សប្ដាហ៍ទី៣ គ្រោះអគ្គិភ័យកើតឡើង ១៤ករណី បណ្ដាលឱ្យខូចខាត និងឆាបឆេះផ្ទះសំបែងពលរដ្ឋ ១១ខ្នង
ភ្នំពេញ ៖ ក្នុងសប្ដាហ៍ទី៣ ខែមីនា គិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន១៤ករណី បណ្ដាលឱ្យខូចខាត និងឆាបឆេះផ្ទះសំបែងប្រជាពលរដ្ឋ១១ខ្នង បន្ទប់ស្នាក់នៅ៥បន្ទប់ រោង១កន្លែង តូបលក់ដូរ១៨ ឡថ្នាំជក់១ ម៉ាស៊ីន៣គ្រឿង បំពង់កម្ដៅ១គ្រឿង គំនរអេតចាយ១កន្លែង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួន។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។
បើធៀបនឹងសប្ដាហ៍ទី២ ខែមីនា គ្រោះអគ្គិភ័យនេះបានថយចុះ៦ករណី ខណៈការខូចខាតផ្ទះសំបែងប្រជាពលរដ្ឋក៏បានថយចុះ៤ខ្នង។ ករណីអគ្គិភ័យដែលបានកើតឡើងក្នុងសប្ដាហ៍ទី៣ ខែមីនានេះ មាននៅក្នុងភូមិសាស្ត្រជាអាទិ៍ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រះវិហារ បន្ទាយមានជ័យ កំពង់ចាម និងខេ្តតបាត់ដំបង។ នេះបើតាមរបាយការណ៍ដដែល។
គួររម្លឹកថា ក្នុងខែកុម្ភៈកន្លងទៅនេះ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន៩៧ករណី បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ៨៣ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង វិហារ១ខ្នង បន្ទប់៤បន្ទប់ និងអគារស្នាក់នៅ១ខ្នង។ ក្នុងករណីមានអគ្គិភ័យកើតឡើង សូមទាក់ទងទៅកាន់លេខ ១១៨ ឬតាមតេឡេក្រាម ១១៨ ដើម្បីសុំការអន្តរាគមន៍ពីកម្លាំងជំនាញ ឬរាយការណ៍បន្ទាន់ជូនអាជ្ញាធរមូលដ្ឋាន៕
