Feature

ក្រសួងការងារ ប្តេជ្ញាពង្រឹងការអនុវត្តវិធានការ ហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីសា ដើម្បីចូលរួមលើកកម្ពស់ សុខភាពសាធារណៈ

ភ្នំពេញ ៖ លោកស្រី​ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី «ផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់» កាលពីពេលថ្មីៗនេះ នៅទីស្តីការក្រសួង។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយគណៈកម្មការជំនាញសុខភាពសិក្សានៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមក្របខ័ណ្ឌការអនុវត្តផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សារបស់គណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិកគណៈកម្មការជំនាញ សុខភាពសិក្សា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអង្គការចលនាដើម្បីសុខភាពកម្ពុជា តំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ នៃផលិតផលថ្នាំជក់និង ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងពិភាក្សាអំពីវិធានការបង្ការ ទប់ស្កាត់ការប្រើប្រាស់ផលិតផលទាំងនេះ សំដៅលើកកម្ពស់សុខុមាលភាពសិក្ខាកាម សិស្ស និសិ្សត នៅតាមគ្រឹះស្ថានធីវេត និង កម្មករនិយោជិតនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ព្រមទាំងមន្ត្រីរាជការ ក្រោមឱវាទក្រសួងទាំងអស់។

លោកស្រី​ សុវណ្ណ វណ្ណារតន៍ បានលើកឡើងថា ការអភិវឌ្ឍមូលធនមនុស្សជាសសរស្តម្ភដ៏សំខាន់នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើការលើកកម្ពស់ការអប់រំ ជំនាញវិជ្ជាជីវៈ និងសុខភាពសាធារណៈ។ ក្រសួង បានបន្តអនុវត្តវិធានការលើកកម្ពស់សុខុមាលភាពសិស្ស និស្សិត សិក្ខាកាម គ្រឹះស្ថានធីវេត (TVET)និងកម្មករនិយោជិត នៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ តាមរយៈគោលនយោបាយជាតិស្ដីពីសុខភាពសិក្សា និងសេចក្ដីណែនាំនានា និងការផ្សព្វផ្សាយជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ ក្រសួងបានសហការជាមួយក្រសួងសុខាភិបាល ផ្សព្វផ្សាយអំពីការបង្ការ ការប្រើប្រាស់ផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ គ្រឿងស្រវឹង គ្រឿងញៀន និងជំងឺមិនឆ្លង ព្រមទាំងជំរុញ ឱ្យកម្មករ និយោជិតអនុវត្តទម្លាប់រស់ នៅប្រកបដោយសុខភាពល្អ ដើម្បីកាត់បន្ថយ ហានិភ័យ នៃជំងឺមិនឆ្លង។

ក្នុងកិច្ចប្រជុំ អ្នកជំនាញ ពីអង្គការចលនាដើម្បីសុខភាពកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) បានធ្វើបទបង្ហាញ អំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក សារធាតុគីមីសម្រាប់ជក់ និងខ្លឹមសារនៃអនុសញ្ញាត្រួតពិនិត្យថ្នាំជក់ ដោយលើកឡើងពីយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនផលិត និងកាតព្វកិច្ចរបស់កម្ពុជា។ អង្គប្រជុំបានពិភាក្សា លើវិធានការទប់ស្កាត់ និង ឯកភាពបន្តពង្រឹងការផ្សព្វផ្សាយ ការបង្ការ និងកិច្ចសហការ ជាមួយដៃគូពាក់ព័ន្ធ ព្រមទាំងពង្រីកសកម្មភាព អប់រំសុខភាព នៅតាមគ្រឹះស្ថានធីវេត ដើម្បីលើកទឹកចិត្តយុវជន ឱ្យចៀសឆ្ងាយពីផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក គ្រប់ប្រភេទ និងលើកកម្ពស់សុខភាពសាធារណៈ។

​ជាមួយគ្នានេះ លោកស្រី​ សុវណ្ណ វណ្ណារតន៍ ណែនាំនិងលើកទឹកចិត្តតំណាងអង្គភាព ក្រោមឱវាទក្រសួង ឱ្យខិតខំបន្តពង្រឹង ការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់ និងបង្កើនការត្រួត ពិនិត្យការអនុវត្តវិធានការ ហាមឃាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ នៅតាមគ្រប់អង្គភាព ក្រោមឱវាទក្រសួង គ្រឹះស្ថានធីវេត និងសហគ្រាស ក្រុមហ៊ុន រោងចក្រ សំដៅចូលរួមការពារសុខភាពសាធារណៈ ដែលជាមូលដ្ឋានសំខាន់ នៃការអភិវឌ្ឍប្រទេស៕

To Top