ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ លើកទឹកចិត្តនិស្សិតជ័យលាភី ​អាហារូបករណ៍ របស់រាជរដ្ឋាភិបាលជប៉ុន MEXT ឱ្យពង្រឹងសមត្ថភាព និងបទពិសោធ ដើម្បីក្លាយជាមូលធនមនុស្ស ដ៏រឹងមាំរបស់កម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះ លោកស្រី​ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ របស់លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ណែនាំដល់និស្សិតជ័យលាភី អាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship 2026) ចំនួន ១២នាក់ ដែលត្រូវចេញ ទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សារយៈពេល ២ឆ្នាំ (២០២៦-២០២៨) នៅប្រទេសជប៉ុន នាដើមខែមេសា ខាងមុខនេះ។

ក្នុងជំនួបដ៏ស្និទ្ធស្នាលនោះ លោកស្រី​រដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តឱ្យយុវជនជ័យលាភីទាំងអស់ ចេះប្រើប្រាស់ «ឱកាសមាស» នេះឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីបង្ហាញពីសមត្ថភាព និងមោទនភាពជាតិខ្មែរ ក៏ដូចជាកសាងបណ្តាញ ទំនាក់ទំនងជាមួយយុវជន និងជនបរទេសក្នុងតំបន់ឱ្យបានកាន់តែល្អប្រសើរ។ លោកស្រី​បានគូសបញ្ជាក់ថា យុវជនកម្ពុជាបច្ចុប្បន្នមានឱកាសពេញលេញ ក្នុងការទទួលបានការអប់រំ និងជំនាញខ្ពស់ រហូតមានសមត្ថភាពអាច ឈរនៅលើឆាកអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយពីតថភាពពិតនៃកិច្ចអភិវឌ្ឍន៍ និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែបនៅកម្ពុជា ទៅកាន់មិត្តភក្តិ និងអ្នកវិនិយោគបរទេសផងដែរ។

ទន្ទឹមនឹងនេះ លោកស្រី​ក៏បានរំលេចពីបេសកកម្ម ដ៏សំខាន់របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុង ខិតខំសម្រេច ឱ្យបាននូវគោលដៅ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ជាពិសេសការការពារសិទ្ធិ និងអត្ថប្រយោជន៍ ជូនបងប្អូនកម្មករនិយោជិត របបសន្តិសុខសង្គម និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ។

ក្រសួងក៏បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ រួមទាំងពលករវិលត្រឡប់ពីប្រទេសថៃ និងបងប្អូនដែលរងគ្រោះដោយសារការឈ្លានពានពីសំណាក់យោធាថៃ តាមរយៈយន្តការទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងប្រព័ន្ធទូរស័ព្ទ Hotline ១២៩៧ ដើម្បីសម្រួលដល់ការ ស្វែងរកការងារធ្វើ និងការចុះឈ្មោះចូលរៀនជំនាញ វិជ្ជាជីវៈឱ្យកាន់តែមានភាពងាយស្រួល។

ជាមួយគ្នានេះដែរ លោកស្រី​បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា និស្សិតទាំងអស់នឹងទទួលបានជោគជ័យក្នុងកម្មវិធីសិក្សា MEXT នេះ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធថ្មីៗ វិលត្រឡប់ មកមាតុប្រទេសវិញ ក្នុងនាមជាមូលធនមនុស្សកម្ពុជា ប្រកបដោយថាមពល និងថាមវន្ត សម្រាប់យកមកប្រើប្រាស់ក្នុងមុខរបររៀងៗខ្លួន និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ៕

To Top