រដ្ឋមន្រ្តីរ៉ែ ៖ ការបូមខ្សាច់ មានច្បាប់ត្រឹមត្រូវ សម្រាប់សម្រួល បើកផ្លូវនាវា
ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល បានថ្លែងថា ការបូមខ្សាច់ដែលមានច្បាប់ ទម្លាប់ត្រឹមត្រូវទទួល ដោយស្គាល់ក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅទៅលើការបើកផ្លូវនាវាចរ សម្រាប់សម្រួល ដល់ការដឹកជញ្ជូនទំនិញ ។
ការលើកឡើងរបស់លោក កែវ រតនៈ នេះ ក្រោយមានការជជែកគ្នាជាហូរហែរលើបណ្តាញសង្គមពីករណីបូមខ្សាច់ ក្នុងភូមិសាស្ត្រ ឃុំព្រែកខ្សាយ និង ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ក្រោយមានការប៉ះទង្គិចគ្នា រវាងក្រុមអ្នកនេសាទ និងខាងក្រុមការងារបូមខ្សាច់ របស់ក្រុមហ៊ុនឯកជន ។
ដើម្បីឱ្យសាធារណជន មានការ យល់ច្បាស់ រដ្ឋមន្ត្រីក្រសួងរ៉ែ បានចេញមកពន្យល់ជាក់ស្តែង ពីសកម្មភាព បូមខ្សាច់នៅមុខផ្ទះរបស់រដ្ឋមន្រ្តីផ្ទាល់តែម្តង ស្ថិតនៅជាប់មាត់ទន្លេក្បែរវត្តគៀនឃ្លាំង ក្នុងខណ្ឌជ្រោយចង្វារថា ការបូមខ្សាច់មានច្បាប់ត្រឹមត្រូវ ចេញដោយក្រសួងបានផ្តល់ផលប្រយោជន៍យ៉ាងច្រើន ជាពិសេសបាន សម្រួលទៅដល់ការបើកផ្លូវនាវាចរ ។
លោកពន្យល់ថា “ការបូមខ្សាច់របស់រាជរដ្ឋាភិបាល មានគោលដៅ៥ធំ ទី១ការបូមខ្សាច់នេះមិនមែនគោលដៅ ចម្បងដើម្បីយកចំណូល តែមួយមុខប៉ុណ្ណោះទេ ។ ចំណុចទី១សំខាន់របស់រាជរដ្ឋាភិបាល គឺដើម្បីជាពិសេស ការបូមខ្សាច់នៅតាមទន្លេដូចជា ទន្លេមេគង្គ ដូចជាកន្លែងស្ទឹងធំៗ ព្រែកឬដៃទន្លេធំៗ គោលដៅធំទី១បើកច្រកនាវាចរ ។ ប្រទេសកម្ពុជាយើងត្រូវខិតខំធ្វើយ៉ាងម៉េច ដើម្បីឱ្យផ្លូវទឹករបស់យើង ក្លាយទៅជាកន្លែង ដែលអាចដឹកទំនិញ ធ្វើដំណើរចេញ-ចូលបានដោយថោកបំបផុត”។
សម្រាប់ការសម្រួលដល់ផ្លូវនាវាចរ ដើម្បីដឹកជញ្ជូនទំនិញនេះ ត្រូវបានលោកកែវ រតនៈ ប្រៀបធៀបថា ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកមានលក្ខណៈងាយស្រួល និងមានតម្លៃថោកជាងការដឹកជញ្ជូនលើផ្លូវគោក និងផ្លូវអាកាសដែលមានតម្លៃថ្លៃ ខណៈកម្ពុជាកំពុងមានការប្រកួតប្រជែងជាមួយប្រទេសផ្សេងៗនៅលើពិភពលោក លើតម្រូវការផ្នែកដឹកជញ្ជូនតាមផ្លូវទឹក ។
លោកបន្តថា កន្លងមក កម្ពុជាធ្លាប់ដំណើរ ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ប៉ុន្តែមិនទាន់បានបើកផ្លូវទឹកនេះ ឱ្យអស់សក្តានុពលនៅឡើយទេ ។ ដូច្នេះបានជាសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែតបានផ្តួចផ្តើមគំនិតសាងសង់ព្រែកជីកហ្វូណនតេជោឡើងដើម្បីតភ្ជាប់ការដឹកជញ្ជូន និងការធ្វើដំណើរតាមបណ្តោយទន្លេសាប និងទន្លេមេគង្គ ទៅសមុទ្រតាមរយៈខេត្តកំពតឆ្លងទៅកាន់សមុទ្រ ក្នុងបំណងជួយដឹកជញ្ជូនទំនិញកម្ពុជាចេញទៅទីផ្សារក្រៅប្រទេសកាន់តែងាយស្រួល ៕









