសារ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥
មន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺ ។

លោក លុយ ហាក់ ប្រធានសាខាមូលនិធិជាតិជំនួយសង្គម បានឱ្យដឹងថាក្រុម គ្រួសារសពអតីតយុទ្ធជនចំនួន២១គ្រួសារ ដែលបានមកទទួល ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកដំបូង ខាងលើនេះ គឺបានប្រគល់ជូន ដល់ដៃគ្រួសារនៃសពមកពីបណ្តា ក្រុងស្រុកកក្នុង ភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។

លោក បានបន្តទៀតថា ប្រាក់ដែលបានយកមកប្រគល់ ជូនដល់គ្រួសារសព អតីតយុទ្ធជនទាំង២១គ្រួសារនេះ គឺជាប្រាក់ឧបត្ថម្ភគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលជាគោលនយោបាយជាតិ ចំពោះអតីតយុទ្ធជន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការអនុវត្តតាមគោលការណ៍ ណែនាំរបស់លោក ជា សុមេតធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាអាណាព្យាបាល បច្ចេកទេស នៃមូលនិធិជាតិជំនួយសង្គម ត្រូវបានពង្រឹងការ អនុវត្តប្រកបដោយចីរភាព នូវការផ្ដល់សេវា សាធារណៈដល់គ្រួសារអតីតយុទ្ធជនឱ្យបានទាន់ពេលវេលា និងយ៉ាងឆាប់រហ័ស ។
ដើម្បីជាឧត្តមប្រយោជន៍ ជូនដល់យុទ្ធជននិង គ្រួសារអតីតយុទ្ធជន ដែលជាអ្នកមានគុណ បំណាច់ក្នុងការរួមចំណែក ការពារជាតិមាតុភូមិ ។
ដោយកិច្ចសហការរវាងក្រសួង ជាអាណាព្យាបាលចំនួន ២គឺក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអាណាព្យាបាល ផ្នែកបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាលផ្នែកហិរញ្ញវត្ថុ គឺក្រសួងបានផ្តល់ជូននូវថវិកាបង្វិល សម្រាប់ពន្លឿននីតិវិធី នៃការអនុវត្តផ្ដល់សាច់ប្រាក់ ជូនគ្រួសារសព ដែលជាអតីតយុទ្ធជន បានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលាផងដែរ ។

ក្នុងឱកាសនោះឧត្តម សេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងខេត្ត និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺ បានរំលឹកឡើងវិញនូវដំណាក់កាលដ៏ជូរចត់ដែលកម្ពុជាបានហែលឆ្លងកាត់ និងបាន ផ្លាស់ប្ដូរជាប្រវត្ដិសាស្ដ្រច្រើនលើក ដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបាន គឺរបបដឹកនាំដោយសេនាប្រមុខ លន់ នល់ ដែលរបបនេះត្រូវបានផ្ដួលរំលំវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលពេលនោះ ប្រជាជនកម្ពុជាសង្ឃឹម បានរស់ក្នុងសុខសន្ដិភាព ប៉ុន្ដែសេចក្ដីសង្ឃឹមនោះ ក៏ត្រូវរលាយបាត់​បង់​ ដោយការប្លន់អំណាច និងអនុវត្ដនូវនយោបាយ គ្រប់គ្រងផ្ដាច់ការ ប្រល័យ ពូជសាសន៍របស់ ប៉ុល ពត ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ កម្ពុជា បានក្លាយទៅជាគុកឥត ជញ្ជាំង ជាវាលពិឃាតដ៏សាហាវឃោរ ឃៅបំផុត ។

លោកថា ដោយសារតែស្មារតីឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន និងដោយសម្ដេចមើល ឃើញនូវការប្រឹងប្រែង តស៊ូរំដោះទឹកដី ដែលយុទ្ធជនយើងបានបូជាសាច់ស្រស់ ឈាមស្រស់ពលីពិការ ដាច់ជើង ដាច់ដៃ នៅលើសមរភូមិ កាលពីសម័យសង្គ្រាម គុណបំណាច់ដ៏ធំធេងទាំងនេះហើយ ដែលធ្វើឱ្យសម្តេចមិនអាចបំភ្លេច បានឡើយហើយតែងតែគិតគូ និងបន្តគិតគូរហូតរហូតដល់នាយករដ្ឋមន្ត្រីថ្មីសម្តេចធិបតី ហ៊ុន ម៉ាណែត ។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច ក៏បានលើកឡើង ដោយមោទនភាពផងដែរថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានសំណាងជាងប្រទេសមួយចំនួន ដែលបច្ចុប្បន្នកំពុងតែប្រឈមគ្នា ដោយចុងអាវុធ ហើយប្រជាជនកំពុងរស់ក្នុងភ្នក់ភ្លើងសង្គ្រាម ដែលទាំងនេះបានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ថ្នាក់ដឹកនាំប្រទេស។
ក្នុងន័យនេះគប្បីយើងទាំងអស់គ្នា ត្រូវបន្តចូលរួមគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាលដែលកំពុងដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ៕
ដោយ:សុខ សុភ័ណ្ឌ រូបថតមជ្ឈមណ្ឌលដើមអំពិល

To Top