Feature

លោក ហួត ហាក់៖ ការពង្រឹងសមត្ថភាពមន្ត្រី លើការងារនីតិកម្ម មិនគ្រាន់តែបង្កើនចំណេះដឹងបច្ចេកទេស ប៉ុន្តែជាការពង្រឹងសមត្ថភាព មូលធនមនុស្ស

ភ្នំពេញ៖ លោក ហួត ហាក់ បានថ្លែងថា ការពង្រឹងសមត្ថភាព មន្ត្រីលើការងារនីតិកម្ម មិនមែនគ្រាន់តែជាការបង្កើន ចំណេះដឹងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាការពង្រឹងសមត្ថភាពស្ថាប័ន និងមូលធនមនុស្ស ដើម្បីចូលរួមពង្រឹងនីតិរដ្ឋ អភិបាលកិច្ច និងធានាឱ្យការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន»

ការថ្លែងរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខាងលើនេះ ធ្វើឡើងក្នុងពិធីបិទ «វគ្គបណ្ដុះបណ្ដាល ស្តីពីការពង្រឹងសមត្ថភាពមន្ត្រី លើការងារនីតិកម្មក្នុងវិស័យទេសចរណ៍» ដែលរៀបចំឡើង ក្នុងគោលបំណងផ្តល់ពុទ្ធិថ្មីៗ និងពង្រឹងសមត្ថភាពមន្ត្រីរាជការ ក្រសួងទេសចរណ៍ ទាំងនៅថ្នាក់ក្រសួង និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត អំពីមូលដ្ឋានគ្រឹះនៃការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេសលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យទេសចរណ៍ ឱ្យមានឯកភាព អនុលោមភាព សង្គតិភាព និងសុវត្ថិភាពគតិយុត្តទាំងទម្រង់ និងខ្លឹមសារ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងទេសចរណ៍។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត គឺជាការងារដ៏មានសារៈសំខាន់ ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។ ជាពិសេស ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» ដើម្បីពង្រឹងនីតិរដ្ឋ ប្រសិទ្ធភាព សន្តិសុខគតិយុត្ត និងការគោរពច្បាប់។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ បានឆ្លើយតបទៅនឹងផែនការការងារអាទិភាពទាំង៤ របស់ក្រសួងទេសចរណ៍ សម្រាប់ការពង្រឹងស្ថាប័នផ្ទៃក្នុង រួមមាន៖ ការកសាងលិខិតបទដ្ឋានគតិយុត្តសម្រាប់បម្រើវិស័យទេសចរណ៍, ការពង្រឹងសមត្ថភាពស្ថាប័ន ការកសាង និងអភិវឌ្ឍធនធានមនុស្ស ឱ្យក្លាយជាមូលធនមនុស្សក្នុងវិស័យទេសចរណ៍, និងការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យបន្តខិតខំបង្កើន និងអភិវឌ្ឍចំណេះដឹង វិជ្ជាជីវៈ និងសមត្ថភាពជាប់ជាប្រចាំ ព្រមទាំងយកចំណេះដឹងដែលទទួលបានទៅអនុវត្ត ក្នុងការងារជាក់ស្តែង ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ និងបន្តចែករំលែកចំណេះដឹង និងបទពិសោធ ដល់សហការីនៅក្នុងអង្គភាពរៀងៗខ្លួន។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «មន្ត្រីម្នាក់ៗត្រូវបន្តរៀនសូត្រ បង្កើនសមត្ថភាព និងប្រែក្លាយចំណេះដឹង ដែលទទួលបានទៅជាលទ្ធផលការងារជាក់ស្តែង។ ការមានវប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធ គឺជាកម្លាំងដ៏សំខាន់ ក្នុងការកសាងស្ថាប័នឱ្យកាន់តែរឹងមាំ មានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព»។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលត្រូវបានរៀបចំចំនួន ២ វគ្គ ដោយវគ្គទី១ មានសិក្ខាកាមចំនួន ១២០នាក់ និងវគ្គទី២ មានសិក្ខាកាមចំនួន ១១៤នាក់ តាមរយៈការចូលរួមដោយផ្ទាល់ និងប្រព័ន្ធ Video Conference៕

To Top