សាកលវិទ្យាល័យន័រតុន រៀបចំសិក្ខាសាលាស្តីពី «បញ្ហាប្រឈមសំណង់គ្រឹះ និងមេកានិចដីនៅកម្ពុជា» ដើម្បីពង្រឹងសមត្ថភាពវិស្វករជំនាន់ក្រោយ
ភ្នំពេញ៖ ផ្នែកវិស្វកម្មសំណង់ស៊ីវិល នៃសាកលវិទ្យាល័យន័រតុន បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់មួយក្រោមប្រធានបទ «បញ្ហាប្រឈមសំណង់គ្រឹះ និងមេកានិចដីនៅកម្ពុជា» ដែលប្រព្រឹត្តិណ៍នៅពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងបង្កើតស្ពានចម្លងរវាងចំណេះដឹងសិក្សា និងការអនុវត្តជាក់ស្ដែងក្នុងវិស័យឧស្សាហកម្មសំណង់។

ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមវត្តមានចូលរួមពីសំណាក់ លោក បណ្ឌិត ម៉ុម មុនី អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្គេកទេសសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោកស្រី ខ្វៃ សុភាព អគ្គលេខាធិការរងនៃគណៈវិស្វករកម្ពុជា ព្រមទាំងលោក លោកស្រីជាតំណាងស្ថាប័ន ក្រុមហ៊ុនឯកជន វាគ្មិនជំនាញ សាស្ត្រាចារ្យ បណ្ឌិត វិស្វករ និងនិស្សិតជាច្រើនរូប។

នៅក្នុងឱកាសបើកសិក្ខាសាលានោះ លោកបណ្ឌិត លឹម សុខតៃ តំណាងឱ្យ សាស្រ្តាចារ្យ ចាន់ សុខឃាង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យន័រតុន បានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅ និងបានគូសបញ្ជាក់ពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដូចជាអគារខ្ពស់ៗ ស្ពាន ផ្លូវហាយវេ និងអាកាសយានដ្ឋានជាដើម។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា នៅពីក្រោយភាពជោគជ័យនៃសំណង់ទាំងនោះ «ប្រព័ន្ធគ្រឹះ» គឺជាបេះដូងដ៏សំខាន់បំផុត ដែលទាមទារការរចនា និងគណនាប្លង់ឱ្យបានត្រឹមត្រូវបំផុត ដើម្បីធានាសុវត្ថិភាព និងស្ថិរភាពរយៈពេលវែង។
«លក្ខខណ្ឌភូគព្ភសាស្ត្រនៅកម្ពុជាមានលក្ខណៈចម្រុះ និងមិនដូចគ្នាឡើយ ដែលមានទាំងតំបន់ដីឥដ្ឋទន់ ដីល្បាប់ ខ្សាច់រលុង និងតំបន់រងផលប៉ះពាល់ដោយទឹកក្រោមដី។

នេះជាបញ្ហាប្រឈមដ៏ធំដែលទាមទារឱ្យមានការសិក្សាទីតាំងដោយប្រុងប្រយ័ត្ន សមត្ថភាពបច្ចេកទេសខ្ពស់ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងភាគីពាក់ព័ន្ធ»។
សិក្ខាសាលានេះ ក៏ទទួលបានការគាំទ្រ និងឧបត្ថម្ភយ៉ាងសកម្មពីសំណាក់ក្រុមហ៊ុនឯកជនធំៗចំនួន ១២ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារវាងស្ថាប័នអប់រំ និងវិស័យឯកជន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

ក្នុងកម្មវិធីនេះដែរ មានការធ្វើបទបង្ហាញពីវាគ្មិនជំនាញឆ្នើមៗចំនួន ៣ រូប ព្រមទាំងមានវគ្គពិភាក្សាជាក្រុម (Panel Discussion) ដើម្បីដកស្រង់បទពិសោធន៍ពីគម្រោងពិតៗ និងជជែកវែកញែកអំពីនិន្នាការបច្ចេកវិទ្យាថ្មីៗក្នុងវិស្វកម្មភូគព្ភសាស្ត្រ។
លោកបណ្ឌិត លឹម សុខតៃ បានបន្ថែមថា សាកលវិទ្យាល័យន័រតុន តែងតែជឿជាក់ថាការអប់រំត្រូវតែដើរទន្ទឹមនឹងការអនុវត្តជាក់ស្ដែង។ អនាគតនៃហេដ្ឋារចនាសម្ព័ន្ធកម្ពុជា គឺស្ថិតនៅលើកណ្តាប់ដៃរបស់វិស្វករជំនាន់ក្រោយ ដែលមិនត្រឹមតែមានចំណេះដឹងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានជំនាញវិភាគស៊ីជម្រៅ សីលធម៌វិជ្ជាជីវៈ និងស្មារតីរៀនសូត្រពេញមួយជីវិត ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរឹងមាំ និងប្រកបដោយចីរភាព៕









