ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា សុខសន្តិភាព និងភាពរឹងមាំនៃកំណើន សេដ្ឋកិច្ចជាតិសព្វថ្ងៃនេះ គឺបានបង្ហាញច្បាស់អំពីកម្ពុជា កំពុងធ្វើដំណើរនៅលើផ្លូវ ត្រូវមួយយ៉ាងពិតប្រាកដ ។
យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោ បានថ្លែងថា “នៅសល់តែ១១ថ្ងៃទៀតទេ ឆ្នាំថ្មី ២០២០នឹងមកដល់។ សុខសន្តិភាព និងភាពរឹងមាំនៃកំណើន សេដ្ឋកិច្ចជាតិសព្វថ្ងៃ គឺបានបង្ហាញច្បាស់ថា កម្ពុជាយើងកំពុងធ្វើដំណើរ លើផ្លូវត្រូវពិតប្រាកដ” ។
ក្នុងឱកាសនោះ សម្ដេចបានថ្លែងអំណរគុណ សប្បុរជនរួមមាន៖ ក្រុមហ៊ុនឯកជននានា, អង្គការ, សមាគមទាំងក្នុងនិងក្រៅប្រទេស បានចូលរួមវិភាគទាន ជាសំភារៈ និងថវិកាក្នុងការសាងសង់ មន្ទីរពេទ្យកាល់ម៉ែត្រឲ្យក្លាយជា មន្ទីរពេទ្យគំរូជាតិឈានមុខនៅកម្ពុជា ដើម្បីបម្រើសេវាសុខាភិបាលជូន ប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត ។
ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានអរគុណប្រជាពលរដ្ឋទាំង ក្នុងនិងក្រៅប្រទេសដែលបាន ផ្ញើសារចូលរួមផ្តល់កម្លាំងចិត្ត និងក្តីស្រឡាញ់រាប់អានដល់សម្ដេច ក៏ដូចជាក្រុមគ្រួសារ ក្នុងពេលដ៏លំបាកបំផុតនេះ ជាពិសេសជូនពរឲ្យម្ដាយក្មេក របស់សម្ដេចកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្របានឆាប់ជាសះស្បើយ ដើម្បីជាម្លប់ដ៏កក់ក្តៅសម្រាប់ កូនចៅទាំងអស់គ្នាផងដែរ ៕
ដោយ៖ ធី លីថូ