ព័ត៌មានជាតិ

លោក ផាយ ឡេង អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ប្រាក់ជូន ដល់គ្រួសារសពសមាជិកសមាគមចំនួន ៥គ្រួសារ ក្នុងក្រុងពោធិ៍សាត់

ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន លោក ផាយ ឡេង ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាក្រុងពោធិ៍សាត់ បានចុះជួបសួរសុខទុក្ខ និងប្រគល់ប្រាក់បេឡាមរណៈសង្គ្រោះដោយផ្ទាល់ ជូនដល់គ្រួសារសពសមាជិកសមាគមចំនួន ៥គ្រួសារ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់។

ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោក ផាយ ឡេង បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះក្រុមគ្រួសារសពដែលជាអតីតយុទ្ធជន និងនិវត្តជន ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់។

លោកបានបញ្ជាក់ថា ការចុះមកនាពេលនេះ គឺជាការបង្ហាញនូវមនោសញ្ចេតនាដឹងគុណ និងការមិនបោះបង់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់បានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិនោះឡើយ។

ថវិកាសរុបចំនួន ២០,០០០,០០០ រៀល (ម្ភៃលានរៀល) ត្រូវបានលោកប្រធានកិត្តិយស ប្រគល់ជូនគ្រួសារសពនីមួយៗចំនួន ៤,០០០,០០០ រៀល រួមមាន៖
១. គ្រួសារសពលោក ស៊ិប ឌឿន (សង្កាត់រលាប)
២. គ្រួសារសពលោកស្រី ទិន យ៉េន (សង្កាត់លលកស)
៣. គ្រួសារសពលោក យ៉ាត ស (សង្កាត់ផ្ទះព្រៃ)
៤. គ្រួសារសពលោក ជ្រៃ បាក់ (សង្កាត់ស្វាយអាត់)
៥. គ្រួសារសពលោកស្រី ឌុក សុខុន (សង្កាត់ព្រៃញី)

ជាកិច្ចឆ្លើយតប ក្រុមគ្រួសារសពទាំងអស់បានសម្តែងនូវក្តីរំភើបឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ផាយ ឡេង ក៏ដូចជាថ្នាក់ដឹកនាំសមាគម និងក្រុមការងារសាលាក្រុងទាំងអស់ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងជួយសម្រាលបន្ទុកគ្រួសារអតីតយុទ្ធជនបានទាន់ពេលវេលាបំផុត៕

ប្រភព÷រដ្ឋបាលក្រុងពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top