Feature

១០ថ្ងៃ ! គ្រោះថ្នាក់ចរាចរណ៍​ បណ្ដាឱ្យមនុស្សស្លាប់ ៣២នាក់ និងរងបួសធ្ងន់-ស្រាល ៩៥នាក់

ភ្នំពេញ ៖ មានអ្នកដំណើរ ៣២នាក់បានស្លាប់ និង៩៥នាក់ទៀតរងរបួសធ្ងន់-ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ បើតាមរបាយការណ៍ សោកនាដកម្មលើដងផ្លូវថ្មីទៀតនេះ បានកើតឡើងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍សរុប៦៧ករណី នៅទូទាំងប្រទេស។

បើធៀបនឹងរយៈពេល១០ថ្ងៃដំបូង ក្នុងខែសីហាដដែល ចំនួនអ្នកស្លាប់បានថយចុះរហូតដល់ទៅ២០នាក់។ អត្រាថយចុះករណីស្លាប់នេះ ត្រូវបានចាត់ទុកជាសញ្ញាណវិជ្ជមានមួយ ដែលទំនងកើតចេញពីការខិតខំចាត់វិធានការតាមផ្លូវច្បាប់របស់សមត្ថកិច្ច ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ធំៗចុងក្រោយ និងក៏ដោយសារស្មារតីភ្ញាក់រលឹករបស់អ្នកបើកបរ។

យ៉ាងណាក៏ដោយ មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ មិនមានអ្វីប្រែប្រួលនោះទេ ពោលគឺ ដើមចំនៃបញ្ហានេះបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព បើកបរមិនប្រកាន់ស្តាំ វ៉ាជែង បត់មិនប្រយ័ត្ន បើកបរក្នុងស្ថានភាពស្រវឹង មិនគោរពសញ្ញាចរាចរណ៍ និងកត្តាយានយន្ត។

ក្នុងឆមាសទី១ ឆ្នាំ២០២៦ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប១.២៧៩លើក បណ្ដាលឱ្យមនុស្សស្លាប់ ៧៧៣នាក់ និងរបួសធ្ងន់ ស្រាលសរុប ១.៩៤៤នាក់។ មូលហេតុនៃគ្រោះថ្នាក់រួមមាន បើកបរលើសល្បឿនកំណត់ ៤៦ភាគរយ មិនគោរពសិទ្ធិអាទិភាព ២២ភាគរយ មិនប្រកាន់ស្ដាំ ១២ភាគរយ ប្រជែងគ្រោះថ្នាក់៧ភាគរយ បត់មិនប្រយត្ន៦ភាគរយ បើកបរក្នុងស្ថានភាពស្រវឹង៤ភាគរយ មិនគោរពសញ្ញាចរាចរណ៍២ភាគរយ និងកត្តាយានយន្ត ១ភាគរយ៕

To Top