នយោបាយ

លីកាដូរកឃើញថា អ្នកជាប់ពន្ធនាគារមានច្រើនលើសលុប មិនធ្លាប់មានពីមុនមក

ភ្នំពេញ ៖ អង្គការលីកាដូបានឃ្លាំមើល និងរកឃើញថា ចំនួនអ្នកជាប់ពន្ធនាគារនៅកម្ពុជាមានចំនួនច្រើនលើសលុបដែលមិនធ្លាប់មានពីមុនមក។ ចំនួនច្រើននេះ ដោយសារការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការច្រើនហួសហេតុពេក។

បើតាមការផ្សព្វផ្សាយលើផេករបស់លីកាដូនារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បច្ចុប្បន្ន មានអ្នកជាប់ឃុំជាង២៩០០០នាក់ក្នុងពន្ធនាគារចំនួន១៨ ។

លីកាដូបញ្ជាក់ថា “ពេលនេះ ចំនួនច្រើនលើសលប់នៃអ្នកជាប់ឃុំនៅក្នុងបន្ទប់ឃុំឃាំងគឺខ្ពស់ខ្លាំង មិនធ្លាប់មានពីមុនមកទេនៅទូទាំង​ប្រទេសកម្ពុជា ដែលភាគ ច្រើនបណ្ដាលមកពីការប្រើប្រាស់ នីតិវិធីឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការច្រើនហួសហេតុពេក” ។

ជាមួយគ្នានេះ លីកាដូ ស្នើសុំទទូចដល់អាជ្ញាធរកម្ពុជាអនុវត្តអនុសាសន៍មួយចំនួនដូចខាងក្រោម៖

គ្រប់អ្នកជាប់ឃុំដែលមានសិទ្ធិគួរត្រូវបានសាកសួរថា ពួកគាត់ចង់ស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្នឬទេ ។ ធានាថា ការឃុំខ្លួនបណ្ដោះអាសន្នត្រូវបានប្រើប្រាស់ដោយត្រឹមត្រូវ និងជាជម្រើសចុងក្រោយ អនុលោមតាមគោលការណ៍សន្មត់ថាគ្មានទោស។ ធានាថា មុនពេលចេញដីកាឃុំខ្លួនការគិតពិចារណាឲ្យបានត្រឹមត្រូវពាក់ព័ន្ធកិច្ចការពារផ្នែកច្បាប់។

ក្នុងនោះត្រូវធានាថា គ្រប់បុគ្គលត្រូវបានចោទប្រកាន់ មានសិទ្ធិនិងកិច្ចការពារមុនពេលសវនាការ រួមមានសិទ្ធិទទួលបានការពារផ្លូវច្បាប់គ្រប់គ្រាន់ ។ ផ្ដល់អាទិភាពសវនាការសុំនៅក្រៅឃុំលើករណីអ្នកជាប់ឃុំងាយរងគ្រោះដូចជា ស្ត្រីមានផ្ទៃពោះ និងម្ដាយដែលមានកូនតូចនៅជាមួយ អ្នកជាប់ឃុំជាអនីតិជន និងអ្នកការពារសិទ្ធិមនុស្ស។

ពាក់ព័ន្ធករណីនេះដែរ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏ធ្លាប់បានលើកឡើងពីការធ្វើកំណែទម្រង់ផ្នែកពន្ធនាគារផងដែរ ដែលភាគីពាក់ព័ន្ធដូចជាក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងសាលារាជធានីភ្នំពេញត្រូវពិភាក្សាគ្នា ធ្វើការញែកដាក់ពិរុទ្ធជន ទណ្ឌិត អ្នកគ្រឿងញៀនដោយឡែកពីគ្នា កុំឲ្យមានការចង្អៀតណែនតាប់ ៕

To Top