ព័ត៌មានជាតិ

សម្តេចធិបតី ៖ អភិបាលខេត្តនីមួយៗ មិនខំប្រឹងលើកខេត្តខ្លួនឯង គ្មានអ្នកណាជួយទេ

ស្វាយរៀង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់សារណែនាំ ដល់គណៈអភិបាលខេត្តទាំងអស់ ត្រូវចេះជំរុញលើកកម្ពស់សក្តានុពល របស់ខេត្តរៀងៗខ្លួន ដើម្បីប្រកួតប្រជែង និងទាកទាញការវិនិយោគ តាមរយៈការលុបបំបាត់ នូវបញ្ហាប្រឈម របស់វិនិយោគិន និងការរស់ប្រជាពលរដ្ឋ តួរយ៉ាងបញ្ហាសន្តិសុខ ។

ការណែនាំដល់អភិបាលខេត្តនីមួយៗ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ​ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្នុងក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោង ពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ចង់ឱ្យខេត្តនីមួយៗ ប្រកួតប្រជែង ធ្វើយ៉ាងណា ឱ្យមានកំណើន GDP ក្នុងខេត្តរបស់ខ្លួន កាន់តែកើនធំ ដែលការខិតខំទាំងនេះ នឹងហុចផលទៅដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាពលរដ្ឋទូទាំងប្រទេស ដែលមកធ្វើការនៅក្នុងខេត្តរបស់ខ្លួន ។

បន្ថែមលើនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអរគុណបន្ថែមទៀត ចំពោះការប្តេជ្ញាចិត្តរបស់ខេត្តនីមួយៗ ក្នុងការពង្រឹងខ្លួនឯង ដែលជាកិច្ចការសំខាន់ ក្នុងការទាកទាញវិនិយោគបន្ថែម ដើម្បីបង្កើននូវសក្តានុពល ទាញឱកាសដល់ពលរដ្ឋឱ្យបានច្រើន និងសូមឱ្យបន្តធ្វើតទៅទៀត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ” ហើយខ្ញុំសូមអរគុណ នៅក្នុងការជំរុញដល់ខេត្តនីមួយៗ អភិបាលខេត្តនីមួយៗ មិនខំប្រឹងលើកខេត្តខ្លួនឯង អត់មានពីណាជួយទេ អភិបាលខេត្តស្វាយរៀងជួយខេត្តស្វាយរៀង អភិបាលខេត្តព្រៃវែង គឺខេត្តព្រៃវែងគេជួយខេត្តព្រៃវែង​ អភិបាលខេត្តក្រចេះ គេជួយខេត្តក្រចេះ ។ រាជរដ្ឋាភិបាលជួយជារួម ប៉ុន្តែការប្រកួតប្រជែង និងការទាកទាញនេះ សូមបន្តនូវការធានា ការពង្រឹងបន្ថែម នូវសក្តានុពលរបស់ខេត្ត ការកសាងសមទ្ធផលបន្ថែមទៀត ការលុបបំបាត់នូវអ្វីដែលជាបញ្ហាប្រឈម សម្រាប់ការវិនិយោគ ការរស់នៅរបស់ប្រជាជន បញ្ហា​សន្តិសុខអ្វីផ្សេងៗ បង្កើតបរិស្ថានមួយដែលកាន់តែល្អប្រសើរ នេះហើយគឺជាអ្វីដែល គឺខេត្តនីមួយៗគឺសូមបន្ត”៕

To Top