ព័ត៌មានជាតិ

ក្រសួងផែនការ ប្រកាសដាក់ឱ្យដំណើរការ «ផតថលអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ លើថ្នាលឌីជីថល គាំពារសង្គមកម្ពុជា

ភ្នំពេញ ៖ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី២៤ មីនា នេះ បានអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យដំណើរការ «ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor Portal) លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា» ជាជំហានថ្មីក្នុងការធ្វើទំនើបកម្ម និងបង្កើនប្រសិទ្ធភាពប្រព័ន្ធគាំពារសង្គម។

លោក រដ្ឋមន្ត្រី បានឱ្យដឹងថា ការដាក់ឱ្យដំណើរការ “ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា” នាថ្ងៃនេះ ជាការបោះជំហានដ៏សំខាន់ និងជាការសម្រេចបាន នូវបង្គោលចរថ្មីមួយទៀត ពោល គឺ ធ្វើទំនើបកម្ម និងសុខដុមនីយកម្មផតថល អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ឱ្យកាន់តែមានភាពប្រទាក់ក្រឡា និងដំណើរការលើប្រព័ន្ធ អេកូឡូស៊ីគាំពារសង្គមឌីជីថលរួម នៃថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ដូចដែលបានកំណត់ក្នុង ផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គមឆ្នាំ២០២៤-២០២៨។

លោក រដ្ឋមន្ត្រី បន្ដថា ការធ្វើទំនើបកម្ម និងសុខដុមនីយកម្មនេះ នឹងរួមចំណែកជាកាតាលិករ ដ៏សំខាន់ក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការអនុវត្ត ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥ ដែលរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តកាលពីខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។

លោក រដ្ឋមន្ត្រីបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តកំណត់យកមនុស្ស ជាអាទិភាពគន្លឹះទី១ ដែលត្រូវបានរំលេចយ៉ាងច្បាស់ នៅក្នុងបញ្ចកោណទី១ និងបំពេញបន្ថែម ដោយបញ្ចកោណទី៣ ទី៤ និងទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបន្តផ្តោតលើការ អភិវឌ្ឍមូលធនមនុស្ស ជាគោលដៅចម្បង តាមរយៈការបន្តលើកកម្ពស់សុខភាពនិងសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” ដើម្បីកាត់បន្ថយភាពក្រីក្រ វិសមភាព និង ពង្រឹងសាមគ្គីភាព ស្ថិរភាព និងសមធម៌ក្នុងសង្គម ឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

លោក រដ្ឋមន្ត្រី បន្តទៀតថា ការដាក់ឱ្យដំណើរការជាផ្លូវការ ផតថលអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ជាវឌ្ឍនភាពថ្មីមួយបន្ថែមទៀតក្នុងការបន្តអភិវឌ្ឍ និងការធ្វើបន្តធ្វើទំនើបកម្មឱ្យកាន់តែមានប្រសិទ្ធភាព ប្រទាក់ក្រឡាគ្នាល្អ និងឆ្លើយតបទាន់ពេល ចំពោះតម្រូវការរបស់ពលរដ្ឋ ហើយក៏ស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដែលបានកំណត់ បច្ចេកវិទ្យាជាអាទិភាពគន្លឹះទី៥ ដោយមានបញ្ចកោណទី៥៖ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល៕

To Top