ក្រុមហ៊ុនអ្នកជម្រះបញ្ជីប្រកាសចាប់ផ្តើមផ្តល់សំណងជូនអតិថិជនធនាគារ ផេនដា ខមមើសល ប៊ែង Panda Commercial Bank
ភ្នំពេញ៖ ក្រុមហ៊ុន ម៉ូរីសិនកាក់ អិមខេអេ អឌីត-អីខោនធីង ឯ.ក Morisonkak MKA ដែលជាអ្នកជម្រះបញ្ជីផ្លូវការ ត្រូវបានតែងតាំងដោយធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការចាប់ផ្តើមផ្តល់សំណងជូនដល់អ្នកដាក់ប្រាក់បញ្ញើរបស់ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក Panda Commercial Bank ចាប់ពីដើមខែមេសា ឆ្នាំ២០២៦ ខាងមុខនេះតទៅ។

យោងតាមសេចក្តីជូនដំណឹងដែល បានចេញផ្សាយ ការសម្រេចផ្តល់សំណងនេះធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីសម្រាលបន្ទុកដល់អ្នកដាក់ប្រាក់បញ្ញើ ខណៈដែលដំណើរការជម្រះបញ្ជីទ្រព្យសម្បត្តិធនាគារកំពុងបន្តអនុវត្តជាជំហានៗ។

កាលបរិច្ឆេទ និងទីកន្លែងទទួលសំណង
អតិថិជនដែលមានបំណងទទួលសំណង ត្រូវអញ្ជើញទៅកាន់ការិយាល័យធនាគារដែលមានទីតាំងស្ថិតនៅ អាសយដ្ឋាន៖ ផ្ទះលេខ ៦២ ផ្លូវលេខ ៤៥៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ កាលបរិច្ឆេទចាប់ផ្តើម ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ជាកំហិត។
អតិថិជនត្រូវភ្ជាប់មកជាមួយនូវរាល់ឯកសារពាក់ព័ន្ធនឹងការដាក់ប្រាក់បញ្ញើទាំងអស់។
យន្តការនៃការទូទាត់សំណង
ការផ្តល់សំណងនឹងត្រូវធ្វើឡើងតាមរយៈវិធីសាស្ត្រចំនួនពីរ រួមមាន៖
- ការផ្ទេរតាមគណនីធនាគារ៖ សម្រាប់អ្នកដាក់ប្រាក់ដែលបានផ្តល់ព័ត៌មានគណនីធនាគារត្រឹមត្រូវរួចរាល់។
- ការផ្តល់សំណងដោយផ្ទាល់៖ ធ្វើឡើងនៅការិយាល័យធនាគារផ្ទាល់ សម្រាប់អ្នកដែលមិនទាន់បានផ្តល់ព័ត៌មានគណនី។
ការអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់
ទន្ទឹមនឹងការប្រកាសផ្តល់សំណងនេះ អ្នកជម្រះបញ្ជីក៏បានដាស់តឿនដល់សាធារណជន ជាពិសេសអតិថិជនរបស់ធនាគារ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបោកប្រាស់ពីសំណាក់ជនខិលខូច ដែលអាចអះអាងថាអាចជួយសម្របសម្រួលឱ្យទទួលបានសំណងលឿន ឬទាមទារកម្រៃសេវាផ្សេងៗ។
ក្រុមហ៊ុនបញ្ជាក់ថា មានតែក្រុមហ៊ុន ម៉ូរីសិនកាក់ អិមខេអេ តែមួយគត់ដែលមានសិទ្ធិស្របច្បាប់ក្នុងការចាត់ចែងទ្រព្យសម្បត្តិ និងបំណុលរបស់ធនាគារ ផេនដា ខមមើសល ប៊ែង។

ដោយ៖ សយ រិទ្ធី
