សម្តេចធិបតី៖ កម្ពុជា ប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហការ ក្នុងក្របខ័ណ្ឌ កម្ពុជា-វៀតណាម និងក្របខ័ណ្ឌ កម្ពុជា-ឡាវ-វៀតណាម
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ កម្ពុជា-វៀតណាម និងក្របខ័ណ្ឌ កម្ពុជា-ឡាវ-វៀតណាម ដើម្បីជាប្រយោជន៍ដល់ប្រជាជន ។

ការគូសបញ្ជាក់របស់សម្តេចធិបតី ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក តូ ឡឹម (To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអគ្គលេខាធិការបក្ស កុម្មុយនីស្តវៀតណាម ក្នុងអំឡុងបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅវៀតណាម នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ ប្រធានរដ្ឋវៀតណាម បានរំលឹកឡើងវិញ នូវលទ្ធផលប្រកបដោយផ្លែផ្កា នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ខ្លួននៅកម្ពុជា និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណបក្ស នៅប្រទេសកម្ពុជា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។

លោក តូ ឡឹម ក៏បានគូសបញ្ជាក់ពីការគាំទ្រ ដល់ការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម-ឡាវ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ក៏ដូចជាបន្តធ្វើការរួមគ្នា ក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ ដើម្បីរួមចំណែករក្សាសន្តិភាព និងសន្តិសុខ។

ជាការឆ្លើយតប សម្ដេចធិបតិ បានសម្ដែងការរីករាយ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនជាលំដាប់ នៃទំនាក់ទំនងជាប្រពៃណីកម្ពុជា-វៀតណាម ទោះបីជាពិភពលោក មានការប្រែប្រួលឆាប់រហ័ស និងប្រឈមមុខនឹងភាពមិនប្រាកដប្រជាក៏ដោយ។

ក្នុងន័យនេះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ កម្ពុជា-វៀតណាម និងក្របខ័ណ្ឌ កម្ពុជា-ឡាវ-វៀតណាម ដើម្បីជាប្រយោជន៍ ដល់ប្រជាជននៃប្រទេសនីមួយៗ។

បន្ថែមលើនេះ សម្ដេចធិបតី និងប្រធានរដ្ឋវៀតណាម ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាពិសេសយុវជន ៕
