នយោបាយ

លោក សុខ ឥសាន បកស្រាយថា សំឡេង សម្ដេចតេជោ ជាមួយមន្ដ្រីអតីតបក្សប្រឆាំង គឺចេញ ពីមជ្ឈដ្ឋានប្រឆាំង

ភ្នំពេញ ៖ ក្រោយពីប្រជាពលរដ្ឋមួយចំនួនងើយឆ្ងលសំឡេង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា ជាមួយ មន្ដ្រីអតីតបក្សប្រឆាំងចេញពីណានោះ។លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបកស្រាយ ថា សំឡេង សម្ដេចតេជោ ជាមួយមន្ដ្រីអតីតបក្សប្រឆាំង គឺចេញពីមជ្ឈដ្ឋានប្រឆាំងហ្នឹងឯង។

នាពេលថ្មីៗនេះ ហ្វេសប៊ុក (Facebook) ឈ្មោះ «យុត្តិធម៌សង្គម» ដែលគេដឹងថា ជាហ្វេសប៊ុក គាំទ្រលោក កឹម សុខា បានទម្លាយសំឡេងសន្ទនាដ៏សំខាន់មួយរវាង សម្តេចតេជោ ហ៊ុន សែន និងលោក កឹម សុខា ដែលមានរយៈពេលជាង៣២នាទី។ក្រោយមកទៀត សំឡេងសន្ទនារវាង សម្តេចតេជោ និងលោក ម៉ៅ មុនីវណ្ណ ត្រូវបានទម្លាយតាមហ្វេសប៊ុកឈ្មោះ «News Fast»។

ជុំវិញបញ្ហាទាំងនេះ លោក សុខ ឥសាន បានសរសេរក្នុងតេឡេក្រាម នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ថា «ការបែកធ្លាយសំឡេងសន្ទនារវាង សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីអតីតបក្សប្រឆាំងចេញពីមជ្ឈដ្ឋានប្រឆាំង»។

ជាងនេះទៅទៀតអ្នកនាំពាក្យ លើកឡើងថា អតីតបក្សប្រឆាំងមិនត្រឹមតែបែកបាក់ទេ គឺរលាយទៅជាផេះទៅហើយ មានរឿងអ្វីត្រូវបំបែកបំបាក់ទៀត? ខ្លួនឯងបានត្រូវរលាយ ទៅហើយនៅតែថា រឹងមាំ មិនទទួលស្គាល់ការពិត។

អ្នកនាំពាក្យបន្ថែមថា ការញុះញង់ និងបញ្ឆេះឲ្យកងទ័ពងើបឈរឡើងប្រឆាំងរាជរដ្ឋាភិបាល ហើយនៅថា ជាការបញ្ចេញមតិទៀត? បើចង់ដឹងរស់ជាតិកងទ័ព សាកមើលទៅ៕ ដោយ អេង ប៊ូឆេង

To Top