Feature

សិស្ស NPIC មានសមត្ថភាព​ផលិតរ៉ូបូត​ ដឹកជញ្ជូន​ដើរ​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ប្រើប្រាស់​ក្នុងវិស័យ​រោង​ចក្រ និង​ឧស្សាហ​កម្ម​នៅ​កម្ពុជា

ភ្នំពេញ៖ យុវ​ជនកម្ពុជា ​ដែល​កំពុង​សិក្សា​​ជំនាញ​​ វិស្វ​កម្ម​​ទូរគ​មនា​​គមន៍ នៅ​វិទ្យា​ស្ថា​នជាតិ​ពហុ​បច្ចេក​ទេស​កម្ពុ​ជា​(NPIC) នៃក្រ​សួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្ហាញ​​ស្នាដៃ​ថ្មីមួយ​ គួរឱ្យចា​​ប់​អារម្មណ៍ គឺ​ឧបក​​រ​ណ៍​ផ​លិតរ៉ូបូត​ដឹកជញ្ជូន​ដើរដោ​យស្វ័​យប្រវត្តិ ដើម្បី​ប្រើ​ប្រា​ស់​ក្នុងវិស័យរោងចក្រ និងឧស្សាហកម្មនៅកម្ពុជា។

យុវជន ម៉េង ដេវីត ជាសិស្សកំពុង​សិក្សា​ជំនាញ​វិស្វ​កម្ម​មេ​កា​និក នៅវិទ្យាស្ថាន NPIC បានថ្លែងថា រ៉ូបូត​ដឹក​ជញ្ជូន​ដើរ​ដោយ​ស្វ័យ​ប្រវត្តិ​នេះ អាចប្រើ​ប្រាស់​ក្នុង​ការ​ដឹក​ជញ្ជូន​សម្ភារៈ ដឹក​ឯក​សារ សម្ភារៈ​ការិយា​ល័យ​ក្នុង​អគារ ឬក្រុ​ម​ហ៊ុនធំៗ ដឹកម្ហូបអាហារ និងភេសជ្ជៈ​នៅក្នុង​ភោជ​នីយ​ដ្ឋាន​ផង​ដែរ។

យុវជនរូបនេះ​បន្តថា រ៉ូបូតដឹក​ជញ្ជូន​ដើរដោយ​ស្វ័យ​ប្រវត្តិ​នេះ ត្រូវបាន​បំពាក់​ប្រព័ន្ធ​ចលនា​ជារបៀប​ឌីផេរ៉ង់​ស្យែល ដែល​មាន​កង់​បើក​ប​រចំនួនពីរ និងកង់​ជំនួយ​ចំនួន​ពីរស​ម្រា​ប់រ​ក្សាលំនឹង ។ ឧបករណ៍នេះ ក៏បានបំពា​ក់កុំព្យូទ័​រដែ​ល​មាន​ខួរ​ក្បាល Jetson Orin Nano ប្រើ​សម្រាប់​ដំណើរ​ការ​ទិ​ន្ន​ន័យ ដើម្បី​អាច​បញ្ជា​ឱ្យធ្វើ​សក​ម្មភាព​បាន។

សម្រាប់ចំណង់ចំណូលចិត្ត​នៃការ​បង្កើតឧ​បករ​ណ៍នេះ យុវ​ជន ដេវីត បាន​បញ្ជាក់ថា៖«ខ្ញុំមាន​បំណង​ចង់សម្រួល​ការប្រើប្រាស់​កម្លាំង​ពលកម្ម​នៅក្នុង​ក្រុមហ៊ុ​ន រោង​ចក្រ សហ​គ្រាស និង​ភោជ្ជ​នីយដ្ឋាន ព្រោះ​រ៉ូបូត​នេះ អាចដឹក​ជញ្ជូន​សម្ភារៈ​ទៅត​ម្រូវ​ការ ហើយក៏ចង់​បង្ហាញពីស​មត្ថ​ភាព​កូនខ្មែ​រយើងក៏អាចធ្វើដូ​ចបរទេសដែរ»។

ចំពោះ​មិត្តក្រុមម្នាក់ទៀត​ឈ្មោះ ស្មាន អាប់ឌុ​ល​ឡាហ្សីក ក៏រៀនជំ​នាញ​វិស្វក​ម្មមេ​កានិក នៅវិទ្យា​ស្ថាន NPICដែរ បាន​និយាយ​ថា រ៉ូបូត​នេះ មានសមត្ថភាព​ដឹកនាំជញ្ជូ​នស​ម្ភា​រៈដោយ​ស្វ័យប្រ​វត្តិទៅដ​ល់ទី​តាំង​ដែល​បានកំ​ណ​ត់នៅ​ក្នុង​ប្រ​ព័ន្ធទិន្ន័យរប​ស់វា។ រ៉ូបូ​តនេះ ត្រូវបានបំ​ពាក់កា​មេរ៉ា RealSense D455f និងសេនស័រ IMU ដើម្បីអាចចាប់ ឬផ្ដល់រូបភាព​ក្នុងកម្រិតគុណ​ភាព​ខ្ពស់ ព្រម​ទាំងអា​ច​គេចចេញ​​វត្ថុនានា​ដែលនៅខាងមុខវាផងដែរ។

យុវជនរូ​បនេះបញ្ជា​ក់ថា៖«រ៉ូបូតនេះ ក៏មាន​បំពាក់​ដោយ​សេប​ស័​រប្រ​ភេទ SL LIDAR ដែល​​អាច​ចា​ប់​សញ្ញា​នៅជុំវិ​ញ​ខ្លួន​រប​ស់វា ដើម្បីវាស់​ចម្ងាយ​គោល​ដៅដែ​លវាត្រូវទៅ ស្វែងរក​ឧបសគ្គ គេចចេញ​ពី​ឧបសគ្គ និងជួយ​បង្កើតប្លង់​ផ្សេង​ៗនៅ​ជុំ​វិញខ្លួ​នរបស់វា។ ឧបករណ៍​នេះ ពិតជាមាន​សារៈ​សំខាន់ខ្លាំ​ងណាស់ស​ម្រាប់ប្រើ​ប្រា​ស់ក្នុង​វិស័យ​ដឹក​ជ​ញ្ជូន»។

លោក ស៊ុន មេសា អ្នកនាំ​ពាក្យក្រសួ​ង​ការ​ងារ និងបណ្តុះ​បណ្តា​ល​វិជ្ជាជីវៈ បាន​ថ្លែង​ថា ឧបករណ៍នេះពិត​ជាសំខាន់​ខ្លាំង​ណាស់សម្រាប់​ប្រើ​ប្រាស់​ក្នុងវិស័​យដឹ​កជញ្ជូន។ ប​ន្ថែ​មពី​នេះ ឧបករណ៍នេះ​អាចយក​ទៅប្រើប្រា​ស់បានទូ​លំ​ទូលា​​យនៅតាមរោ​ងចក្រ សហ​គ្រាស ស្ថាប័ន​សាធារណៈ ឬទី​តាំ​ងផ្សេ​ងៗផងដែរ ។​

លោកបញ្ជាក់ថា៖«ស្នាដៃ​នេះ ជាភ​ស្តុ​តាងប​ង្ហាញ​ពីសម​ត្ថ​ភាព​របស់យុ​វជន​កម្ពុជា ក្នុងកា​របង្កើត និងអភិវឌ្ឍ​បច្ចេក​វិទ្យា​ដោយខ្លួ​នឯង ដោ​យមិន​ចាំបាច់ពឹងផ្អែ​កទាំង​ស្រុង​លើប​ច្ចេកវិទ្យាប​រទេស។ ស្នា​ដៃរបស់​សិស្ស NPIC មាន​ច្រើ​នប្រ​ភេ​​ទដែលបាន​បង្ហាញថា​ ការបណ្តុះបណ្តា​លជំនា​ញ​បច្ចេក​ទេស និ​ងវិជ្ជាជីវៈ កំពុងរួមចំណែ​កបង្កើត​ធនធា​នមនុ​ស្សដែ​លមានសមត្ថភាព​ឆ្លើយតបនឹ​ងតម្រូវការ​បច្ចេក​វិទ្យា​ទំនើ​ប និងការអភិវឌ្ឍឧ​ស្សាហកម្មនៅ​កម្ពុជា​»៕

To Top