នយោបាយ

រដ្ឋមន្រ្តី​អមប្រតិភូ​ ស្វាយ​ ស៊ីថា​ ប្រកាសគាំទ្រ​ ជាឱឡារិក និងទាំងស្រុង​ ចំពោះលោក ហ៊ុន ម៉ាណែត ជាបេក្ខជន​ នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ លោក​ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាសមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជ បានប្រកាសគាំទ្រជាឱឡារិក និងទាំងស្រុងចំពោះលោក​ ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី​ សម្រាប់បន្តវេនដឹកនាំប្រទេស ទៅថ្ងៃអនាគត ស្របតាមការប្រកាសរបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែង នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងពិធីសម្ពោធដាក់ឲ្យ​ ប្រើប្រាស់សមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធនានា​ ក្នុងខេត្តព្រះសីហនុ។

លោក​ ស្វាយ​ ស៊ី​ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានអម្ពិល​ នៅមុននេះបន្តិចថា​ “ខ្ញុំយល់ឃើញថា ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ថ្មីមួយរូបដែលពិតជា មានសមត្ថភាពខ្ពស់ មានសីលធម៌ និងគុណធម៌ដ៏ល្អ ជាពិសេស ឯកឧត្តម បាននិងកំពុងធ្វើសកម្មភាព ជាគំរូជាក់ស្តែងជាច្រើនឆ្នាំនៅលើវិស័យសំខាន់ៗ ជាច្រើនទាំងនៅក្នុងប្រទេស​ និងលើឆាកអន្តរជាតិ​ ដើម្បីបុព្វហេតុជាតិ មាតុភូមិនិង ប្រជាជនកម្ពុជា”។

ផ្ទាំងពាណិជ្ជកម្ម

លោក​បន្ថែមថា​ “តាមរយៈលក្ខណៈ សម្បត្តិដ៏ល្អប្រសើរ គួបផ្សំនឹងបទពិសោធន៍ទាំងអស់នេះ ខ្ញុំពិតជាមានជំនឿ យ៉ាងមុតមាំថា «កូនខ្មែរម្នាក់ នេះពិតជាអាចធ្វើបានគ្រប់យ៉ាង» ដើម្បីជំរុញការការពារនិងអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចំរើនជឿនលឿនទៅមុខ ក្នុងសុខសន្តិភាពនិងវិបុលភាព ក៏ដូចជាកសាងកិត្យានុភាពរបស់ជាតិ នៅលើឆាកអន្តរជាតិ”៕

To Top
×