ស្អែកនេះក្រសួងការងារ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ជូនដល់អតីតពលករ ត្រឡប់មកពីប្រទេសថៃ យុវជន និងពលរដ្ឋនៅក្នុងខេត្តសៀមរាប
សៀមរាប៖ ទីភ្នាក់ងារជាតិ និងមុខរបរ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែងទូទាំងប្រទេស ទៅជូនអតីតពលករ យុវជន និងពលរដ្ឋមូលដ្ឋាននៅក្នុងខេត្តសៀមរាប រួមទាំងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ នៅក្នុងថ្ងៃទី១២-១៣ ខែមិថុនា ខាងមុខនេះ ។

វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នេះនឹងត្រូវរៀបចំនៅថ្ងៃទី១២ ខែមិថុនា នៅក្នុងបរិវេណសាលាបឋមសិក្សាសម្តេច ហ៊ុន សែន រណសិរ្សត្រីភូមិ និងនៅថ្ងៃទី១៣ ខែមិថុនា នៅក្នុងបរិវេណសាលាស្រុកជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។

លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា “ការរៀបចំវេទិកាការងារនេះឡើងមកគឺដើម្បីជួយលើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមាននៅក្នុងស្រុក ជាពិសេសគឺការចូលរួមពីសំណាក់ក្រុមហ៊ុនឯកជនដែលជាដៃគូរសហការរបស់ក្រសួងការងារដោយផ្ទាល់”។

លោកបានបញ្ជាក់ថា ក្នុងវេទិកាការងារនេះ នឹងមានផ្ដល់ជូននូវឱកាសការងារ ក្នុងនោះអ្នកចូលរួមទាំងអស់ នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែបសរុប ៩១,៨១៦កន្លែងនៅទូទាំងប្រទេស វគ្គបណ្តុះបណ្តាលបច្ចេកទេសដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម។ បន្ថែមពីលើនេះគឺ ការទទួលបាននូវអាហារ ភេសជ្ជៈ ការដឹកជញ្ជូនទៅចូលរួមវេទិកាដោយឥតគិតថ្លៃថែមទៀតផង។

ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តអំពាវនាវសារជាថ្មីម្តងទៀត ទៅដល់អតីតពលករ ដែលមកពីប្រទេសថៃ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសខេត្តជាប់ព្រំដែនដែលមានបំណងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើនជាង សុវត្ថិភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន៕

