ព័ត៌មានជាតិ

សម្ដេចតេជោ ឲ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ស្នើនាយករដ្ឋមន្រ្តីកំណត់កូតា អភិបាលរងរាជធានី-ខេត្តជាស្រ្តី ២រូប

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ដល់អនុសាសន៍ឲ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ស្នើទៅកាន់នាយករដ្ឋមន្រ្ដីធ្វើយ៉ាងណាឲ្យកំណត់នូវកូតា នៃអភិបាលរង ក្រុង ស្រុក ខណ្ឌ ក៏ដូចជាអភិបាលរងរាជធានី-ខេត្ត ដោយកំណត់កូតាយ៉ាងតិចបំផុតពីររូបសម្រាប់ស្រ្ដី ។

ក្នុងឱកាសអនុញ្ញាតឲ្យប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយលោកស្រី អ៊ឹង កន្ថាផាវី ចូលជួបសម្ដែងការគួរសមនៅព្រឹកថ្ងៃទី៤ ខែមិថុនា សម្ដេចតេជោផ្ដល់អនុសាសន៍ឲ្យកំណត់កូតាចំនួនស្រ្តីជាអភិបាលរងរង ក្រុង ស្រុក ខណ្ឌ ក៏ដូចជាអភិបាលរង រាជធានី-ខេត្ត២រូប ខណៈពីមុនមកកូតានៃអភិបាលរង ក្រុង ស្រុក ខណ្ឌ និងអភិបាលរងខេត្ត និងរាជធានីមានស្រ្តីត្រឹមតែ១រូបប៉ុណ្ណោះ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងថា “សម្តេចតេជោបានផ្តល់អនុសាសន៍ឲ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ស្នើទៅកាន់នាយករដ្ឋមន្រ្តី ឲ្យកំណត់នូវកូតានៃអភិបាលរង ស្រុក ក្រុង ខណ្ឌ ក៏ដូចជាអភិបាលរងខេត្ត អភិបាលរងរាជធានី ដោយកំណត់នូវកូតាសម្រាប់អភិបាលរងដោយមានចំនួនយ៉ាងតិចបំផុត២រូប” ។

លោកបន្តថា នេះគឺអនុសាសន៍ថ្មីស្រឡាងរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា ។
ជាមួយគ្នានេះដែរ សម្តេចក៏បានផ្តល់អនុសាសន៍ឲ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ស្នើទៅនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដើម្បីកំណត់ការប្រឡងជ្រើសរើសមន្រ្តីរាជការជាស្រ្តី ឲ្យបានប្រមាណជា៥០ភាគរយ ក្នុងចំណោម១០០ភាគរយ ៕

To Top