Feature

អ្នកនាំពាក្យ ក្រសួងការងារ ៖ RPL ជាយុទ្ធសាស្ត្រ «ព្រួញមួយបាញ់ បានសត្វ៣» រដ្ឋ វិស័យឯកជន និងអតីតពលករ ទទួលបានផល ប្រយោជន៍រួមគ្នា

ភ្នំពេញ៖ កម្មវិធីធ្វើតេស្តវាយតម្លៃ ទទួលស្គាល់ជំនាញ ដែលមានពីមុន (RPL) គឺជា ជាយុទ្ធសាស្ត្រ «ព្រួញមួយបាញ់ បានសត្វ៣» ព្រោះបានផ្តល់ផលប្រយោជន៍ ដល់គ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋ វិស័យឯកជន និងអតីតពលករ ដែលមានជំនាញស្រាប់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្រ ទទួលស្គាល់ជាផ្លូវការ ។ នេះបើតាម លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកថ្លែងថា៖ «ការដាក់ឱ្យមានការតេស្តទទួលស្គាល់ជំនាញនេះ គឺជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វរហូតដល់៣ វិស័យឯកជនក៏ទទួលយក រាជរដ្ឋាភិបាល ក៏បានបណ្តុះបណ្តាលមនុស្សដែលមានធនធាន ហើយបងប្អូន (អតីតពលករ) ខ្លួនឯងក៏មានចំណេះ ជំនាញ និងមានវិញ្ញាបនបត្រ»។

បើតាមលោក ស៊ុន មេសា ការទទួលស្គាល់ ពីវិស័យឯកជនចំពោះវិញ្ញាបនបត្រ RPL គឺជាសញ្ញាបង្ហាញពីភាពជោគជ័យ របស់កម្មវិធីនេះ ព្រោះវិស័យឯកជន ជាអ្នកប្រើប្រាស់កម្លាំងពលកម្មដោយផ្ទាល់ និងជាអ្នកនាំយកជំនាញទាំង នោះទៅបម្រើតម្រូវការទីផ្សារការងារ។

លោកបានគូសបញ្ជាក់បន្ថែមថា វិញ្ញាបនបត្រ ដែលផ្តល់ជូនតាមរយៈកម្មវិធី RPL មិនមែនគ្រាន់តែជាក្រដាស មួយសន្លឹកប៉ុណ្ណោះទេ ប៉ុន្តែជាវិញ្ញាបនបត្រដែលឆ្លុះបញ្ចាំងពីគុណភាព សមត្ថភាព និងជំនាញពិតប្រាកដរបស់អ្នកកាន់កាប់ ដែលត្រូវបានវាយតម្លៃតាមស្តង់ដាបច្ចេកទេស និងទទួលស្គាល់ទាំងពីរាជរដ្ឋាភិបាល និងវិស័យឯកជន។

ការអនុវត្តកម្មវិធី RPL ត្រូវបានរាជរដ្ឋាភិបាល ជំរុញយ៉ាងសកម្ម ដើម្បីជួយដល់អតីតពលករ ដែលវិលត្រឡប់មកពីក្រៅប្រទេស និង ប្រជាពលរដ្ឋដែលមានជំនាញស្រាប់ អាចទទួលបានការទទួល ស្គាល់សមត្ថភាពជាផ្លូវការ បង្កើនឱកាសទទួលបានការងារល្អ ប្រាក់ចំណូលកាន់តែប្រសើរ និងលើកកម្ពស់ភាពប្រកួតប្រជែង របស់កម្លាំងពលកម្មកម្ពុជា នៅក្នុងទីផ្សារការងារ៕

To Top