ព័ត៌មានជាតិ

សម្តេចធិបតី ស្នើមិត្តជប៉ុន គៀងករវិនិយោគខ្លួន មកដាក់ទុនបន្ថែម នៅស្វាយរៀង

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានស្នើឱ្យមិត្តជប៉ុន តាមរយៈ លោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជួយគៀងករអ្នកវិនិយោគ ខ្លួនមកបណ្តាក់ទុន នៅខេត្តស្វាយរៀងបន្ថែមទៀត ។

ក្នុងឱកាសអញ្ជើញ ចូលរួមពិធីសម្ពោធដាក់ ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា អភិបាលខេត្តស្វាយរៀង បានខិតខំថែទាំទាំង ផ្នែកបរិស្ថាន សណ្តាប់ធ្នាប់ សាធារណៈមានរបៀបរៀបរយ ។ ក្នុងនោះអភិបាលខេត្ត បានបង្កើតឱកាសវិនិយោគ សម្រាប់ជនបរទេសពីគ្រប់ជាតិសាសន៍ ដើម្បីដាក់ទុនវិនិយោគ នៅខេត្តស្វាយរៀងថែមទៀតផង។
ជាមួយនឹងការខិតខំប្រឹងប្រែង របស់អភិបាលខេត្តនេះ សម្តេចមហាបវរធិបតី តាមរយៈ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាជួយគៀងករក្រុមវិនិយោគជប៉ុនមកបណ្តាក់ទុននៅខេត្តស្វាយរៀង ក្រៅពីការបណ្តាក់ទុននៅខេត្តព្រះសីហនុ ។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា “សូមឯកឧត្តមជួយជំរុញឱ្យវិនិយោគជប៉ុនឱ្យច្រើន នៅខេត្តស្វាយរៀង ព្រោះរឿងនេះជាកង្វល់ ប៉ុន្តែឥឡូវអ្វីដែលយើងខិតខំធ្វើបានល្អ ។ សូមឱ្យខាងភាគីជប៉ុនដើម្បីយើងរួមគ្នា។ ការរៀបចំដើម្បីបង្កើតបរិស្ថាន ដើម្បីទាក់ទាញអ្នកវិនិយោគជប៉ុន ឱ្យមកកាន់បន្ថែម ។ ជប៉ុនបានយកចិត្តទុកដាក់ នៅខេត្តព្រះសីហនុធ្វើកិច្ចការមួយចំនួន ប៉ុន្តែខ្ញុំសូមឱ្យធ្វើម៉េចគិតគូ មកទិសខាងកើតហើយជំរុញឱ្យច្រើន”។
សម្តេចធិបតីក៏បានស្នើឱ្យអភិបាលខេត្តស្វាយរៀងថា បើអាចគួររៀបចំកន្លែងពិសេសណាមួយសម្រាប់ក្រុមអ្នកវិនិយោគជប៉ុន ដើម្បីទាក់ទាញវិនិយោគបន្ថែមទៀត ដើម្បីឱ្យខេត្តកាន់ តែមានការរីកចម្រើនបន្ថែម ជាពិសេសដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋនៅទូទាំងឱ្យកាន់តែប្រសើរឡើង៕

To Top