Feature

រដ្ឋមន្រ្តីអប់រំ ៖ ការផ្ដល់អាហារតាមសាលារៀន ប្រើកសិផលសហគមន៍ ជួយដល់ការលូតលាស់ និងបញ្ញាស្មារតីរបស់កុមារ

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ការផ្ដល់អាហារ តាមសាលារៀនដោយប្រើប្រាស់ កសិផលសហគមន៍ បានគាំទ្រដល់ការលូតលាស់ផ្នែករាងកាយ និងបញ្ញាស្មារតី ជួយឱ្យកុមារមានសុខភាពល្អ បង្កើនសមត្ថភាពនៃការចងចាំ ។

ក្នុងទស្សនកិច្ច ពិនិត្យវឌ្ឍនភាពកម្មវិធី ផ្ដល់អាហារតាមសាលារៀន នៅខេត្តបន្ទាយមានជ័យ រដ្ឋមន្ត្រីក្រសួងអប់រំ បានគូសរំលេចពីសារៈសំខាន់ នៃការផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ ដែលជាអាហារប្រកបដោយជីវជាតិ និងអាហារូបត្ថម្ភគ្រប់គ្រាន់ គាំទ្រដល់ការលូតលាស់ផ្នែករាងកាយ និងបញ្ញាស្មារតី ជួយឱ្យកុមារមានសុខភាពល្អ បង្កើនសមត្ថភាពនៃការចងចាំ និងផ្ដោតអារម្មណ៍ក្នុងការរៀនសូត្រ ដែលបានរួមចំណែកកាត់បន្ថយការបោះបង់ការសិក្សា ទាក់ទាញកុមារឱ្យមកជួបជុំរៀនសូត្របានទៀងទាត់ ជាពិសេសបានជួយសម្រួលដល់បន្ទុកគ្រួសារ។

លោកបន្តថា ខណៈកម្ពុជាជួបវិបត្តិជម្លោះព្រំដែនជាមួយប្រទេសថៃរ៉ាំរ៉ៃជាច្រើនខែមកនេះ ការបន្តចូលរួមចំណែកគាំទ្ររបស់សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីគាំទ្រដល់ដំណើរការសាលារៀនបណ្ដោះអាសន្ននៅតាមជំរំសុវត្ថិភាព ពិតជាសំខាន់ និងចាំបាច់។ ក្នុងនោះ មន្ទីរអប់រំខេត្ត និងរដ្ឋបាលស្រុកទាំង៣ នៅបន្ទាយមានជ័យ បានសហការយ៉ាងល្អជាមួយភាគីពាក់ព័ន្ធបានយកចិត្តទុកដាក់សម្របសម្រួលដល់ដំណើរការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលា ក៏ដូចជាការនាំយកជំនួយឧបត្ថម្ភនានាពីសប្បុរសជន និងរាជរដ្ឋាភិបាល ប្រគល់ជូនបុគ្គលិកអប់រំ និងសហគមន៍ស្នាក់នៅក្នុងជំរំសុវត្ថិភាព និងសាលារៀនបណ្ដោះអាសន្ន ដើម្បីអាចដំណើរការទៅបានល្អប្រសើរ។
រដ្ឋមន្រ្តីក៏បានកោតសរសើរ ចំពោះទឹកចិត្តតស៊ូ របស់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំពុះពារការលំបាកបង្រៀន សិស្សប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ ធានាបាននូវនិរន្តរភាពនៃការរៀន និងបង្រៀន។

សូមបញ្ជាក់ថា ឆ្លើយតបនឹងស្ថានភាពបន្ទាន់ ដែលកើតចេញពីសង្គ្រាមឈ្លានពាននៅព្រំដែនកន្លងមក កម្មវិធីស្បៀងអាហារពិភពលោក បានទទួលថវិកាគាំទ្រពីប្រជាជនជប៉ុន ដើម្បីគាំទ្រកម្មវិធីផ្ដល់អាហារ តាមសាលារៀនដល់សិស្សដែលកំពុងសិក្សានៅសាលារៀនតាមព្រំដែន ថ្នាក់រៀនបណ្ដោះអាសន្ននៅតាមជំរំសុវត្ថិភាព សរុបចំនួន២៣កន្លែង ដែលមានទីតាំងក្នុងខេត្តចំនួន ៣ គឺខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ៕

To Top