ក្រសួងការងារ ដោះស្រាយ កង្វល់កម្មកររោងចក្រ ជេ អេស ដោយជោគជ័យ និងឆាប់រហ័ស ខណៈកម្មករវិលចូលធ្វើការវិញជាធម្មតានៅថ្ងៃនេះ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដោះស្រាយដោយជោគជ័យ និងឆាប់រហ័សនូវកង្វល់របស់បងប្អូនកម្មករនិយោជិតនៅរោងចក្រ ជេ អេស (JS Leather Collection Phnom Penh Co., Ltd.) ដោយភាគីពាក់ព័ន្ធទាំងអស់បានឈានដល់កិច្ចព្រមព្រៀងរួម បញ្ចប់វិវាទការងារ ដោយសន្តិវិធី ហើយកម្មករនិយោជិតបានវិលត្រឡប់ចូល បម្រើការងារជាធម្មតាវិញ ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បងប្អូនកម្មករនិយោជិតបានចូលបំពេញការងារតាមធម្មតាវិញនៅព្រឹកនេះ បន្ទាប់ពីពួកគាត់បានទទួលយកដំណើរការសម្របសម្រួល ដែលឈរលើគោលការណ៍សន្ទនា ការយោគយល់គ្នាទៅវិញទៅមក ការគោរពសិទ្ធិ និងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធ ព្រមទាំងការអនុវត្តស្របតាមច្បាប់ និងបទប្បញ្ញត្តិការងារជាធរមាន ។

លោកបន្តថា ក្រោយការឈានដល់កិច្ចព្រមព្រៀងរួម បងប្អូនកម្មករនិយោជិតបានសម្រេចវិលត្រឡប់ចូលបម្រើការងារវិញជាធម្មតាដែលជាការបង្ហាញពីទំនុកចិត្តជឿជាក់គ្នារវាងភាគី និងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

អ្នកនាំពាក្យក្រសួងបានលើកឡើងថា ក្រសួងតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយវិវាទការងារតាមរយៈការសន្ទនា និងការសម្របសម្រួល ដោយផ្តល់អាទិភាពដល់ការថែរក្សាភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការការពារផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក ព្រមទាំងការរក្សាស្ថិរភាពក្នុងវិស័យការងារ និងការវិនិយោគនៅកម្ពុជា។

លោក ស៊ុន មេសា បានអំពាវនាវឱ្យនិយោជក កម្មករនិយោជិត និងអង្គការសហជីព បន្តដោះស្រាយបញ្ហាផ្សេងៗដែលអាចកើតមាន តាមរយៈយន្តការសន្ទនា និងនីតិវិធីដែលមានចែងក្នុងច្បាប់ការងារ ដើម្បីធានាឱ្យការដោះស្រាយវិវាទប្រព្រឹត្តទៅដោយសន្តិវិធី ប្រកបដោយការយោគយល់ និងផលប្រយោជន៍រួម។

ករណីដោះស្រាយវិវាទនៅរោងចក្រ ជេ អេស នេះ បានបង្ហាញពីការឆ្លើយតបយ៉ាងឆាប់រហ័ស របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការដោះស្រាយកង្វល់របស់កម្មករនិយោជិត តាមរយៈការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ដែលមិនត្រឹមតែអាចបញ្ចប់វិវាទដោយសន្តិវិធីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាឱ្យដំណើរការផលិតកម្មរបស់រោងចក្របន្តប្រព្រឹត្តទៅជាធម្មតា និងរក្សាបាននូវស្ថិរភាពទំនាក់ទំនងវិជ្ជាជីវៈ ដែលជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍវិស័យការងារ និងបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ៕












