នយោបាយ

Full story ៖ នាយករដ្ឋមន្រ្តីអះអាងថា រោងចក្រមួយចំនួននៅកម្ពុជា ប្រឈមបិទទ្វារ មិនមែនដោយសារ EBA តែមកពីផ្ទុះវីរុសកូរ៉ូណានៅចិន (វីដេអូ)

នាយករដ្ឋមន្រ្តីអះអាងថា រោងចក្រមួយចំនួននៅកម្ពុជា ប្រឈមបិទទ្វារមិនមែន EBA

នាយករដ្ឋមន្រ្តីអះអាងថា រោងចក្រមួយចំនួននៅកម្ពុជា ប្រឈមបិទទ្វារមិនមែន EBA តែមកពីផ្ទុះវីរុសកូរ៉ូណានៅចិនhttps://www.dap-news.com/politic/2020/02/11/32226/

Posted by Dap_News_Website on Tuesday, 11 February 2020

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអះអាងថា រោងចក្រមួយចំនួននៅកម្ពុជា អាចប្រឈមការបិទទ្វារ មិនមែនមកពីសហភាពអឺរ៉ុប (EU) ដកប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញ គ្រប់ប្រភេទលើកលែងតែអាវុធ (EBA) ពីកម្ពុជាឡើយ តែដោយសារចិន បិទរោងចក្រផ្គត់ផ្គង់ វត្ថុធាតុដើមមកកម្ពុជា ព្រោះវីរុសកូរ៉ូណាប្រភេទថ្មី ដែលកំពុងរាតត្បាត នៅចិន ។

នៅថ្ងៃទី១២ កុម្ភៈ ស្អែកនេះ ជាពេលវេលាកំណត់ របស់សហភាពអឺរ៉ុប ក្នុងការសម្រេចចិត្តជាចុងក្រោយ ត្រូវដកហូត ឬរក្សាទុក EBA បន្តទៀតឲ្យកម្ពុជា។ ការប្រកាសដកឬបន្ត EBA របស់ EU ប្រសិនបើរកឃើញការរំលោភ សិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា ។ EBA បានធ្វើឲ្យកម្ពុជា ចំណេញពន្ធនាំទំនិញ ចូលសហភាពអឺរ៉ុប ប្រមាណជា ៧០០លានដុល្លារក្នុង១ឆ្នាំៗ ។

ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២ និងលេខ២២ នៅព្រឹកថ្ងៃទី១១ កុម្ភៈ សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា «សម្រាប់កម្ពុជាយើង នៅពេលខាងមុខនេះ ប្រសិនបើមានការបិទរោងចក្រណាមួយ មិនមែនមកពិបញ្ហាអា EBA នោះទេ…ចាំមើលទៅ! បើទោះបីមាន ឬគ្មាន EBA ព្រោះអាចនឹងវត្ថុធាតុដើមមួយចំនួន ដែលកំពុងតែយកមកដេរនៅស្រុកខ្មែរ រួចហើយបន្តនាំចេញទៅ យើងអស់សាច់ក្រណាត់ ។ តើយើងមានអីដេរ ដូច្នេះកម្មករច្បាស់ជាជួបប្រទះ នូវបញ្ហាខ្វះការងារធ្វើ ត្រូវគិតរឿងហ្នឹងឲ្យហើយ ។ រឿង EBA បើទោះបីគេដកទាំងស្រុង ឬដកផ្នែកខ្លះ គឺទៅដល់ខែសីហាឯណោះ បានវាចាប់ផ្ដើម ហើយសូមកុំឆ្កួតៗ និយាយរួមគេថា អាពុលក្ដួចនោះ ភ័យខ្លាច លឺតែ EBA អត់ដឹងថា EBA ហ្នឹងជាស្អីហើយនាំគ្នាភ័យខ្លាច» ។

សម្ដេចបន្ថែមថា EBA គេចង់ដក ឬរក្សាទុក ឲ្យគេអ្នកសម្រេចទៅ ហើយគ្រាន់តែប្រាប់ពលរដ្ឋកម្ពុជា ប្រសិនបើប៉ុន្មានអាទិត្យខាងមុខ រោងចក្រខ្លះដែលនាំវត្ថុធាតុដើម ពីចិនមកកម្ពុជាមិនរួច គឺមិនមែនដោយសារកត្តាកម្ពុជាបិទ EBAទេ តែដោយសារចិនផ្គត់ផ្គង់វត្ថុធាតុដើមមកកម្ពុជា មិនទាន់ពេលវេលា ។

សម្ដេចបន្ថែមទៀតថា សុំកុំចោទថា រឿងនេះជាទណ្ឌកម្មសេដ្ឋកិច្ច ពីគណៈកម្មការសហភាពអឺរ៉ុប ។ សម្ដេចក៏មិនចាំបាច់ត្រូវ ធ្វើសេចក្ដីថ្លែងការណ៍ណាមួយ ស្នើសុំឲ្យអឺរ៉ុបដក ឬមិនដកទេ គឺសិទ្ធិនៅលើដៃរបស់អឺរ៉ុប ចង់ធ្វើអ្វីក៏ធ្វើចុះ ។

សម្ដេចតេជោ នៅតែសង្កត់ធ្ងន់ម្ដងហើយម្ដងទៀតថា «ខ្ញុំបាននិយាយបន្ថែម ខ្ញុំនៅតែបញ្ជាក់បន្ថែមថា ខ្ញុំមិនយកឯករាជ្យ អធិបតេយ្យជាតិរបស់កម្ពុជា ទៅដោះដូរជាមួយជំនួយ និងភាពអនុគ្រោះណាទាំងអស់ ។ សូមប្រជាពលរដ្ឋកម្ពុជា គិតឲ្យបានច្បាស់ពិតប្រាកដ ថាពេលនេះកម្ពុជាត្រូវការអីពិតប្រាកដ ។ កម្ពុជាត្រូវការសន្តិភាព មិនអាចឲ្យអ្នកណាមកបំផ្លាញសន្តិភាពបានទេ បើទោះបីបង់ថ្លៃប៉ុណ្ណាក៏ដោយចុះ កម្ពុជាត្រូវតែជាប្រទេសដែលមានសន្តិភាព មានឯករាជ្យ និងអធិតេយ្យជាតិពេញលេញ ច្បាប់របស់ខ្លួនត្រូវបានអនុវត្ត ទោះបីអ្នកណាក៏ដោយ ក៏នៅក្រោមច្បាប់របស់កម្ពុជា» ។

សម្ដេចតេជោមានប្រសាសន៍ថា កម្ពុជាចង់ធ្វើមិត្តភក្ដិ និងដៃគូជាមួយប្រទេសទាំងអស់ នៅលើពិភពលោក ហើយប្រសិនបើគេ មិនយល់ពីកម្ពុជាជារឿងរបស់គេ ព្រោះកម្ពុជាធ្លាប់ភ្លក់រសជាតិរួចហើយ នៃសង្គ្រាម និងសោកនាដកម្មរាប់មិនអស់ ដែលពួកគេបានកសាងឡើង ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ ឲ្យពលរដ្ឋកម្ពុជាងើបឈរឡើង ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព និងសន្តិភាពមិនត្រូវឱនក្បាល ចំពោះអ្នកណាទាំងអស់ គឺត្រូវខិតខំរស់ដោយខ្លួនឯង ។ មានសន្តិភាពទើបបានការអភិវឌ្ឍ មានសន្តិភាពទើបមានសិទ្ធិមនុស្ស មានសន្តិភាព ទើបមានប្រជាធិបតេយ្យ ។

សម្ដេចក៏បានអំពាវនាវឲ្យពលរដ្ឋ ក៏ដូចជាកម្មករ កម្មការិនីកុំមានការតក់ស្លុត និងភ័យខ្លាចឲ្យសោះ ព្រោះប្រសិទ្ធភាពនៃការដក EBA ទាំងស្រុង មានរហូតទៅដល់ខែសីហា ។ កាលពីមុនកម្ពុជា អត់មាន EBA ក៏កម្ពុជាអាចរស់បានដែរ ហើយបើអឺរ៉ុបបន្ត EBA ឲ្យកម្ពុជាក៏អរគុណ តែបើគេសម្រេចដក ក៏ទៅតាមហ្នឹងចុះ ហើយកម្ពុជាបង់ពន្ធឲ្យគេ ក៏នៅតែចំណេញដដែលទេ គ្រាន់តែពេលមាន EBA ចំណេញច្រើន និងពេលបាត់ EBA ចំណេញតិចប៉ុណ្ណោះ ។ សម្ដេចថា EBA នេះគឺគង់តែបាត់ ហើយមិនមែន បាត់បង់ទីផ្សារអឺរ៉ុបនោះទេ ។

សម្ដេចតេជោគូសបញ្ជាក់ថា «សង្គ្រាមចិត្តសាស្ត្រ មុខតែវាយប្រហារមកហើយ តែក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រី ឈរនៅទីនេះ ក្មួយៗកម្មករ កម្មការិនី ដែលរឿងកើតឡើងនៅថ្ងៃស្អែក ថ្ងៃ១២ កុំតក់ស្លុត បើមានរឿងអី រហូតដល់ខែ៨ បានវាចាប់ផ្ដើម រឿងដែលប៉ះពាល់មុនគេ គឺរឿងកូរ៉ូណាពីប្រទេសចិន ដែលវត្ថុធាតុដើម អាចនឹងផ្គត់ផ្គង់មិនទាន់» ។

ទន្ទឹងនឹងនេះសម្ដេចតេជោ ក៏កោតសរសើរក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានចាត់វិធានការ ការពារនៃវីរុសកូរ៉ណា ។ សម្ដេចតេជោបញ្ជាក់ជាថ្មីថា ជំងឺពិតប្រាកដនៅកម្ពុជា មិនមែនជំងឺកូរ៉ូណា តែជាជំងឺភ័យខ្លាច ព្រោះករណីកូរ៉ូណា ត្រូវបានបញ្ចប់នៅកម្ពុជាហើយ ដោយសារជនជាតិចិនផ្ទុកនោះ បានជាសះស្បើយ ។

សម្ដេចនាយករដ្ឋមន្រ្តីបន្តថា ជំងឺកូរ៉ូណាមិនទាន់ឆ្លងលើប្រជាពលរដ្ឋខ្មែរ ណាម្នាក់ឡើយ ប៉ុន្តែបែរជានាំគ្នាភ័យខ្លាច ក្រោមការបំពុលព័ត៌មានរបស់ពួកអគតិ ឬពួកខិលខូច ។
ជាមួយគ្នានេះ សម្ដេចបន្ថែមថា បើតាមរបាយការណ៍លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ រកឃើញជនជាតិហូឡង់ម្នាក់ មានអាការៈក្ដៅខ្លួន កំពុងដាក់ឲ្យមានការព្យាបាល ហើយយកសំណាកមកពិនិត្យ និងពិសោធន៍នៅមន្ទីរពេទ្យប៉ាស្ទ័រ ដើម្បីស្វែងរកជំងឺកូរ៉ូណា បើសិនជាមានជំងឺនេះ ជនជាតិហូឡង់ម្នាក់នេះ ត្រូវតែព្យាបាលនៅកម្ពុជា រហូតជាសះស្បើយ ។

សម្ដេចលើកឡើងថា ត្រូវរកថ្នាំព្យាបាលពីរប្រភេទ គឺទី១.រកថ្នាំព្យាបាលជំងឺរលាកផ្លូវសង្ហើម ដោយវីរុសកូរ៉ូណាថ្មី ដែលអង្គការសុខភាពពិភពលោក អ្នកឯកទេសចិន ក៏ដូចជាអ្នកឯកទេសពិភពលោក កំពុងស្វែងរកថ្នាំព្យាបាលវីរុសនេះ ។ ទី២.ត្រូវរកឲ្យថ្នាំព្យាបាលជំងឺភ័យខ្លាច និងជំងឺរើសអើង ដែលជំងឺនេះមានគ្រោះថ្នាក់ជាង ជំងឺកូរ៉ូណាទៅទៀត ។ សម្ដេចសប្បាយចិត្ត ដែលពលរដ្ឋកម្ពុជា មិនមានការរើងអើង ចំពោះភ្ញៀវទេសចរចិន និងវិនិយោគិនចិន ជាក់ស្ដែងសណ្ឋាគារមួយចំនួន នៅសៀមរាមស្វាគមន៍ និងបញ្ចុះតម្លៃឲ្យជនជាតិចិនថែមទៀត ។

សម្ដេចលើកឡើងទៀតថា មានអ្នកឌឺដងផ្លែផ្កាឲ្យសម្ដេចរឿង រួមរស់ រួមសុខទុក្ខជាមួយចិន ក៏ប៉ុន្តែត្រូវយល់ឲ្យច្បាស់ ចំណងមិត្តភាពមួយនេះ ជាផ្នែកមួយនៃដំណើរការនយោបាយ សេដ្ឋកិច្ច និងសង្គម។ អ្នកដែលរើសអើងជាមួយចិន ចាំមើលលទ្ធផលថ្ងៃក្រោយ តើចិននិយាយថាម៉េច ?

ទាក់ទិនបញ្ហាវីរុសកូរ៉ូណា សម្ដេចតេជោ បានថ្លែងទៀតថា ក្នុងឋានៈជាសមាជិកអង្គការតំបន់របស់អាស៊ាន សម្ដេចគាំទ្រ ឲ្យមានកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ពិភាក្សាលើការទប់ស្កាត់ នៃការរីករាលដាលជំងឺនេះ ហើយសម្ដេចក៏បន្តគាំទ្រ ឲ្យមានកិច្ចប្រជុំកំពូលអាស៊ាន-ចិនផងដែរ លើករណីនេះ ព្រោះកូរ៉ូណា មិនមែនជាបញ្ហាដាច់ ដោយឡែករបស់ចិនទៀតទេ គឺជាបញ្ហាតំបន់ និងសកលលោក ត្រូវរួមគ្នាដោះស្រាយ មិនត្រូវទុកឲ្យចិនឯកោ ឬសម្លាប់ចិននោះទេ ៕ ដោយ៖ ខា ដា

To Top