ក្រសួងការងារ បន្តពង្រឹងសមត្ថភាពមន្ត្រី ផ្សះផ្សាវិវាទការងារ ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពដោះស្រាយវិវាទ
ភ្នំពេញ ៖ លោក សោម ចំណាន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការកសាងសមត្ថភាពសម្រាប់មន្ត្រីផ្សះផ្សាវិវាទការងារ” នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្រោមក្របខ័ណ្ឌ គម្រោងភាពជាដៃគូនៃអង្គការអន្តរជាតិខាងការងារ និងសាធារណរដ្ឋកូរ៉េ (ILO-Korea) សម្រាប់មន្ត្រីផ្សះផ្សាវិវាទការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ។

វគ្គបណ្តុះបណ្តាលមានរយៈពេល៣ថ្ងៃ ដោយផ្តោតលើការពង្រឹងចំណេះដឹង និងជំនាញរបស់មន្ត្រីផ្សះផ្សា ពាក់ព័ន្ធនឹងបច្ចេកទេសសម្របសម្រួល និងផ្សះផ្សាវិវាទការងារ ការរៀបចំកំណត់ហេតុផ្សះផ្សា ក្រមសីលធម៌របស់មន្ត្រីផ្សះផ្សា និងសារៈសំខាន់នៃការដោះស្រាយបណ្តឹងតវ៉ា នៅកម្រិតសហគ្រាសប្រកប ដោយប្រសិទ្ធភាព។ ការបណ្តុះបណ្តាលនេះ បង្រៀនដោយអ្នកជំនាញរបស់ ILO អ្នកជំនាញមកពីសាធារណរដ្ឋកូរ៉េ និងអ្នកជំនាញជាតិ ដែលមានបទពិសោធក្នុងវិស័យការងារ និងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ។

ថ្លែងក្នុងឱកាសនេះ លោក សោម ចំណាន បានបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ស្របតាមទិសដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។ ការងារនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការពង្រឹងសមត្ថភាព និងវិជ្ជាជីវៈរបស់មន្ត្រីផ្សះផ្សាវិវាទការងារ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្សះផ្សា លើកកម្ពស់សុខដុមរមនាក្នុង ទំនាក់ទំនងវិជ្ជាជីវៈ កិច្ចសន្ទនាសង្គម និងការដោះស្រាយវិវាទការងារ នៅកន្លែងធ្វើការដោយសន្តិវិធី។

លោកបានសង្កត់ធ្ងន់ថា ការកសាងសមត្ថភាពរបស់តួអង្គពាក់ព័ន្ធក្នុងទំនាក់ទំនងវិជ្ជាជីវៈ ជាពិសេសអធិការការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារ គឺជាកត្តាចាំបាច់ក្នុងការលើកកម្ពស់បរិយាកាសការងារ ផលិតភាព និងទំនុកចិត្តលើយន្តការដោះស្រាយវិវាទការងារ។ ការពង្រឹងសមត្ថភាពនេះ ក៏ជាផ្នែកសំខាន់ក្នុងការលើកកម្ពស់ការងារសមរម្យ និងសុខដុមនីយកម្មនៅកម្ពុជា។

ជាមួយគ្នានេះ លោក ហូជុល ស៊ីន (Hochul Shin) ប្រធានទីប្រឹក្សាផ្នែកបច្ចេកទេសនៃគម្រោងភាពជាដៃគូ ILO-Korea បានលើកឡើងថា ការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសមន្ត្រីផ្សះផ្សា មានសារៈសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សះផ្សា សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការការពារសិទ្ធិកម្មករនិយោជិត និងនិរន្តរភាពផលិតភាពអាជីវកម្ម។ លោកបន្តថា ការងារនេះក៏អាចជួយកម្ពុជាកសាងប្រព័ន្ធទំនាក់ទំនងការងារដែលមានភាពធន់ និងប្រកបដោយសមធម៌ ព្រមទាំងផ្តល់ផលប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់៕







