នយោបាយ

ភូមិសាស្ត្រនយោបាយ៖ ច្បាស់ហើយឬនៅ អាមេរិក ទៅរកយួន ចិនមករកខ្មែរ (Video)

ភ្នំពេញ៖លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ជាកត្តាភូមិសាស្រ្តនយោបាយ អាមេរិកទៅរកយួន ចិនមករកខ្មែរ។

ការលើកឡើង របស់លោក សយ សុភាព បែបនេះបន្ទាប់ពីមានការចុះផ្សាយថា លោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា និងប្រទេស៣ផ្សេងទៀត ក្នុងតំបន់អាស៊ាន ចាប់ពីថ្ងៃទី១០-១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។

ដោយឡែកកាលពីពេលថ្មីៗនេះ លោកស្រី​ Kamala Harris អនុប្រធានាធិបតីអាមេរិក បានធ្វើដំណើរទស្សនកិច្ច មកកាន់តំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែបានចូលទស្សកិច្ច តែក្នុង២ប្រទេសប៉ុណ្ណោះ គឺសិង្ហបុរី និងវៀតណាម កាលពីថ្ងៃទី២១ សីហា កន្លងទៅ។

ជុំវិញដំណើរទស្សនកិច្ច នៃប្រទេសមហាអំណាចទាំងពីរ មកកាន់តំបន់អាស៊ីអាគ្នេយ៍ ជាបន្តបន្ទាប់នេះ ត្រូវបានលោក សយ សុភាព បានលើកឡើងថា «ភូមិសាស្ត្រនយោបាយ៖ ច្បាស់ហើយឬនៅ អាមេរិកទៅរកយួន ចិនមករកខ្មែរ»។

លោក សយ សុភាព យល់ថា ខ្មែរប្រាកដជាយល់ច្បាស់ ជាងពេលណាទាំងអស់ គឺសហរដ្ឋអាមេរិក រត់ទៅរកយួន(ឥណ្ឌូ-ប៉ាស៊ីហ្វិក) ដើម្បីខ្ទប់ឥទ្ធិពលចិន(ប្រ៊ី)។

លោកបន្ថែមថា សហរដ្ឋអាមេរិកបានធ្វើអ្វីៗ គ្រប់យ៉ាងដាក់យួនព្រោះដាច់ខាត មិនឱ្យចិនក្លាយជាមហាអំណាចពិភពលោក ជំនួសអាមេរិកឡើយ។ មានន័យថាទោះក្នុងតំលៃណា ក៏ដោយគឺអាមេរិក ប្រឆាំងចិនលុះក្ស័យ។

ចំណែកខ្មែរវិញ អាមេរិក មិនបានចាប់អារម្មណ៍ក្នុងកែវភ្នែកទេ ផ្ទុយទៅវិញ អាមេរិក ចិញ្ចឹម អង្គការអន្តរជាតិខ្លះ និងក្នុងស្រុកមួយភាគធំ ដើម្បីធ្វើសកម្មភាពប្រឆាំង រាជរដ្ឋាភិបាល ដែលអាមេរិកចោទថា ងាកទៅរកចិនហើយកុំភ្លេចឱ្យសោះរឿង បដិវត្តន៍ពណ៌។ ចំណែកចិនវិញ រត់មករកខ្មែរទប់ការជ្រៀតជ្រែក ពីឥណ្ឌូ-ប៉ាស៊ីហ្វិក ដឹកនាំដោយសហរដ្ឋអាមេរិក។ វៀតណាមបានផ្តល់ទឹកដីឱ្យ អាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌាបង្កើត ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោក សយ សុភាព សង្កត់ធ្ងន់ថា «ដូច្នេះសូមឱ្យខ្មែរយល់ឱ្យច្បាស់ លើបញ្ហានេះបើមិនអញ្ជឹងទេ គេពង្វក់យើងគ្មាន ពេលកសាងប្រទេសឡើយ។ ឱអ្នកវិភាគអាមេរិកនិយមអើយ ប៉ុណ្ណឹងបានហើយ។ វាមិនមែនរឿងអ្វីលើស ពីនេះទេ»។

លោកបន្ថែមថា «ខ្ញុំបាននិយាយដដែលៗថា របាយការណ៍នានា របស់ អង្គការសិទ្ធិមនុស្ស នឹងបន្តវាយប្រហារ លើរាជរដ្ឋាភិបាលគ្មានពេលឈប់ឡើយ ដោយមានអ្នកដុត ពីក្រោយហើយអ្នកផ្សេងចាំស្រែក។ សូមពិចារណា ខ្មែរនិងចិន នៅពេលនេះ ឈរ អង្គុយ ដេក ដើរ នៅជាមួយគ្នា រីឯ អាមេរិកនិងយួន ក៏ដូចគ្នាដែរ ដូច្នេះកុំមកវាយប្រហារខ្មែរឱ្យសោះ»។

ឆ្លៀតក្នុងឱកាសនេះ លោក សយ សុភាព បានរំលឹកនិងរំលេចថា «សុំកុំមកអូសទាញខ្មែរម្តងទៀតឱ្យសោះ យើងរួមគ្នាការពារ ២៩ ធ្នូ ១៩៩៨ ឱ្យបានជាដាច់ខាត»៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top