ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ មិនថានៅទីណា រាជរដ្ឋាភិបាល មិនដែលភ្លេចកាតព្វកិច្ច «ការពារទឹកដី និងប្រជាជន»

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានថ្លែងថា មិនថានៅទីណា ឬពេលវេលាណា រាជរដ្ឋាភិបាលមិនដែលភ្លេចកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន» ដែលជាអាទិភាពខ្ពស់បំផុតរបស់ខ្លួនឡើយ ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែន កម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែមីនា លោក ប៉ែន បូណា លើកឡើងថា ប្រធានបទស្តីពី «ការវិវត្តន៍ថ្មីៗ នៃស្ថានការណ៍ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ» បានក្លាយជារបៀបវារៈដ៏សំខាន់ និងចាំបាច់មួយរបស់ថ្នាក់ដឹកនាំកម្ពុជា សម្រាប់កិច្ចពិភាក្សានានា ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមជាមួយរដ្ឋលេខាធិការទទួលបន្ទុកតំបន់ខាងកើតនៃក្រសួងការបរទេសឥណ្ឌា ។
លោកថា ក្នុងជំនួបនោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើបច្ចុប្បន្នភាពអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនដៃគូសន្ទនាផងដែរ។ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងការបរទេស និងក្រសួងស្ថាប័ននានាក៏បានទទួលជួបជាមួយដៃគូបរទេសជាច្រើន ដែលក្នុងជំនួបទាំងនោះ ស្ថានការណ៍វិវត្តន៍នៅតាមព្រំដែនកម្ពុជា-ថៃ គឺជារបៀបវារៈដ៏សំខាន់មួយ ។ ក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ក៏បាននិងកំពុងធ្វើការងារ យ៉ាងសកម្មតាមវិស័យរបស់ខ្លួន ដោយមិនភ្លេចបញ្ហាព្រំដែន និងជនភៀសសឹក។

អ្នកនាំពាក្យបន្ថែមថា “សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងពីភាពសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា នៅលើសមរភូមិការទូតដើម្បីឧត្តមប្រយោជន៍ជាតិ ដោយផ្សារភ្ជាប់ជាមួយអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលគឺ «ការការពារបូរណភាពទឹកដីនិងប្រជាជន» និងក៏បានបង្ហាញឱ្យឃើញថា សហគមន៍អន្តរជាតិបានទទួលព័ត៌មានច្បាស់លាស់ និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើប្រទេសកម្ពុជា និងជនភៀសសឹកជាច្រើនម៉ឺននាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ បាននៅឡើយ ដោយសារការរារាំងពីកងកម្លាំងថៃ ក្នុងនោះក៏មានកុមារកម្ពុជា ជាច្រើនមិនបានទៅសាលារៀនរបស់ពួកគេវិញនៅឡើយ” ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕

To Top