Feature

រដ្ឋមន្ត្រី​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធ សម្រាប់ទំនើបកម្ម ការបណ្តុះបណ្តាលជំនាញនៅកម្ពុជា

ទីក្រុងហ្សឺណែវ ៖ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលនវានុវត្តន៍ និងបណ្តុះបណ្តាល SPARK Campus, សាលាជំនាញនាឡិកា FORPRO (FORPRO Watchmaking School) និងមជ្ឈមណ្ឌលថែទាំយានយន្ត (Automotive Maintenance Center) នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងអំឡុងពេលចូលរួម សន្និសីទអន្តរជាតិខាងការងារលើកទី ១១៤ នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។

នៅក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្ត្រី បានចូលរួមពិនិត្យដោយផ្ទាល់ អំពីវិធីសាស្ត្រប្រកបដោយនវានុវត្តន៍ របស់ប្រទេសស្វ៊ីស លើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមទាំងឧបករណ៍បរិក្ខារទំនើបៗ ចុងក្រោយបង្អស់សម្រាប់ការអភិវឌ្ឍជំនាញ ផ្នែកបច្ចេកវិទ្យា ដែលរួមមាន ជំនាញផលិតនាឡិកា និងជំនាញថែទាំយានយន្ត។

លោកក៏បានអញ្ជើញជួបពិភាក្សាជាមួយលោកគ្រូបង្គោល និងសិក្ខាកាមជាច្រើនរូប ដើម្បីធ្វើការឈ្វេងយល់ពីការរៀបចំ និងការបណ្តុះបណ្តាលកម្មវិធីសិក្សាផ្អែកលើសមត្ថភាព ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ លោក​ ហេង សួរ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការដកស្រង់បទពិសោធពីគំរូប្រព័ន្ធ TVET របស់ស្វ៊ីស ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដោយរួមបញ្ចូលគ្នារវាងការសិក្សានៅគ្រឹះស្ថានបណ្ដុះបណ្ដាល និងការអនុវត្តការងារជាក់ស្ដែង។ បទពិសោធនេះជាមូលដ្ឋានបន្ថែមក្នុងការធ្វើទំនើបកម្មប្រព័ន្ធបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា លើកកម្ពស់គុណភាព និងការឆ្លើយតបនៃកម្មវិធីអភិវឌ្ឍន៍ជំនាញ ព្រមទាំងការពង្រឹងទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន។

ទន្ទឹមនឹងនេះ ភាគីម្ចាស់ផ្ទះបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូកម្ពុជា ក្នុងការសិក្សាបទពិសោធជាក់ស្តែងពីប្រព័ន្ធ TVET របស់ស្វ៊ីស និងបានចែករំលែកអំពីវិធីសាស្ត្រអនុវត្ត ការគ្រប់គ្រង និងមេរៀនដែលអាចយកមកពិចារណាអនុវត្តបាន។ បន្ថែមពីនេះ ភាគីម្ចាស់ផ្ទះក៏បានបង្ហាញឆន្ទៈក្នុងការបន្តចែករំលែកគ្នាទៅវិញទៅមកនូវចំណេះដឹង និងបទពិសោធជាមួយកម្ពុជាលើវិស័យពាក់ព័ន្ធសំខាន់ៗផងដែរនាពេលអនាគត៕

To Top