វត្ថុបុរាណខ្មែរចំនួន២ បន្ថែមទៀត ពីសារមន្ទីរសិល្បៈមេក្រូប៉ូលីតាន នៅទីក្រុងញូវយ៉ក នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា វត្ថុបុរាណខ្មែរ ចំនួនពីរ បន្ថែមទៀត ពីសារមន្ទីរសិល្បៈ មេក្រូប៉ូលីតាន (Metropolitan Museum of Art) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ម៉ានហាតាន (Manhattan District Attorney) បានរឹបអូសពីសារមន្ទីរសិល្បៈមេគ្រូប៉ូលីតាន។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួងវប្បធម៌ នៅថ្ងៃទី១០ មិថុនា បានបញ្ជាក់ថា ពិធីប្រគល់-ទទួលជាផ្លូវការ នូវវត្ថុបុរាណទាំងពីរនេះ នឹងប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ាន់ហាតាន ទីក្រុងញូវយ៉ក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ។ សូមជម្រាបថា កាលពីខែធ្នូ ឆ្នាំ២០២៣ សារមន្ទីរសិល្បៈមេគ្រូប៉ូលីតាន បានប្រគល់វត្ថុបុរាណខ្មែរ ចំនួន១៤រូប ជូនមក កម្ពុជាវិញ បន្ទាប់ពីមានការចរចាជាច្រើនឆ្នាំមក។
វត្ថុបុរាណទាំងពីរនេះរួមមាន៖ (១) ផ្តែរធ្វើពីថ្មភក់ មានចម្លាក់រូបរាហូ (ព្រះកាល) សម័យមុនអង្គរ ចន្លោះសតវត្ស ទី៧ ឬទី៨ គ.ស. និង (២) បដិមាធ្វើពីថ្មភក់ (អាចសម្គាល់ជារូបអសុរ ហិរណ្យកសិពុ) សម័យអង្គរ សតវត្សទី១០ ដែលមានប្រភពដើមមកពីប្រាសាទចិន ក្នុងតំបន់កោះកេរ។
អង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ នៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់មានហាតាន បានផ្តល់ភស្តុតាងទៅ សារមន្ទីរសិល្បៈមេគ្រូប៉ូលីតាន ដោយបញ្ជាក់ថា វត្ថុបុរាណទាំងពីរនេះពាក់ព័ន្ធនឹងបណ្តាញជួញដូររបស់អ្នកស្រី Nancy Wiener ។ បន្ទាប់ពីបានពិនិត្យលើឯកសារភស្តុតាង សារមន្ទីរសិល្បៈមេគ្រូប៉ូលីតាន បានយល់ព្រមប្រគល់វត្ថុ បុរាណទាំងពីរត្រឡប់មកកម្ពុជាវិញ តាមការស្នើរបស់ការិយាល័យរដ្ឋអាជ្ញាប្រចាំ សង្កាត់ម៉ានហាតាន ។ ការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាន គឺជាដៃគូដ៏ជិតស្និទ្ធជាមួយកម្ពុជា ក្នុងកិច្ចការស្រាវជ្រាវ និងទាមទារបញ្ជូនវត្ថុបុរាណខ្មែរត្រឡប់មកវិញ ។
ក្នុងរយៈពេលជាងមួយ ទសវត្សរ៍កន្លងមកនេះ ដំណើរការស៊ើបអង្កេត ស្វែងរកភស្តុតាងរបស់អង្គភាព ប្រឆាំងការជួញដូរវត្ថុបុរាណ ពាក់ព័ន្ធនឹងបណ្តាញរបស់អ្នកស្រី Wiener និងរចនាសម្ព័ន្ធ ជួញដូរទ្រង់ទ្រាយធំ ដែលក្នុងនោះមាន អ្នកស្រី Wiener រួមទាំងលោក Douglas Latchford និងក្រុមហ៊ុន Spink & Son បានឈានដល់ការបញ្ជូនវត្ថុបុរាណខ្មែរជាច្រើនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ អ្នកស្រី Nancy Wiener ត្រូវបាន កាត់ទោសពីបទជួញ ដូរវត្ថុបុរាណដោយខុសច្បាប់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្តែងនូវការដឹងគុណដល់លោក Attorney Alvin Bragg រដ្ឋអាជ្ញា ប្រចាំសង្កាត់ម៉ានហាតាន និងអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ ជាពិសេស លោក Matthew Bogdanos ជំនួយការ រដ្ឋអាជ្ញា និងក្រុមការងារស៊ើបអង្កេត ចំពោះការបន្តប្តេជ្ញាចិត្តលើគោលការណ៍ដែលថា ការជួញដូរសម្បត្តិវប្បធម៌ដែលត្រូវ បានគេលួច មិនត្រឹមតែជាបទឧក្រិដ្ឋប្រឆាំងនឹងប្រទេសដើមនៃវត្ថុទាំងនោះទេ ប៉ុន្តែជាបទឧក្រិដ្ឋក្រោមច្បាប់នៃរដ្ឋញូវយ៉ក ផងដែរ៕
