រដ្ឋមន្រ្តី ហេង សួរ អញ្ជើញជួបពិភាក្សា ការងារទ្វេភាគី ជាមួយអគ្គនាយកអង្គការ ILO នៅក្នុងសន្និសីទអន្ដរជាតិខាងការងារលើកទី ១១៤ នៅប្រទេសស្វ៊ីស
ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ៖ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សា ការងារជាមួយលោក Gilbert F. Houngbo អគ្គនាយក នៃអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងពេលកិច្ចប្រជុំនៃសន្និសីទអន្ដរជាតិ ខាងការងារលើកទី ១១៤ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារ ពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងកំពុងអនុវត្ត ក៏ដូចជាពិភាក្សាពីទំនើបកម្ម TVET ព្រមទាំងកិច្ចគាំពារកម្មករនិយោជិត និងពលករកម្ពុជា។

នាឱកាសនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ យ៉ាងក្រៃលែង ក៏ដូចជាបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនៃភាពជាដៃគូ ដ៏យូរអង្វែងប្រកបដោយចីរភាពរវាងអង្គការ ILO និងប្រទេសកម្ពុជា ដោយលោកបានលើកឡើងពីវិស័យសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ រួមមាន៖ កម្មវិធីការងារសមរម្យប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-Better Factories Cambodia) កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី ៣ (DEY III) និងគម្រោងកាតាលីករសកល (Global Accelerator-GA) ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ។

ជាមួយនឹងការប្តេជ្ញាចិត្តជាថ្មីរបស់កម្ពុជា ចំពោះការអនុវត្ត កម្មវិធីការងារសមរម្យប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨ (DWCP) ដែលជាកម្មវិធីគោលនយោបាយ ស្នូលមួយដ៏សំខាន់ សម្រាប់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព លោក ហេង សួរ បានគូសបញ្ជាក់ថា គម្រោង ILO-BFC គឺជាសក្ខីកម្ម នៃការចូលរួមរបស់កម្ពុជាជាមួយបទដ្ឋានអន្តរជាតិការងារ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីគម្រោងកាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ដោយលោករដ្ឋមន្រ្តី បានលើកឡើងពីស្ថានភាពរបស់កម្ពុជា ដែលជាប្រទេសត្រួសត្រាយផ្លូវ (Pathfinder Country) ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសគោលដៅទី៨ ស្តីពីការងារសមរម្យ និងកំណើនសេដ្ឋកិច្ច។ លោកក៏បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់លោកអគ្គនាយក ក្នុងការបំពេញបេសកកម្ម និងអាណត្តិរបស់អង្គការ ILO ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ នៃអនាគតការងារ។

ជាការឆ្លើយតបលោក Gilbert F. Houngbo បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏សកម្មរវាងកម្ពុជា និងអង្គការ ILO ដោយលោកបានកត់សម្គាល់ពីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសការលើកកម្ពស់ការងារសមរម្យ ការគាំពារសង្គម ការអភិវឌ្ឍជំនាញ និងកិច្ចសន្ទនាសង្គមជាដើម។ លោកក៏បានស្វាគមន៍ចំពោះតួនាទីរបស់កម្ពុជា ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ នៃគំនិតផ្តួចផ្តើម កាតាលីករសកល ស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ ហើយបានបញ្ជាក់ពីការបន្តគាំទ្ររបស់ ILO ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសគោលដៅទី ៨ ស្តីពីការងារសមរម្យ និងកំណើនសេដ្ឋកិច្ច។
ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងកម្ពុជា និង ILO ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗនៃអនាគតការងារ ការផ្លាស់ប្តូរបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ការប្រែប្រួលអាកាសធាតុ និងការធានាឱ្យមានកំណើនប្រកបដោយបរិយាបន្ន និងចីរភាពសម្រាប់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា លោក ហេង សួរ កំពុងដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមសន្និសីទអន្ដរជាតិខាងការងារលើកទី ១១៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះចាប់ផ្តើមពីថ្ងៃទី១ ដល់ទី១២ ខែមិថុនា ឆ្នាំ២០២៦ ដែលមានការអញ្ជើញ ចូលរួមពីគណៈប្រតិភូ ត្រីភាគីនៃរដ្ឋសមាជិក រួមមានតំណាងរដ្ឋាភិបាល, តំណាងនិយោជក, និងតំណាងកម្មករនិយោជិត ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត៕
