Feature

សិស្ស PPI បង្កើតបានប្រព័ន្ធ ចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ

ភ្នំពេញ៖ យុវជន សេង សុខ​ហៀង សិស្សជំនាញអគ្គិ​សនី នៅវិទ្យាស្ថាន​ពហុបច្ចេកទេ​សព្រះកុសុមៈ (PPI) នៃក្រសួង​ការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានប​ង្កើតស្នា​ដៃន​វានុវត្តន៍ «ប្រព័ន្ធចំ​ណតឡានស្វ័យប្រ​វត្តិដោយប្រើការវិភាគរូ​បភាព» ដែលអាចស្គា​ល់ស្លាកលេខ​រថយន្ត ស្វែងរកទី​តាំង​ចំណត​ទំនេរ និងគណ​នាថ្លៃចត​ដោយ​ស្វ័យប្រ​វត្តិ ដើម្បីបង្កើ​នភាពងា​យស្រួល​ដល់អ្នកប្រើ​ប្រាស់ និង​ម្ចាស់អាជី​វកម្មចំណត​រថយន្ត។

លោក សេង សុខហៀង បានឱ្យដឹងថា ប្រព័ន្ធនេះប្រើប្រាស់កាមេរ៉ា និងបច្ចេកវិទ្យាវិភាគរូបភាព ដើម្បីស្កេន និងកត់ត្រាស្លា​កលេខ​រថយ​ន្ត​នៅ​ពេល​ចូល​ចំណត ។ បន្ទាប់មក ប្រព័ន្ធនឹងបើករបាំងស្វ័យប្រវត្តិ និងណែនាំអ្នកបើកបរទៅ កាន់កន្លែងចតដែលនៅទំនេរ ដោយ​បង្ហាញ​ព័ត៌មាន​តាម​ប្រព័ន្ធ​កុំព្យូ​ទ័រ។

លោកបន្តថា នៅពេលរថយន្តចាកចេញ ប្រព័ន្ធនឹងគណនារយៈពេលចត និងបង្ហាញចំនួនទឹកប្រាក់ដែលត្រូ​វបង់ដោយស្វ័យប្រវត្តិ។ ថ្លៃសេ​​វាត្រូវ​បាន​គ​ណនាតាមរយៈពេលចតជាក់ស្តែង ដែលជួយកាត់បន្ថយ​ការគណនាដោ​យដៃ និងបង្កើន​ភាពត្រឹមត្រូវក្នុងការគ្រប់គ្រងចំណូល ។

យុវជនរូបនេះប​ញ្ជាក់ថា៖«បញ្ហាប្រឈមមួយ ដែលអ្នកបើកបរតែ​ងជួបប្រទះ គឺមិនដឹងថា​កន្លែងចតណា​នៅទំនេរ និងត្រូវចំ​ណាយពេ​លស្វែងរក។ ប៉ុន្តែជាមួយប្រព័ន្ធចំណតឆ្លាតវៃនេះ អ្នកប្រើប្រាស់អាចដឹងភ្លាមៗពីទីតាំងចំណតដែលមានស្រាប់ និងធ្វើដំណើរទៅ​កាន់ទីតាំង​នោះបា​ន​យ៉ាង​ឆាប់​រហ័ស​»។

ក្រៅពីផ្តល់ភាពងាយស្រួលដល់ម្ចាស់​រថយន្ត ប្រព័ន្ធនេះ ក៏ជួយកា​ត់បន្ថយតម្រូវ ការ​បុគ្គលិក​ប្រចាំចំណ​តផងដែរ ព្រោះ​ការកត់​ត្រាស្លាក​លេខ កា​រ​គណ​​នាថ្លៃសេវា និងកា​រគ្រប់គ្រងចំណតអាចដំ​ណើ​រ ការដោយស្វ័យប្រ​វត្តិ។ ជាពិសេ​ស ប្រព័ន្ធមា​នសមត្ថភា​ពត្រួតពិនិត្យចំនួនចំណតទំនេរ ហើយនឹងមិ​នអនុញ្ញាតឱ្យរ​ថយន្តចូលបន្ថែមទៀត នៅពេលចំណតពេញ។

សេង សុខហៀង បានបញ្ជាក់ថា គំនិត​បង្កើតគម្រោងនេះ ដើ​ម្បីបង្ហាញពីសមត្ថភាពរបស់យុវជន TVET និងជំរុញការយល់ដឹងរបស់សាធា​រណ​ជនអំពីកា​​រប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃក្នុង​ជីវភាព និងអាជីវកម្មនាពេលអនាគត៕

To Top