ថ្នាក់ដឹកនាំជាន់ខ្ពស់ចូលរួមសង្ក្រាន្តនៅខេត្តព្រះវិហារ នាំយកភាពកក់ក្តៅដល់ប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាព
ខេត្តព្រះវិហារ៖ មន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់ពីស្ថាប័នជាតិ និងរដ្ឋបាលខេត្ត បានចូលរួមអបអរសាទរកម្មវិធីសង្ក្រាន្តក្នុងខេត្តព្រះវិហារ ដោយផ្តោតលើការនាំយកក្តីសង្ឃឹម សាមគ្គីភាព និងភាពកក់ក្តៅទៅកាន់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលកំពុងស្នាក់នៅក្នុងមណ្ឌល សុវត្ថិភាពកម្មវិធីនេះត្រូវបានប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

លោក ហេង សុខណាង សមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមក្នុងកម្មវិធី «សង្ក្រាន្តវត្តកំពង់សង្កែ» ស្ថិតនៅឃុំកំពង់ស្រឡៅមួយ ស្រុកឆែប និង «សង្ក្រាន្តវត្តឧត្តរគិរីទួលអណ្តែត» ស្ថិតក្នុងឃុំថ្មី ស្រុកគូលែន។ ក្នុងបំណងលើកទឹកចិត្ត និងបង្កើនស្មារតីសាមគ្គីភាពរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ខណៈពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កំពុងត្រៀមមកដល់ក្នុងពេលឆាប់ៗខាងមុខ។

ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងរីករាយ មន្ត្រីថ្នាក់ដឹកនាំបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ជាមួយប្រជាពលរដ្ឋ ដូចជា ល្បែងបោះអង្គុញ ទាញព្រ័ត្រ និងល្បែងសប្បាយផ្សេងៗទៀត ដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ជាតិដ៏សម្បូរបែប។

លើសពីនេះ ពួកគេក៏បានចូលរួមពិសារ «នំបញ្ចុកសាមគ្គី» ជាមួយបងប្អូនប្រជាពលរដ្ឋ ដោយបង្កើតបរិយាកាសសាមគ្គីភាព និងស្នាមញញឹមយ៉ាងកក់ក្តៅ ដែលបញ្ជាក់ពីការភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងអាជ្ញាធរ និងសហគមន៍មូលដ្ឋាន។

លោក ពិសិដ្ឋ តំណាងប្រជាពលរដ្ឋកំពុង រស់នៅ ក្នុងមណ្ឌលសុវត្ថិភាពបានបង្ហាញការសប្បាយរីករាយ និងអំណរគុណចំពោះការយកចិត្តទុកដាក់ពីមន្ត្រីថ្នាក់ដឹកនាំ ដែលបានមកដល់ផ្ទាល់ ដើម្បីចែករំលែកអារម្មណ៍ស្និទ្ធស្នាល និងលើកទឹកចិត្តក្នុងឱកាសដ៏មានន័យនេះ។


លោកថា៖ កម្មវិធីសង្ក្រាន្តនេះ មិនត្រឹមតែជាការអបអរសាទរបុណ្យប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាបង្ហាញពីការរួមបញ្ចូលសង្គម ការថែរក្សាវប្បធម៌ និងការពង្រឹងសាមគ្គីភាពជាតិ ក្នុងបរិបទនៃការអភិវឌ្ឍន៍សង្គមជាបន្តបន្ទាប់៕



ដោយ៖ សួន ពិសិត|ព្រះវិហារ|ដើមអម្ពិល
