រដ្ឋបាលខណ្ឌព្រែកព្នៅ រកឃើញឃ្លាំងមួយកន្លែង មាននាំចូល និងស្តុកទំនិញបង្កកពីប្រទេសថៃ
ភ្នំពេញ៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង បានចុះពិនិត្យទីតាំងឃ្លាំងយីហោ «ភុត ប៊ុន ហម» ស្ថិតនៅក្នុងភូមិឆ្លក សង្កាត់គោករកា ដែលសង្ស័យមាននាំចូល និងស្តុកសាច់បង្កកពីប្រទេសថៃ។

លោកស្រី ដោយ សម្ផស្ស បានឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ ក្រុមការងារចម្រុះបានរកឃើញ៖ ១. មានលិខិតអនុញ្ញាតអាជីវកម្ម និងប័ណ្ណពន្ធប៉ាតង់ ឆ្នាំ២០២៥ ។ ២. ផលិតផលក្នុងស្រុក៖ ប្រហិតមាន់ ប្រហិតសាច់គោ ហតដកច្រើនប្រភេទ ណែមមីសួរ សាច់ជ្រូកចង្កាក់ និងឆ្អឹងខ្ចីទ្រូងមាន់ និង៣. ផលិតផលសរសៃកែងមាន់បង្កកសរុប ៦៤២ដុំតូចមានដាក់អក្សរ THAILAND ចំនួន១៣៧ ដុំតូច មានអក្សរថៃចំនួន ៧៨ ដុំតូច និងផលិតផលដែលគ្មានអក្សរបញ្ជាក់ប្រភពចំនួន ៤២៧ ដុំតូច។

ក្រោយចប់ប្រតិបត្តិការ ម្ចាស់ទីតាំងខាងលើ ត្រូវបាននាំខ្លួនទៅសាកសួរបន្ថែម នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញការនាំចូលផលិតផលទាំងនេះ និងស្វែងរកអ្នកពាក់ព័ន្ធ។ រីឯទីតាំងឃ្លាំង ក្រុមការងារសម្រេចបិទបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីច្បាប់។
លោកស្រីអ្នកនាំពាក្យ ក៏បានបន្តទៀតថា ក្នុងថ្ងៃនេះដែរ រដ្ឋបាលខណ្ឌឫស្សីកែវ ដោយមានការចូលរួមសហការពីលោកស្រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ ក.ប.ប រាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យ ទីតាំងឃ្លាំងសាច់បង្កកចំនួន ៣ទីតាំង ដែលសង្ស័យពាក់ព័ន្ធករណីនាំចូល ស្តុកទុក និងចែកចាយផលិតផលសាច់បង្កក ជាផលិលតផលរបស់ប្រទេសថៃ រួមមាន៖ ១. ទីតាំងស្ថិតនៅផ្លូវ៥៩៨ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ២. ទីតាំងស្ថិតនៅផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ២ និងទី៣. ឃ្លាំងទំនិង ISR (ចែទូច) ស្ថិតនៅផ្លូវលំ ភូមិទី៤ សង្កាត់ច្រាំងចំរេះទី១។ ចំពោះទីតាំង៣នេះ កម្លាំងចម្រុះបានចុះពិនិត្យ មិនឃើញមានករណីទំនិញបង្កក ដែលនាំចូលមកពីប្រទេសថៃឡើយ។

ដោយឡែកនៅខណ្ឌសែនសុខវិញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សហការជាមួយកម្លាំងជំនាញចម្រុះ បានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញមួយ កន្លែងរបស់ក្រុមហ៊ុន FWI ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បន្ទាប់ពីមានការសង្ស័យថា មានការស្តុកសាច់បង្កកនាំចូលពីប្រទេសថៃ។

ក្រោយពីបានធ្វើការពិនិត្យ និងធ្វើតេស្ថវិភាគ របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង (ក.ប.ប) និងសាខាគយ និងរដ្ឋាករខណ្ឌសែនសុខ បានរកឃើញមានការស្តុកទំនិញចំនួន ៩ប្រទេស រួមមាន៖ ចិន ប្រេសុីល សហរដ្ឋអាមេរិច ឥណ្ឌា ហ៊ូឡង់ តៃវ៉ាន់ អូស្ត្រាលី អ៊ីតីអូព្យា និងកម្ពុជា។ ក្នុងចំណោមមុខទំនិញ និងសាច់បង្កកទាំអស់ ក្រុមការងារមិនបានរកឃើញ មុខទំនិញណានាំចូលពីប្រទសថៃឡើយ។

ជាមួយគ្នានេះ លោកស្រីអ្នកនាំពាក្យបានបញ្ជាក់បន្ថែមទៀតថា លោក ឃួង ស្រេង បានណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់លោក លោកស្រី អភិបាលខណ្ឌទាំង១៤ ត្រូវបន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លូន ដែលសង្ស័យអាចមានប្រភពនាំចូលពីប្រទេសថៃ ឱ្យបានម៉ត់ចត់ ក្នុងករណីរកឃើញ ត្រូវសួរនាំឱ្យបានលម្អិតថា អ្នកណាជាអ្នកនាំចូល? ចូលតាមច្រកណា? ខេត្តណា? មានអជ្ញាបណ្ណនាំចូលឬទេ? ហើយអ្នកណាជាអ្នកដឹកជញ្ជូន?។ ឯកឧត្ដមអភិបាលបានបន្តថា កិច្ចការទាំងអស់នេះ រដ្ឋបាលខណ្ឌទាំង១៤ ត្រូវតែបន្តត្រួតពិនិត្យព្រមៗគ្នា ជាមួយនឹងការងារចុះប្រតិបត្តិការ បោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមិនត្រូវរាថយដាច់ខាត៕


