ព័ត៌មានជាតិ

កិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាង របាយការណ៍ វាយតម្លៃការអនុវត្តគោល នយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧ -២០២៥ និងការរៀបចំសន្និធិជំនាញ នៅកម្ពុជា

ភ្នំពេញ ៖ លោក​ ប៉ុក ប៉ាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងារ បច្ចេកទេសចម្រុះសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG on TVET) បានដឹកនាំកិច្ចប្រជុំក្រុមការងារ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីក្រសួង ដើម្បីពិនិត្យពិភាក្សាលើ សេចក្តីព្រាង របាយការណ៍វាយតម្លៃការអនុវត្តគោល នយោបាយជាតិស្តីពី អ.ប.វ. ឆ្នាំ២០១៧-២០២៥ និងការរៀបចំសន្និធិជំនាញកម្ពុជា ។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោក Christian Disler នាយករងទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) តំណាង SDC ជាអនុប្រធានក្រុមការងារបច្ចេកទេសចម្រុះ និងសមាជិក សមាជិកា ដែលតំណាងក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្ដុះបណ្ដាល ព្រមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

លោករដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់លើសមិទ្ធផល ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ និងអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធបានខិតខំប្រឹងប្រែងអនុវត្តក្នុងរយៈពេលជិត១ទស្សវត្សរ៍កន្លងមកនេះដើម្បីចូលរួមសម្រេចនូវចក្ខុវិស័យក្នុងការលើកកម្ពស់ជីវភាពរស់នៅ សេចក្តីថ្លៃថ្នូរ របស់ប្រជាពលរដ្ឋ បង្កើនបាននូវកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជាប្រកប ដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថ ការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួត ប្រជែងសម្រាប់ការងារពេញមួយជីវិត។

យោងតាមរបាយការណ៍វាយតម្លៃ បានកំណត់នូវសមិទ្ធផល និងការវិភាគ ព្រមទាំងបានទាញចេញនូវឧត្តមានុវត្ត និងមេរៀន បទពិសោធល្អ ការប្រឈម និងឧបសគ្គនានា ដែលបានជួបប្រទះ ដើម្បីប្រើប្រាស់ជាឧបករណ៍ សម្រាប់ការបំពេញធាតុចូល សម្រាប់ការរៀបចំគោល នយោបាយជាតិ ស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការចូលរួមចំណែក សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង២០៥០។ របាយការណ៍វាយតម្លៃនេះ នឹងត្រូវដាក់ប្រជុំពិនិត្យអនុម័ត ក្នុងកិច្ចប្រជុំគណៈកម្មការ តាមដានវាយតម្លៃ ការអនុវត្តគោលនយោបាយជាតិ ស្តីពី អ.ប.វ. ឆ្នាំ២០១៧-២០២៥ ដើម្បីដាក់ជូនគណៈកម្មាធិការជាតិ បណ្តុះបណ្តាលរាយការណ៍ជូនរាជរដ្ឋាភិបាល។

ទន្ទឹមនេះអង្គប្រជុំ បានពិភាក្សាគ្នា យ៉ាងផុសផុល អំពីការរៀបចំសន្និធិជំនាញកម្ពុជា ដែលជារបាយការណ៍លម្អិត លើស្ថិតិចំនួនសិក្ខាកាម សិស្ស និស្សិត ដែលដែលទទួល បានការបណ្តុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈលើមុខ ជំនាញផ្សេងៗគ្រប់កម្រិត ពីគ្រប់ក្រសួង ស្ថាប័ននានា ដោយមានបែងចែកលម្អិតតាមវិស័យ មុខជំនាញ កម្រិតសិក្សា និងតាមភូមិសាស្រ្ត រាជធានី-ខេត្តទូទាំងប្រទេស ដែលជាឧបករណ៍មួយដ៏មានសារៈសំខាន់ក្នុងការចូលរួមពង្រឹង និងកំណត់ទិសដៅនៃការអភិវឌ្ឍជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាមូលដ្ឋានសម្រាប់ការរៀបចំ គោលនយោបាយពាក់ព័ន្ធនានា និងជាទិន្នន័យគន្លឹះមួយ សម្រាប់ទាក់ទាញការវិនិយោគមកកាន់ប្រទេសយើងផងដែរ។

នៅក្នុងកិច្ចប្រជុំនេះ សមាជិក ក្រុមការងារ តំណាងវិស័យឯកជន និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធក៏បានចែក រំលែកពីបទពិសោធអនុវត្តល្អៗ ក៏ដូចជាបានលើកឡើង នូវសំណូមពរពាក់ព័ន្ធសំខាន់ៗផងដែរ៕

To Top