Feature

កម្មករ៖ បើទោះបីជាការដំឡើង ប្រាក់ឈ្នួល ឆ្នាំ២០២៧ មិនច្រើនមែន ប៉ុន្តែប្រាក់ឈ្នួល នៅកម្ពុជា ខ្ពស់ជាងបណ្តា ប្រទេសផ្សេងៗច្រើនណាស់

ភ្នំពេញ៖ កម្មករនិយោជិត នៅកម្ពុជាបានលើកឡើងថា បើទោះបីការដំឡើងប្រាក់ឈ្នួល អប្បបរមាសម្រាប់ឆ្នាំ២០២៧ មិនមានចំនួនច្រើនក៏ដោយ ប៉ុន្តែពួកគាត់យល់ថា ប្រាក់ឈ្នួលដែលកម្មករទទួលបាននៅកម្ពុជា នាពេលបច្ចុប្បន្ន មានកម្រិតសមរម្យ និងខ្ពស់ជាងប្រទេសមួយចំនួននៅក្នុងតំបន់។

លោក ឡេវ សំអាន ធ្វើការក្នុងរោងចក្រមួយនៅរាជធានីភ្នំពេញបានលើកឡើងថា ការកំណត់ប្រាក់ឈ្នួលមិនគួរមើលតែ ចំនួនប្រាក់ដែលត្រូវ បន្ថែមក្នុងមួយឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែគួរពិចារណាផងដែរអំពីស្ថានភាពសេដ្ឋកិច្ច ការងារ សមត្ថភាពរបស់រោងចក្រ និងការប្រកួតប្រជែងរបស់កម្ពុជាជាមួយប្រទេសប្រកួតប្រជែងផ្សេងៗ។

លោកថ្លែងថា៖ «​បើទោះបីការដំឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៧ មិនបានច្រើនដូចការរំពឹងទុកក៏ដោយ ប៉ុន្តែខ្ញុំយល់ថា ប្រាក់ឈ្នួលកម្មករ នៅកម្ពុជាសព្វថ្ងៃ នៅតែមានកម្រិតល្អ បើប្រៀបធៀបជាមួយប្រទេសមួយចំនួន នៅក្នុងតំបន់ដូច ជាប្រទេសបង់ក្លាដែស ឥណ្ឌា និងបណ្តាប្រទេសផ្សេងៗ។ ដូច្នេះ ខ្ញុំ​រីករាយនឹងអ្វីដែលទទួលបាន និងបន្តខិតខំធ្វើការងារ ដើម្បីរក្សាការងារ និងប្រាក់ចំណូលរបស់ខ្លួន »។

ស្រដៀងគ្នានេះ លោក ឈឺន គង្គា កម្មករមួយទៀតបានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ ទោះបីជាក្នុងចំនួនមិនច្រើនក៏ដោយ ក៏អាចជួយបង្កើនចំណូល និងសម្រួលការចំណាយប្រចាំថ្ងៃកាន់តែប្រសើរជាងមុនដែរ។ ទន្ទឹមនឹងនេះ ការរក្សាឱ្យរោងចក្រ និងសហគ្រាសអាចប្រកួតប្រជែងបាន កាន់តែមានសារៈសំខាន់ ដើម្បីធានាការងាររបស់កម្មករដែលមានស្រាប់ និងបង្កើតឱកាសការងារថ្មី។

លោកបញ្ជាក់ថា៖«ខ្ញុំគិតថា ទោះការដំឡើង ប្រាក់ឈ្នួលឆ្នាំ២០២៧ មានចំនួនមិនច្រើនក៏ដោយ ក៏ជាការបន្ថែមដ៏ល្អ សម្រាប់ជីវភាពកម្មករ និងគ្រួសារ។ ការដំឡើងប្រាក់ឈ្នួលបន្តិចម្តងៗ អាចជួយឱ្យកម្មករមានប្រាក់ចំណូលកាន់តែប្រសើរ ខណៈដែលសហគ្រាសនៅតែបន្តរក្សាសមត្ថភាពប្រកួតប្រជែង។ បើយើងប្រៀបធៀបជាមួយប្រទេសមួយចំនួនក្នុងតំបន់ ប្រាក់ឈ្នួលកម្ពុជាមានកម្រិតខ្ពស់ជាងប្រទេសមួយចំនួន ​ដូច្នេះយើងគួរតែចូលរួមគាំទ្រនិងពេញចិត្ត ចំពោះការកែលម្អប្រាក់ឈ្នួលដែលអាចធ្វើទៅបានជាក់ស្តែង»។

​បើតាមបងប្អូនកម្មករនិយោជិតខាងលើ ការរក្សាបាននូវតុល្យភាពរវាងប្រាក់ឈ្នួល ស្ថិរភាពការងារ និងសមត្ថភាពប្រកួតប្រជែងរបស់វិស័យនឹងជួយឱ្យកម្មករមានប្រាក់ចំណូលកាន់តែប្រសើរ ខណៈរោងចក្រ និងសហគ្រាសអាចបន្តបង្កើតការងារជូនប្រជាពលរដ្ឋបានយូរអង្វែង៕

To Top