ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ ៖ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាសំណុំរឿងអាទិភាពថ្មី មួយបន្ថែមទៀត

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានលើកឡើងថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាសំណុំរឿងអាទិភាពថ្មីមួយបន្ថែមទៀតសម្រាប់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសន្និបាតបូកសរុបការងារ និងលើកទិសដៅរបស់ក្រសួងយុត្តិធម៌ បានបង្ហាញថា ផ្អែកតាមការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងបណ្តាញទំនាក់ទំនងសង្គមក្នុងសម័យទំនើប “ឧក្រិដ្ឋកម្មឆបោកឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យា” បានក្លាយជាបញ្ហាប្រឈម និងក្តីកង្វល់រួមថ្មី មួយសម្រាប់កម្ពុជា តំបន់ និងពិភពលោក ។

ប្រភពបន្តថា ឧក្រិដ្ឋកម្មនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ខ្លាំងដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់កេរ្តិ៍ឈ្មោះ មុខមាត់ និងសេចក្តី ថ្លៃថ្នូររបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ ព្រមទាំងធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់វិស័យ ទេសចរណ៍ ការវិនិយោគ និងវិស័យសេដ្ឋកិច្ចកម្ពុជា ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង បញ្ជាក់បន្ថែមថា ដើម្បីអនុវត្តការប្តេជ្ញាចិត្តដ៏មោះមុតខាងនយោបាយ របស់រាជរដ្ឋាភិបាល គណៈបញ្ជាការដឹកនាំយុទ្ធនាការ បានកំណត់យកសំណុំរឿងពាក់ព័ន្ធ នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាសំណុំរឿងអាទិភាពថ្មីមួយបន្ថែមទៀត សម្រាប់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹង ការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ផ្អែកតាមស្មារតីនេះ, អង្គសន្និបាតបានគាំទ្រ និងប្តេជ្ញាអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងម៉ឺងម៉ាត់ ប្រកបដោយឆន្ទៈមោះមុត, ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ក្នុងចំណាត់ការលើសំណុំរឿង ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសំណុំរឿងសម្អាតប្រាក់ពាក់ ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

សេចក្តីប្រកាសព័ត៌មានសង្កត់ធ្ងន់ថា ដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិបង្កឡើងដោយឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មឆបោកក្នុងសម័យទំនើបមួយនេះ ដែលមានបណ្តាញប្រទាក់ក្រឡាគ្នាពីប្រទេសមួយទៅប្រទេសមួយ, រាជរដ្ឋាភិបាលបានចាត់វិធានការមុតស្រួច ជាបន្តបន្ទាប់ដើម្បីប្រយុទ្ធប្រឆាំង និងបានកំណត់ការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៕

To Top