DAP News
Feature

អគ្គនាយក ARDB ជំរុញកសិករមកពីបណ្តាឃុំ ស្ថិតនៅស្រុកដងទង់ ក្រឡេកមកមើលនូវការធ្វើកសិកម្ម តាមបែបបច្ចេកវិទ្យាទំនើបវិញ

កំពត ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញ កសិករតេជោ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាកសិករនៅស្រុកដងទង់ ខេត្តកំពត។

ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពី លោក ចាន់ ថា អភិបាលរងខេត្តកំពត និងលោក ឈួន ថាន អភិបាលស្រុកដងទង់ ព្រមទាំងមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុហត្ថស្រុក ការិយាល័យជំនាញជុំវិញស្រុក មន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេឃុំ មន្ត្រីកសិកម្ម ព្រមទាំងប្រជាកសិករស្រុកដងទង់ ប្រមាណ ៣០០នាក់។

ក្នុងពិធីសំណេះសំណាលនេះ លោកបណ្ឌិត បានជំរុញឱ្យកសិករមកពីបណ្តាឃុំ ដែលស្ថិតនៅក្នុង ស្រុកដងទង់ គួរគិតគូរពិចារណាចងក្រង ជាក្រុមនៅក្នុងការធ្វើរបរកសិកម្ម និងគិតគូរឱ្យបានច្បាស់អំពីការធ្វើកសិកម្មដើម្បីជារបរបានចំណេញ និងកសិកម្មតាមលក្ខណៈគ្រួសារ។

លើសពីនេះទៅទៀត លោកមបណ្ឌិតប្រតិភូ ក៏បានឱ្យកសិករគិតគូរអំពីទម្លាប់ការធ្វើកសិកម្មតាមបែបប្រពៃណី ដែលប្រើកម្លាំងមនុស្សច្រើន និងចាយពេលវេលាយូរនៅក្នុងការបង្កបង្កើនផលិតផលកសិកម្ម ដោយក្រឡេកមកមើលនូវការធ្វើកសិកម្មតាមបែបបច្ចេកវិទ្យាទំនើបវិញ ដែលអាចជួយសម្រួលដល់ការធ្វើកសិកម្មសម័យថ្មី។

បន្ថែមពីលើនេះ លោកបណ្ឌិត បានផ្តល់នូវធាតុចូលជូនដល់ប្រជាកសិករ អំពីបញ្ហាប្រឈម និងគន្លឹះដោះស្រាយដែលអាចឱ្យកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។ ចំពោះបញ្ហាប្រឈម ដែលប្រជាកសិករតែងតែជួបប្រទះនោះមានបីសំខាន់ៗ គឺ៖ (១) បញ្ហារឿងទុនសម្រាប់ធ្វើ ឬផលិតផលកសិកម្ម (២) បញ្ហាបច្ចេកទេសក្នុងការផលិត ដែលរួមមានការប្រើប្រាស់ជី និងថ្នាំ ឬបច្ចេកទេសសម្រាប់ការចិញ្ចឹមសត្វ បញ្ហាបង្កបង្កើនផលបានហើយខ្វះទីផ្សារសម្រាប់លក់ ដោយបញ្ហានេះត្រូវកំណត់ជាមុននៅផលិតផល ដែលមានទីផ្សារមុននឹងសម្រេចចិត្តបង្កបង្កើនផល និង (៣) គឺបញ្ហាថ្លៃដើមសម្រាប់ផលិត ដែលថ្លៃដើមផលិតនេះ គឺជាការកំណត់នូវការខាត ឬចំណេញរបស់កសិករ នៅក្នុងការធ្វើកសិកម្ម។

នៅចុងបញ្ចប់នៃពិធីសំណេះសំណាលដ៏មានអត្ថន័យនេះ លោកបណ្ឌិត កៅ ថាច បានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងគោលបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជា៖ (១) ស្ពានស្វែងរកប្រភពហិរញ្ញវត្ថុ ការទទួលបាននូវបច្ចេកទេស និងព័ត៌មានថ្មីៗ ចម្លងសំឡេង និងក្តីបារម្ភពីប្រជាកសិករជូនថ្នាក់ដឹកនាំ និងជាស្ពានតភ្ជាប់ទៅកាន់ឱកាសផ្សេងទៀត និង(២) ឆ័ត្រ ឬខែល សម្រាប់កសិករជ្រក ពោលគឺចូលរួមការពារភាពត្រឹមត្រូវ ឬស្របច្បាប់របស់កសិករ ឬការពារពីការរំលោភបំពាន និងកេងចំណេញលើកសិករ៕

To Top