រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ការវិនិយោគលើស្ត្រី មានសារសំខាន់ណាស់ សម្រាប់កសាងអនាគតកាន់តែមានភាពធន់ និងនវានុវត្តន៍
ភ្នំពេញ ៖ ថ្លែងក្នុងពិធីបិទសន្និសីទ អ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា លើកទី២ នៅកម្ពុជា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់ថា ការវិនិយោគលើស្ត្រីមានសារសំខាន់ណាស់ សម្រាប់កសាងអនាគត ដែលកាន់តែមានភាពធន់ និងនវានុវត្តន៍។

លោក រដ្ឋមន្ត្រី បានលើកឡើងថា “ស្ត្រីគឺជាគ្រូដំបូង និងជាអ្នកណែនាំដ៏មានឥទ្ធិពលបំផុតសម្រាប់កូនៗ។ ដូច្នេះ ការផ្តល់ភាពអង់អាចដល់ស្ត្រីនឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិ។ ហើយនៅពេលដែលសង្គមទទួលបានសក្តានុពលរបស់ស្ត្រីក្នុងវិស័យ STEM និងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ យើងមិនត្រឹមតែពង្រឹង បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងតែឲផ្ដល់ដំណោះស្រាយ ចំពោះបញ្ហាប្រឈមធំៗ ដែលមនុស្សជាតិកំពុងជួបប្រទះ”។

លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ ចំពោះការរៀបចំសន្និសីទថា ឆ្លុះបញ្ចាំងពីការរីកចម្រើន នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងអាស៊ាន និងឥណ្ឌា។
លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា “សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា គឺជាឧទាហរណ៍ដ៏លេចធ្លោមួយ ដែលបង្ហាញពីការពង្រីកទាំងវិសាលភាព និងជម្រៅនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងឥណ្ឌា។ យើងក៏ត្រៀមលក្ខណៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្តលើការកសាងសមត្ថភាព នវានុវត្តន៍ និងកម្មវិធីផ្លាស់ប្តូរនិស្សិត និងអ្នកស្រាវជ្រាវផងដែរ។”។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការ អាស៊ាន បានលើកឡើងថា សន្និសីទនេះពង្រឹងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ព្រមទាំងបើកឱកាសថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត ជីវបច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយចីរភាព។
សូមបញ្ជាក់ថា សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា លើកទី២ បានបិទបញ្ចប់ដោយជោគជ័យនៅរាជធានីភ្នំពេញ ដោយបង្ហាញការប្តេជ្ញាចិត្តរួម របស់អាស៊ាន និងឥណ្ឌា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ភាព ជាអ្នកដឹកនាំ របស់ស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។. សន្និសីទ ដែលប្រារព្ធឡើងក្រោមប្រធានបទ «ការកសាងសហគមន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រកបដោយបរិយាបន្ន» បានប្រមូលផ្តុំប្រតិភូចំនួន ១៣៥ រូប៕
