លោកប្រធាន MATRADE របស់ម៉ាឡេស៊ី សរសើររាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការ ដឹកនាំពិសេសទទួលបន្ទុក ការងារហាឡាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ឧស្សាហកម្មហាឡាល ២០២៦-២០២៩
ភ្នំពេញ ៖ លោក Dato’ Seri Reezal Merican Naina Merican ប្រធានសាជីវកម្មអភិវឌ្ឍន៍ ពាណិជ្ជកម្មក្រៅ ប្រទេសម៉ាឡេស៊ី (MATRADE) បានប្រសាសន៍ថា ក្នុងឱកាសបេសកកម្មជំរុញការនាំចេញ (Export Acceleration Mission) ដោយ MATRADE (សាជីវកម្មអភិវឌ្ឍន៍ ម៉ាឡេស៉ីនៅកម្ពុជា )រយៈពេល ៤ ថ្ងៃនេះ ហើយលោកពិត ជាមានក្តីរំភើបយ៉ាងក្រៃលែង ដែលមិនត្រឹមតែពួកយើងបានរៀបចំសិក្ខាសាលាធុរកិច្ច និងជំនួបផ្គូផ្គងធុរកិច្ច B2B ដោយជោគជ័យបានបញ្ចប់កាលពីម្សិលមិញនោះទេ ប៉ុន្តែលទ្ធផលដែលទទួលបានពីជំនួប B2B នេះ បានបង្ហាញថា គោលដៅដែលយើងបានកំណត់ទុកពីមុន មិនត្រឹមតែសម្រេចបាននោះទេ គឺថែមទាំងលើសពីការរំពឹងទុក។

នាថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៦ លោក Dato’ Seri Reezal Merican Naina Merican ប្រធានសាជីវកម្មអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសម៉ាឡេស៊ី (MATRADE) និងលោកបណ្ឌិត Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានធ្វើសន្និសារព័ត៌តមាន បន្ទាប់ពីបញ្ចប់វេទិកាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី និងជំនួបផ្គូផ្គងធុរកិច្ច ភ្ជាប់ជាមួយបេសកកម្មជំរុញការនាំចេញ (EAM) មកកាន់កម្ពុជា ឆ្នាំ២០២៦ ជាផ្លូវការនៅសណ្ឋាគារ Hyatt Regency Phnom Penh ។

ប្រធាន MATRADE បានបន្តថា ថវិការកបានពីការលក់សរុបដែលបង្កើតឡើងពីដំណើរទស្សនកិច្ច EAM នេះ គឺមានចំនួនសរុប ១៨៦ លានរីងហ្គីតម៉ាឡេស៊ី។ ដែលគ្របដណ្តប់លើវិស័យចម្រុះជាច្រើន។ នេះជាលទ្ធផលនៃជំនួបធុរកិច្ចចំនួន ២៦០ ត្រូវបានរៀបចំយ៉ាងសម្រិតសម្រាំង គ្របដណ្តប់លើក្រុមហ៊ុនចំនួន ២៦ មកពីប្រទេសម៉ាឡេស៊ី មកពីវិស័យចម្រុះ ចាប់ពីទំនិញប្រើប្រាស់ទូទៅ (FMCG), អាហារ និងភេសជ្ជៈ រហូតដល់ជីជីវសាស្ត្រ, ផលិតផលថែរក្សាខ្លួន និងដំណោះស្រាយវិស្វកម្មឧស្សាហកម្ម។
ជាមួយគ្នានេះ លោកក៏សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះបេសកកម្មស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ដែលដឹកនាំដោយលោកបណ្ឌិត Shahruddin Onn ព្រមទាំងក្រុមការងារទាំងអស់ សម្រាប់ការសម្របសម្រួលបេសកកម្មពន្លឿនការនាំចេញនេះ រហូតទទួលបានជោគជ័យតាមបំណង ។ មិនត្រឹមតែប៉ុណ្ណោះ គឺបានសម្រេចលើសពីតួលេខ ដែលបានកំណត់ពីមុន ចំនួន ១០០លាននរីងហ្គីតម៉ាឡេស៊ី ដោយអល់ឡោះជាម្ចាស់ យើងសម្រេចបានតម្លៃលក់ប្រមាណ ១៨៦ លានរីងហ្គីត ក្នុងអំឡុងបេសកកម្មរយៈពេល ៤ថ្ងៃនេះ ។
ក្រៅពីនេះ លោកក៏មានសេចក្តីរីករាយ ក្នុងការសម្តែងនូវការអរគុណ ចំពោះឱកាសដែលខ្ញុំ បានជួបពិភាក្សាការងារ ទ្វេភាគីជាមួយ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។ យើងបានពិភាក្សាលើប្រធានបទ និងវិស័យសំខាន់ៗជាច្រើន ដែលក្នុងនោះមានវិស័យឧស្សាហកម្មហាឡាល (Halal Industry) ផងដែរ។ នេះគឺជាការបន្ត និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរ ក្នុងអំឡុងកិច្ចប្រជុំ JCBC ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែសីហា កាលពី ២សប្តាហ៍មុន ។

លោក Dato’ Seri Reezal Merican Naina Merican បានបញ្ជាក់ថា លោកបានសម្រេចរួចហើយ សម្រាប់ពាណិជ្ជកម្មទ្វេភាគីរបស់យើងជាលើកដំបូងបានឈានដល់សមិទ្ធផល ១ ប៊ីលានដុល្លារអាមេរិកកាលពីឆ្នាំមុន។ ហើយកិច្ចប្រជុំ JCBC បានកំណត់គោលដៅថ្មីមួយទៀត សម្រេចឲ្យបាន ២ ប៊ីលានដុល្លារអាមេរិក នៃតម្លៃពាណិជ្ជកម្មទ្វេភាគី ឲ្យបានត្រឹមឆ្នាំ២០២៧ ។ ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦ តម្លៃពាណិជ្ជកម្ម សរុបរវាងប្រទេស ទាំង ២ មានចំនួន ៨៣៣ ប៊ីលានដុល្លារ រួចជាស្រេច ។ ប្រសិនបើនិន្នាការនេះ នៅតែបន្តក្នុង លំនាំដដែលសម្រាប់រយៈពេល ៦ខែបន្ទាប់ទៀតនៃឆ្នាំនេះ លោកមើលឃើញថា លទ្ធភាពនៃការសម្រេចបាន ១ប៊ីលាន ដូចឆ្នាំមុន គឺមិនត្រឹមតែយើងនឹងបំបែកកំណត់ត្រានោះឡើងវិញជាមួយតួលេខខ្ពស់ប្រវត្តិសាស្ត្រថ្មីប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំគិតថាវាអាចកើនឡើងលើសពី ១.៥ ប៊ីលាន ទៀតផង ។ ដោយឈរលើហេតុផលនេះ គោលដៅ ២ ប៊ីលានបានកំណត់ដោយកិច្ចប្រជុំ JCBC រវាងប្រទេសទាំងពីរ គឺពិតជាអាចសម្រេច បានយ៉ាងពិតប្រាកដ នៅត្រឹមចុងឆ្នាំ២០២៧ ។

លោកប្រធាន MATRADE ត្រូវតែសរសើរចំពោះគំនិតផ្តួចផ្តើម ដែលត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការ ដឹកនាំពិសេសទទួលបន្ទុកការងារហាឡាល និងបានរៀបចំផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ឧស្សាហកម្មហាឡាល ២០២៦-២០២៩ ។ កត្តានេះ បានបង្ហាញយ៉ាងច្បាស់ ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់កម្ពុជា ក្នុងការយកចិត្តទុកដាក់យ៉ាងយកចិត្តទុកដាក់លើ ឧស្សាហកម្មហាឡាល ។
ហើយជាការពិតណាស់ ឧស្សាហកម្មហាឡាល តែងតែយោងទៅលើប្រទេសម៉ាឡេស៊ី ក្នុងនាមជាអ្នកលើក កម្ពស់ឈានមុខគេ ។ លោកបានអញ្ជើញរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍ MIHAS នាឆ្នាំនេះ ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ច និងសហគមន៍ធុរកិច្ចកម្ពុជាផងដែរ ។ យើងចង់ឃើញកិច្ចសហប្រតិបត្តិការ លើវិស័យហាឡាលនេះ ហើយចង់ឃើញខ្សែច្រវាក់តម្លៃហាឡាល ត្រូវបានបង្កើតឡើងយ៉ាងរឹងមាំនៅក្នុងប្រទេសកម្ពុជា៕



