ព័ត៌មានជាតិ

បណ្តាស្ថានទូតនៅកម្ពុជា ស្វាគមន៍ការលើកលែងទោស លោក កឹម សុខា

ភ្នំពេញ ៖ បណ្តាស្ថានទូតបរទេសប្រចាំកម្ពុជា ស្វាគមន៍ចំពោះការលើកលែងទោស លោក កឹម សុខា ហើយថា នេះគឺជាសញ្ញាវិជ្ជមានដ៏ល្អមួយ ។

ស្ថានទូតទាំងនោះរួមមាន ៖ អាមេរិក បារាំង ជប៉ុន សហភាពអឺរ៉ុប អាល្លឺម៉ង់ អង់គ្លេស និងអូស្ត្រាលី ។

សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានអះអាងថា ការលើកលែងទោសលោក កឹម សុខា គឺជាការវិវឌ្ឍវិជ្ជមានមួយ ។ សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅភ្នំពេញ ស្តីពីលើកលែងទោស លោក កឹម សុខា បានបង្ហោះផ្សព្វផ្សាយនៅលើគេហទំព័រហ្វេសប៊ុក របស់ខ្លួននៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦បានឱ្យដឹងថា សហរដ្ឋអាមេរិកស្វាគមន៍ពីដំណឹងនៃការលើកលែងទោស លោក កឹម សុខា។ ការលើកលែងទោសលោក គឺជាការវិវឌ្ឍវិជ្ជមានមួយ ។

សម្រាប់សេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង បានឱ្យដឹងដែរ ប្រទេសបារាំងគោរព ចំពោះការផ្តល់ការលើកលែងទោសមួយ ផ្នែកជូនដល់លោក កឹម សុខា ។ ប្រទេសបារាំងក៏រំលឹកឡើងវិញអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនីតិរដ្ឋ និងពហុបក្សប្រជាធិបតេយ្យ ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោក ។

ស្ថានទូតជប៉ុន បង្ហាញចំណាប់អារម្មណ៍ថា សេចក្តីសម្រេចនាពេលថ្មីៗនេះ ក្នុងការលើកលែងទោសលោក កឹម សុខា គឺជាផ្នែកមួយ នៃការវិវឌ្ឍវិជ្ជមានចំពោះសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា ស្វាគមន៍ចំពោះជំហាននេះ និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានភាពជុំវិញ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជប៉ុនក៏នឹងបន្តផ្តល់ការគាំទ្រ យ៉ាងមុតមាំសម្រាប់ការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។

ចំពោះសហភាពអឺរ៉ុប អាល្លឺម៉ង់ អង់គ្លេស និងអូស្ត្រាលីក៏បានបង្ហាញខ្លឹមសារស្រដៀងទៅនឹងស្ថានទូត អាមេរិក បារាំង និងជប៉ុនដែរថា ជាសញ្ញាល្អមួយ។

សូមបញ្ជាក់ថា លោក កឹម សុខា ដែលតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២៧ឆ្នាំ ត្រូវបានលើកលែងទោស តាមរយៈព្រះរាជក្រឹត្យ ព្រះករុណា ព្រះមហាក្សត្រកម្ពុជាដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា៕

To Top