អតីតសិស្សនិទ្ទេស A អាន សេងហឿន ៖ ខ្ញុំជឿជាក់លើវិស័យ TVET ព្រោះជាផ្លូវនាំខ្ញុំទៅរកអាជីព ច្បាស់លាស់មួយ នាពេលអនាគត
ភ្នំពេញ៖ យុវជន អាន សេងហឿន ជាអតីតសិស្សនិទ្ទេស A មកពីខេត្ដព្រៃវែង ដែលបានសម្រេចចិត្ដជ្រើសរើសសិក្សា ជំនាញវិស្វកម្មអេឡិចត្រូនិច នៅក្នុងវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) នៃក្រសួងការការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយសារមើលឃើញឱកាសការងារខ្ពស់ និងចង់ដើរតាមក្តីស្រមៃ ដែលខ្លួនមានតាំងពីកុមារភាព ក្នុងវិស័យបច្ចេកវិទ្យា។

យុវជន សេងហឿន បានឱ្យដឹងថា លោកស្រលាញ់ពេញចិត្តជំនាញវិស្វកម្មអេឡិចត្រូនិចតាំងពីក្មេងមក។ អំឡុងពេលរៀនថ្នាក់ទី១២ លោកបានចាប់ផ្តើមសិក្សាស្វែងយល់បន្ថែមពាក់ព័ន្ធនឹងជំនាញ និងគ្រឹះស្ថានអប់រំដែលផ្តល់ការបណ្តុះបណ្តាលលើជំនាញនេះ។ តាមរយៈការស្វែងរកព័ត៌មាននៅលើបណ្តាញសង្គម និងការពិគ្រោះយោបល់ពីសិស្សច្បង លោកបានមើលឃើញថា ជំនាញអេឡិចត្រូនិចមិនត្រឹមតែស្របនឹងចំណង់ចំណូលចិត្តរបស់ខ្លួនតាំងពីកុមារភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជំនាញដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារកម្ពុជាផងដែរ។
លោកបាននិយាយថា៖ « ខ្ញុំមានចំណង់ចំណូលចិត្ដលើជំនាញអេឡិចត្រូនិចតាំងពីក្មេង។ ដល់ពេលរៀនថ្នាក់ទី១២ ខ្ញុំបានចំណាយពេលស្វែងរកព័ត៌មាន និងពិគ្រោះយោបល់ពីសិស្សច្បង ដើម្បីស្វែងរកសាលាដែលមានស្ដង់ដារ ដើម្បីសម្រេចក្ដីស្រមៃ»។
បន្ទាប់ពីបានស្វែងរកវិទ្យាស្ថានជាច្រើន អតីតសិស្សនិទ្ទេស A រូបនេះបានចាប់អារម្មណ៍វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសក្នុង TVET ពីព្រោះលោកមើលឃើញអំពីគុណភាពអប់រំ ដែលខាងសាលាមានការបង្រៀនទាំងទ្រឹស្ដី និងការអនុវត្ដជាក់ស្ដែង ព្រមទាំងមានគ្រឿងបរិក្ខារទំនើប និងសម្បូរបែប ដែលអាចឲ្យសិស្សានុសិស្សអភិវឌ្ឍសមត្ថភាពខ្លួនបាន។

លោកបាននិយាយថា៖ « បន្ទាប់ពីបានចូលរៀននៅ NTTI ខ្ញុំពិតជាពេញចិត្ត ព្រោះសាលាមានទាំងឧបករណ៍សិក្សាទំនើប និងលោកគ្រូ អ្នកគ្រូដែលមានបទពិសោធន៍ និងយកចិត្តទុកដាក់ក្នុងការបង្រៀន។ ការសិក្សានៅ TVET បានផ្ដល់ឱ្យខ្ញុំទាំងចំណេះដឹង ទាំងជំនាញអនុវត្ត ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់អាជីពរបស់ខ្ញុំនាពេលអនាគត »។
ចំពោះគោលដៅនាពេលអនាគត យុវជន អាន សេងហឿន បានបង្ហាញពីបំណងចង់យកចំណេះដឹង និងជំនាញដែលទទួលបានពីការរៀនក្នុងសាលា NTTI មកអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា ដើម្បីបង្កើតប្រយោជន៍ដល់សង្គម។
ជាមួយគ្នានេះ អតីតសិស្សនិទ្ទេស A រូបនេះក៏បានចែករំលែកបីគន្លឹះសំខាន់ៗក្នុងការទទួលបាននិទ្ទេសល្អ រួមមាន ទី១ ស្វ័យសិក្សា គឺរៀនទាំងនៅសាលា និងរៀនដោយខ្លួនឯងដូចជាការរៀបចំការវិភាគបន្ថែម, ទី២ សិក្សាឲ្យចំគោលដៅគឺសិក្សាឲ្យចំមុខវិជ្ជា មេរៀន និងការជ្រើសរើសយកសៀវភៅសិក្សាឲ្យបានត្រឹមត្រូវ និង ទី ៣ គឺគួរមានទំនាក់ទំនងល្អជាមួយសិក្សា ឬក៏អ្នកដែលមានចំណេះដឹងខ្ពស់ ដើម្បីជាកត្ដាអូសទាញឲ្យខិតខំរៀនសូត្របន្ថែមទៀត។

ជាចុងក្រោយ យុវជន អាន សេងហឿន បានអំពាវនាវឱ្យយុវជនកម្ពុជាងាកមកចាប់អារម្មណ៍សិក្សាជំនាញក្នុងវិស័យ TVET ឱ្យកាន់តែច្រើន ព្រោះជាវិស័យដែលផ្តល់ទាំងចំណេះដឹង ជំនាញអនុវត្តជាក់ស្តែង និងឱកាសការងារខ្ពស់។ លោកក៏បានលើកទឹកចិត្តឱ្យយុវជនហ៊ានដើរតាមក្តីស្រមៃ និងជ្រើសរើសជំនាញដែលស្របនឹងសមត្ថភាព និងចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីកសាងអនាគតឲ្យកាន់តែប្រសើរ៕









