Feature

កម្ពុជា ជំរុញការវិនិយោគ ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងផលិតកម្មកម្រិតខ្ពស់

ភ្នំពេញ ៖ កម្ពុជា គឺជាគោលដៅដ៏ទាក់ទាញ សម្រាប់ការវិនិយោគ ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងផលិតកម្មកម្រិតខ្ពស់។

គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រកំពុងដំណើរការចំនួន ៣.២៨៤ ទីតាំង ដែលប្រើប្រាស់កម្លាំងពលកម្មជាង ១,៣ លាននាក់ និងមានទុនវិនិយោគសរុបជាង ២៧,៦ ពាន់លានដុល្លារអាមេរិក។

នេះជាការលើកឡើងរបស់ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាឱកាសអញ្ជើញចូលរួម ជាមួយអ្នកដឹកនាំធុរកិច្ចមកពីទូទាំងតំបន់អាស៊ី ក្នុងកម្មវិធី Asia Prestige 50 Under 50 CEO Excellence Award 2026 នាពេលថ្មីៗនេះ។

ថ្លែងក្នុងកម្មវិធី លោករដ្ឋមន្ដ្រី បានលើកឡើងថា «សាររបស់យើងទៅកាន់វិនិយោគិន គឺសាមញ្ញ៖ កម្ពុជាបើកចំហសម្រាប់ការធ្វើធុរកិច្ច។ លើសពីនេះ កម្ពុជាស្វាគមន៍វិនិយោគិន សម្រាប់ភាពជាដៃគូរយៈពេលវែង»។

លោករដ្ឋមន្ដ្រី បានលើកឡើង ពីទំនុកចិត្តរបស់វិនិយោគិន ដែលឆ្លុះបញ្ចាំងតាមរយៈកំណើននៃគម្រោងវិនិយោគ និងការពង្រីកវិនិយោគ របស់ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដូចជាក្រុមហ៊ុន តូយូតា ដែលទើបសម្ពោធបើកដំណើរការផ្គុំ និងដំឡើងរថយន្តម៉ូដែលថ្មី Toyota Hilux Travo កាលពីមួយថ្ងៃមុន។

លោក រដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ឱ្យវិនិយោគលើឧស្សាហកម្មគាំទ្រ និងសហការជាមួយសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលកំពុងពង្រឹងសមត្ថភាព ដើម្បីក្លាយជាដៃគូគួរឱ្យទុកចិត្តនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល៕

To Top