ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ១៥៣នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ ដូច្នេះនៅមានពលរដ្ឋភៀសសឹក ៣៦.១៤២នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង៦ព្រឹក ថ្ងៃទី២៣ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃពុំទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅឡើយទេ។
ក្រសួងមហាផ្ទៃ បានបន្តកត់ត្រាទុក សកម្មភាព មិនស្មោះត្រង់របស់ភាគីថៃ ទន្ទឹមគ្នានឹងការបន្តយកចិត្តទុកដាក់ ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយសារអំពើឈ្លានពាន ជាពិសេសពលរដ្ឋ ដែលនៅពុំទាន់ អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។
ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា «មានពលរដ្ឋភៀសសឹក១៥៣ នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន១ម៉ឺននាក់ ឬ ជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៣៦.១៤២នាក់ទៀត (ស្រ្តី១៨.៧១៤នាក់ និង កុមារ១២.២៣៧នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ»៕
