ក្រុមប្រឹក្សារាជធានី៖ ក្រៅពីបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាបានល្អហើយ រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តការងារស្តារលូ ប្រឡាយព្រមៗគ្នា
ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា ក្រៅពីរក្សាសន្តិសុខ និងបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) បានល្អហើយ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអនុវត្តការងារស្តារលូ ប្រឡាយ ព្រមៗគ្នា ដែលសង្ឃឹមថា ឆ្នាំនេះ នឹងមិនមានការលិចលង់ ដោយជំនន់ទឹកភ្លៀងទេ ។

ការលើកឡើងរបស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ ខាងលើនេះធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាថ្ងៃទី១១ មិថុនា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីតំណាងនិងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ជួប ខុន បានគូសបញ្ជាក់ថា ក្រុមប្រឹក្សារាជធានីភ្នំពេញ សូមកោតសរសើរនិងគាំទ្រយ៉ាងពេញទំហឹង ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និងការដឹកនាំលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានធ្វើឱ្យរាជធានីភ្នំពេញ រក្សាបានសន្តិសុខយ៉ាងល្អប្រសើរ ពិសេសលើការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ដោយទាំងប៉ូលីស កងរាជអាវុធហត្ថ អាជ្ញាធរខណ្ឌ និងអាជ្ញាធរសង្កាត់ទាំងអស់ សហការគ្នាយ៉ាងស្អិតរមួត អនុវត្តព្រមៗគ្នាតែម្តង ដើម្បីឈានទៅលុបបំបាត់ ឱ្យអស់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ពីក្នុងមូលដ្ឋាន។

លោក ជួប ខុន បញ្ជាក់ថា ក្រៅពីរក្សាសន្តិសុខ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)បានល្អហើយ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់ ក៏បានអនុវត្តការងារ ស្តារ លូ ប្រឡាយ ព្រមៗគ្នា ដែលសង្ឃឹមថា ឆ្នាំនេះនឹងមិនមានការលិចលង់ដោយជំនន់ទឹកភ្លៀងទេ។

ជាមួយគ្នានេះ លោក ហួត ហៃ បានឆ្លើយតបថា ការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)នេះ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង គឺបានបញ្ជាផ្ទាល់ ម៉ឺងម៉ាត់ និងមិនរាថយ ដោយបានប្រើពេលវេលាប្រមាណ ៨០% នៃការងារ ដើម្បីឈានទៅលុបបំបាត់ឱ្យអស់ បទល្មើសទាំងនេះ ឱ្យអស់ពីមូលដ្ឋាន។

លោក ហួត ហៃ បន្តថា ការបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិតជាមានភាពស្មុកស្មាញ ដោយក្រុម (ONLINE SCAMS)បានបំបែកខ្លួនពីទីតាំងធំៗ មកទីតាំងផ្ទះល្វែង និងវីឡាតូចៗវិញ ប៉ុន្តែទោះជាយ៉ាងនេះក្តី យើងនៅតែបន្តធ្វើដោយភាពម៉ឺងម៉ាត់ និងមិនរាថយឡើយ ដើម្បីឱ្យប្រទេសកម្ពុជា ទទួលបានសេដ្ឋកិច្ចពណ៌ស៕











