នយោបាយ

Full Story៖ក្រោយផែនការរដ្ឋប្រហារបរាជ័យ! នាយករដ្ឋមន្រ្តី អំពាវនាវឲ្យដោះលែងសកម្មជនអតីត បក្សប្រឆាំង និងហៅអ្នករត់ចោលស្រុកត្រឡប់មក ជួបជុំគ្រួសារវិញ

ភ្នំពេញ៖ក្រោយផែនការធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី ទទួលបរាជ័យយ៉ាងអាម៉ាស់កាលពីថ្ងៃទី៩វិច្ឆិកានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវឲ្យដោះលែងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់សាមីខ្លួន និងហៅអ្នកចាញ់បោកមេឧទ្ទាមហើយរត់គេចខ្លួនក្នុងស្រុកនិងក្រៅស្រុក ឲ្យវិលចូលមកស្រុកខ្មែរជួបជុំគ្រួសារវិញដោយគ្មានទោសពៃអ្វីឡើយ ។

សូមរំលឹកថា ជនក្បជាតិ សម រង្ស៊ី និងបក្ខពួកជាច្រើននាក់ទៀតបានដើរញុះញង់ឲ្យប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសចូលរួមផែនការធ្វើរដ្ឋប្រហារដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៩ វិច្ឆិកា ប៉ុន្តែត្រូវទទួលបរាជ័យយ៉ាងអាម៉ាស់ និងធ្វើឲ្យអ្នកគាំទ្រអស់ជំនឿទាំងស្រុង ។

ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ខេត្តកំពត នាព្រឹកថ្ងៃទី១៤ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមទប់ស្កាត់ រដ្ឋប្រហារប៉ុនប៉ងដណ្ដើមអំណាច នៅថ្ងៃទី៩ វិច្ឆិកា តាមរយៈការទទួលទានអំបុក ក្រោមពាក្យស្លោកថា អំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ ។

សម្ដេចបន្តថា វាជារឿងចម្លែកណាស់ ដែលសារនយោបាយបានផ្ដល់ចេញមកថា ថ្ងៃ៩ វិច្ឆិកា ជាថ្ងៃចាប់ ហ៊ុន សែន យកទៅផ្ដន្ទាទោស ឬនិរទេសឲ្យទៅនៅក្រៅប្រទេស ហើយជ្រើសគេ (សម រង្ស៊ី) ឲ្យគ្រប់គ្រងអំណាចម្ដង ។ សម្ដេចថា បញ្ហានេះរាជរដ្ឋាភិបាល គ្មានជម្រើសអ្វីក្រៅពីទប់ស្កាត់ឲ្យខានតែបាន តាមគ្រប់វិធី ដើម្បីធានានូវសន្តិភាព និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋរបស់យើង ។

សម្ដេចបន្តទៀតថា មេឧទ្ទាម សម រង្ស៊ី ធ្លាប់បានអំពាវនាវឲ្យសម្ដេច ស ខេង ឲ្យធ្វើបក្សប្រហារផ្ដួលរំលំ សម្ដេចប៉ុន្តែអ្វីដែលធ្ងន់ជាងនេះគឺប្រើសម្ដេច ស ខេង ឲ្យធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រីផងដែរ។

សម្ដេចតេជោបញ្ជាក់ថា «រាជរដ្ឋាភិបាល អំពាវនាវឲ្យបងប្អូនដែលចាញ់បោកគេ ហើយរត់ទៅប្រទេសថៃ ត្រឡប់ចូលមកក្នុងប្រទេសវិញ ព្រោះមានមួយចំនួនចាញ់បោក មេខ្លោង (សម រង្ស៊ី) ចូលទៅក្នុងប្រទេសថៃ រួចហើយអមដំណើរមេគេ ចូលមកដណ្ដើមអំណាច នៅភ្នំពេញ ។ ឥឡូវកំពុងស្នាក់នៅក្នុងប្រទេសថៃ ខ្លះទៅមុន ខ្លះទៅក្រោយ មួយចំនួនភ័យខ្លាចគេចាប់នៅក្នុងប្រទេស ក៏រត់ទៅថៃ ឥឡូវសុំបងប្អូនវិលត្រឡប់ មកកាន់ផ្ទះសំបែង នៅក្នុងប្រទេសកម្ពុជាវិញ អត់មានទោសពៃអីទេ អត់មានអ្នកណាចាប់ទេ ហ៊ុន សែន បញ្ជារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ មិនត្រូវចាប់ចងអ្នកដែលបានទៅលាក់ខ្លួន នៅក្នុងប្រទេសថៃនោះទេ» ។

សម្ដេចតេជោ ក៏បានលើកឡើងថា តុលាការគ្រប់រាជធានីខេត្តដែលបានចេញដីការ ចាប់ខ្លួនសកម្មជនអតីតបក្សប្រឆាំងមួយចំនួនគប្បីដក ឬលុបដីការនេះចេញ ដើម្បីអនុញ្ញាតឲ្យពួកគេបានមកស្រុកវិញ ។

សម្ដេចថា អ្នកដែលបានរត់គេចខ្លួនទៅក្រៅប្រទេស ឬនៅក្នុងប្រទេសក្ដីត្រូវត្រឡប់មក ជួបជុំគ្រួសារវិញ ហើយមិនត្រូវចាញ់បោក មេឧទ្ទាមទៀតទេ ។

សម្តេចតេជោអះអាងថា «អ្នកដែលកំពុងលាក់ខ្លួន រត់ពីកន្លែងមួយទៅកន្លែងមួយ សូមត្រឡប់ទៅភូមិកំណើតវិញ។ នេះដោយសារអ្នកចាញ់បោកគេ បានជាមានរឿងអីចឹង! រាជរដ្ឋាភិបាលយល់ណាស់ ក៏ប៉ុន្តែនៅមុនថ្ងៃ៩ វិច្ឆិកា រាជរដ្ឋាភិបាលមិនអាចប្រើសម្ដីនេះបានទេ ព្រោះរាជរដ្ឋាភិបាល មានការចាំបាច់ដើម្បីត្រួតត្រា សភាពការណ៍ប្រឆាំងនឹងរដ្ឋប្រហារ និងអំពើហិង្សាដែលគេប៉ុងប៉ងផ្តួលរំលំ។ ប៉ុន្តែឥឡូវនេះក្នុងនាមខ្ញុំជា ប្រធាននីតិប្រតិបត្តិ ខ្ញុំអំពាវនាវឲ្យមនុស្សទាំងអស់ ដែលកំពុងរត់គេចខ្លួន ត្រឡប់មកភូមិកំណើតវិញ កុំលាក់ខ្លួនកន្លែងនេះកន្លែងនោះតទៅទៀត ហើយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងនិយាយជារួមកម្លាំងមានសមត្ថកិច្ច ដែលអនុវត្តច្បាប់ ជាពិសេសនគរបាល និងអាវុធហត្ថ កុំធ្វើអីឲ្យសោះ ឲ្យគេមកផ្ទះយ៉ាងស្រួល ហើយរាប់អានគ្នាទៅ ធ្វើការជាមួយគ្នាទៅ» ។

សម្តេចតេជោ ក៏បានអំពាវនាវថា មិនត្រឹមតែបងប្អូននៅក្នុងប្រទេសថៃនោះទេ អ្នកនៅបណ្តាប្រទេសផ្សេងទៀត ហើយមិនអាចទៅប្រទេសទី៣បាន សូមត្រឡប់មកវិញមកគ្មានអ្នក ណាធ្វើអ្វីនោះទេ។

ចំពោះអ្នកដែលបានចាប់ខ្លួននាពេលកន្លងមក សម្ដេចក៏បានសុំណែនាំឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា តុលាការ ដើម្បីដោះលែងឲ្យនៅក្រៅឃុំ តាមការស្នើសុំរបស់សាមីខ្លួន មេធាវី ឬរបស់ក្រុមគ្រួសារ ព្រោះថាបើគ្មាន ការស្នើសុំទេ គឺយើងមិនអាចដោះលែង ឲ្យនៅក្រៅឃុំបានទេ។

សម្តេចគូសបញ្ជាក់ថា «អាមេខ្លោងវាបានរុញយើងឲ្យស្លាប់ រុញដំបូងរុញអ្នកនៅក្នុងប្រទេសឲ្យស្លាប់ បន្ទាប់មករុញពលករពីប្រទេសថៃ ឲ្យឆ្លងកាត់ទល់ដែន ដើម្បីនាំវា (សម រង្ស៊ី) ចូលស្រុក ហើយវានៅពីក្រោយ ។ បានសេចក្ដីថា អានេះបានប្រុងប្រើញើសឈាមប្រជាពលរដ្ឋ ដើម្បីបម្រើមហិច្ឆតាអំណាចរបស់វា គិតទៅវាខូចមែន អាខូចនៅតែខូច បោកនៅតែបោក អាភូតនៅតែភូត។ អីចឹងទេសុំឲ្យតុលាការ ព្រះរាជអាជ្ញា ហើយជាពិសេសក្រសួងយុត្តិធម៌ ធ្វើការណែនាំទៅ…»។

សម្តេចក៏បានសំណូមពរឲ្យតុលាការខេត្តកំពតខិតខំដោះស្រាយឲ្យអ្នកដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលឲ្យបានលឿន នៅថ្ងៃនេះតែម្តង ដើម្បីឲ្យពួកគេឃើញថា ស ម្ដីនាយករដ្ឋមន្ត្រីមានប្រសិទ្ធភាព។
សម្តេច ក៏បានផ្តាំទៅកាន់អ្នកគាំទ្រ ក្រុមប្រឆាំងនៅក្រៅប្រទេសថា កុំអាងតែមានអណ្តាតចេះតែនិយាយ ពីខាងក្រៅឲ្យអ្នកខាងក្នុងប្រទេសធ្វើតាម ។ ផ្ទុយទៅវិញអ្នកនៅ ខាងក្នុងគឺ ជាអ្នកជាប់ពន្ធនាគារមុនគេ ជាក់ស្តែងគ្មានអ្នកណាគេមកជួយដោះស្រាយទេ គឺមានតែ ហ៊ុន សែន ដដែលជាអ្នកជួយដោះស្រាយ ។

ក្នុងឱកាសនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសកាន់អំណាចរហូតដល់ឆ្នាំ២០២៨ ព្រោះសម្ដេច និងគណបក្សប្រជាជនកម្ពុជា នៅតែជាតួអង្គសំខាន់ សម្រាប់ប្រជាជននិងប្រទេសកម្ពុជា ។

សម្ដេចថ្លែងថា «ជាង ៨៣% ដែលចូលរួមបោះឆ្នោត ក្នុងនោះ ៧៧% នៃប្រជាជនដែលចូលរួមបោះឆ្នោត បានបោះឲ្យគណបក្សប្រជាជន បង្ហាញឲ្យឃើញថាគណបក្សប្រជាជន និង ហ៊ុន សែន នៅតែជាតួអង្គដែលមិនអាចខ្វះបាន សម្រាប់កម្ពុជា ហើយអ្នកឯងត្រូវចាំណា ហ៊ុន សែន នឹងកាន់តំណែងរហូតដល់ឆ្នាំ២០២៨» ។

ទន្ទឹមគ្នានេះក្នុងនាមរាជរដ្ឋាភិបាលសម្ដេចតេជោក៏បានការកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការធានារក្សាការពារសុខសន្តិភាព និងស្ថិរភាពសង្គម ជាពិសេស ការសម្រេចបាននូវជោគជ័យ ដ៏ត្រចះត្រចង់ក្នុងការបំផ្លាញចោលទាំងស្រុង នូវផែនការរបស់ក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលប៉ុនប៉ងយកថ្ងៃទី៩ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រមូលកម្លាំងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពី ឆន្ទៈរបស់ប្រជាជន តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាពិសេស ឧបាយកលដ៏ខ្មៅងងឹតក្នុងការប៉ុនប៉ង ផ្លាស់ប្តូររបបរាជានិយមនៅកម្ពុជា។

សម្ដេចបន្ថែមថា ជោគជ័យនេះ ក៏មិនអាចកាត់ផ្តាច់បានពី ការចូលរួមចំណែកដ៏សំខាន់ និងមិនអាចខ្វះបានរបស់ប្រជាជនកម្ពុជា ទូទាំងប្រទេសដែលបាន បង្ហាញនូវសាមគ្គីភាពរឹងមាំជាមួយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការពារ និងថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ជាពិសេសបានបង្ហាញនូវ ស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុតចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃជាតិខ្មែរ និងចំពោះរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា៕ ដោយ៖ ខា ដា

To Top