ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ប្រគេនទានព្រះវស្សា គ្រឿងឧបភោគបរិភោគ និងថវិកា ដល់ព្រះសង្ឃ ចំនួន ពីរ វត្ត នៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ
កំពង់ធំ ៖ នៅព្រឹកថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត និងលោកស្រី នួន វីធាវី បានដឹកនាំសហការី និងក្រុមគ្រួសារ នាំយកទានព្រះវស្សា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ២ វត្ត ស្ថិតនៅក្នុងឃុំដងកាំបិត ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ជារៀងរាល់ឆ្នាំ ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត តែងតែបានដឹកនាំសហការី នាំយកនូវទានព្រះវស្សា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ មកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងទីអារាមទាំងពីរ គឺវត្តបទុមសាគរ ហៅវត្តស្រែវាលខាងកើត និងវត្តស្រែវាលខាងលិច ស្ថិតនៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ មិនដែលអាក់ខានឡើយ ដើម្បីជាប្រយោជន៍សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងវិស័យព្រះពុទ្ធសាសនព្រះពុទ្ធសាសនា។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកស្រី នួន វិធាវី ព្រមទាំងក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត បានប្រគេនទានព្រះវស្សាចំនួន ២ គូរ អង្ករចំនួន ២០០គីឡូក្រាម មីជាតិចំនួន ៦ កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន ៦ យួរ ទឹកពិសាបរិសុទ្ធចំនួន ៦ កេស ត្រីខកំប៉ុងចំនួន ៦ យួរ និងបច្ច័យមួយចំនួនទៀត សម្រាប់ប្រគេនដល់ព្រះសង្ឃទាំងពីរវត្តនេះផងដែរ ។

ព្រះភិក្ខុខន្តិបាឡោ ម៉ន សោម ព្រះគ្រូចៅអធិការវត្តបទុមសាគរ ហៅវត្តស្រែវាលខាងកើត តំណាងឲ្យព្រះគ្រូចៅអធិការវត្តស្រែវាលខាងលិច បានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងក្រុមការងារទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ ក្នុងការដោះស្រាយការលំបាករបស់ព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត តាជី យាយជី ដែលគង់ និងស្នាក់អាស្រ័យនៅក្នុងទីអារាមនេះ ព្រមទាំងបានជួយកសាងសមិទ្ធផលជាច្រើននៅក្នុងវត្ត ដូចជាឧបដ្ឋានសាលា កុដិសម្រាប់ព្រះសង្ឃគង់នៅ និងសមិទ្ធផលនានាមួយចំនួនទៀត ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងសូមជូនពរដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកស្រី ព្រមទាំងក្រុមការងារទាំងអស់សូមទទួលបាននូវពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សំនៀង









