ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដាំទៅក្រុមប្រឆាំង កុំព្យាយាមបំបែកផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា ជុំវិញការបំពាក់ ឋានន្តរសក្តិថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀបាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមានមតិមួយចំនួន បានលើកឡើងថា ការដំឡើងឋានន្តរសក្តិថ្នាក់ នាយឧត្តម សេនីយ៍ផុតលេខ ផ្កាយមាស៥ ជូនថ្នាក់ដឹកនាំទាំងពីរនាក់នេះ ហាក់ភ្លេចសម្ដេចក្រឡាហោម ស ខេង ដែលជាឥស្សរជនមួយរូប ក្នុងគណបក្សប្រជាជនកម្ពុជា។
ជុំវិញការលើកឡើងនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេច ក្រឡាហោម ស ខេង គឺជាស៊ីវិល មិនពាក់ឋានន្តរសក្តិ ដូចជាទាហាននោះទេ ។
ពីលើវេទិកានៃពិធីបំពាក់ ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្ដេចពិជ័យសេនា ទៀបាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ បានលើកឡើងថា ក្រុមប្រឆាំងគ្មានសមត្ថភាពបំបែកផ្ទៃក្នុង របស់គណបក្ស ប្រជាជនកម្ពុជានោះទេ តែផ្ទុយទៅវិញគណបក្សប្រឆាំងទេ ដែលបែកបាក់ខ្លួនឯង ដោយមិនចាំបាច់សម្ដេចទៅបំបែកនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «សូមកុំព្យាយាមបំបែកផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា អ្នកកាន់តែធ្វើ អ្នកកាន់តែគ្រោះថ្នាក់ខ្លួនឯង»៕
