នយោបាយ

មេបក្សយុវជនកម្ពុជា អំពាវនាវឱ្យមាន ការអនុវត្តច្បាប់លើ សមាជិកព្រឹទ្ធសភា ណយ ស្រូន

ភ្នំពេញ៖ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងការអំពាវនាវរបស់ខ្លួន ដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងស្ថាប័នតុលាការ ឲ្យមានការអនុវត្តច្បាប់លើ សមាជិកព្រឹទ្ធសភា លោក ណយ ស្រូន ដើម្បីតម្លាភាព ក្នុងការអនុវត្តច្បាប់ ព្រមទាំងផ្តល់ភាពស្មើគ្នា រវាងអ្នកមានអំណាច និងអ្នកគ្មានអំណាច។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២០ លោកពេជ្រ ស្រស់ បានលើកឡើងថា ៖”បើអ្នកធំធ្វើខុស សុំទោសហើយរួចខ្លួន បើពលរដ្ឋខ្សត់ ខ្សោយវិញ គឺមិនបាច់និយាយច្រើនទេ ត្រូវតែចូលគុក ចំពោះករណីសមាជិកព្រឹទ្ធសភាម្នាក់នេះ បើរកឃើញ ថាមានការទន្រ្ទានដីរដ្ឋខុសច្បាប់ពិតមែន សូមអនុវត្តន៍ ច្បាប់លើរូបគាត់ គឺដើម្បីស្មើភាពគ្នាចំពោះមុខច្បាប់ រវាងអ្នកធំ និងអ្នកតូច ដោយមិនអាចសុំទោសហើយ រួចខ្លួននោះទេ”។ 

លោក ពេជ្រ ស្រស់ បន្តថា “ច្បាប់ដាក់ទោសមនុស្សប្រព្រឹត្តិខុស  ច្បាប់ ហើយបើច្បាប់មិនដាក់ទោសអ្នកធំប្រព្រឹត្តិខុសច្បាប់ទេ តើបង្កើតច្បាប់មកដើម្បីអ្វី?”

លោក ពេជ្រ ស្រស់បន្ថែម “ខ្ញុំសូមអំពាវនាវដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងស្ថាប័នតុលាការឲ្យមាន ការអនុវត្តច្បាប់លើ ឯ.ឧ ណយ ស្រូន ដើម្បីតម្លាភាព ក្នុងការអនុវត្តច្បាប់ ព្រមទាំងផ្តល់ភាពស្មើគ្នារវាង

អ្នកមានអំណាច និងអ្នកគ្មានអំណាច”។

គួរបញ្ជាក់ផងដែរ នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក៏បានចេញសេចក្តីបំភ្លឺមួយផងដែរ ជុំវិញករណីសមាជិកព្រឹទ្ធសភា ណយ ស្រូន ផងដែរ ដោយលោក ណយ ស្រូន បានសុំធ្វើខន្តីអភ័យទោស នូវរាល់កំហុសខុសឆ្គង ទោះចេតនាក្តី ឬអចេតនាក្តីពីថ្នាក់ដឹកនាំ និងធ្វើឱ្យថ្នាក់ដឹកនាំមានការលំបាកដោយសារខ្លួន និងបានធ្វើលិខិតមួយ បញ្ជាក់ពីការឈប់ពាក់ព័ន្ធជាមួយដីទំហំ៥៣១ ហិកតា នៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី៕

To Top