នយោបាយ

វិភាគ ៖ របបសឹកមីយ៉ានម៉ា នៅតែបន្តបង្ក្រាប លើក្រុមប្រឆាំង ដោយមិនខ្វល់ ពីការរិះគន់

បច្ចុប្បន្នភាព

លោក Martin Griffiths អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ទី២៦ ខែធ្នូនេះ ក្នុងការថ្កោលទោស យ៉ាងខ្លាំង លើកកងកម្លាំងយោធា របស់សហភាពមីយ៉ានម៉ា ដែលបានវាយប្រហារ សម្លាប់ជនស៊ីវិលចំនួន ៣៥នាក់ នៅរដ្ឋ Kaya ភាគខាងកើតនៃប្រទេសនេះ ។

សេចក្តីថ្លែងការណ៍ថ្កោលទោស របស់លោក Martin Griffiths ត្រូវបានធ្វើឡើងមួយថ្ងៃ ក្រោយពីកងកម្លាំងយោធា របស់សហភាពមីយ៉ានម៉ា បានបាញ់ប្រហារទៅលើ រថយន្តដឹកជនស៊ីវិលចំនួន៣គ្រឿង កាលពីថ្ងៃសៅរ ដែលបណ្តាលអោយរថយន្តទាំង៣គ្រឿង ត្រូវឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបណ្តាលអោយជនស៊ីវិល ៣៥នាក់ស្លាប់ក្នុងភ្នក់ភ្លើង ។

ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បាននិយាយថា កងកម្លាំងយោធា ដែលយាមល្បាតនៅរដ្ឋ Kaya បានឃើញរថយន្តចំនួន ៣គ្រឿង ដឹកជនស៊ីវិល រាប់សិបនាក់ និងបានហៅរថយន្តនោះ អោយឈប់ ដោយសង្ស័យពីការដឹកជនស៊ីវិល អោយចូលក្នុងចលនាប្រដាប់អាវុធប្រឆាំងរបបសឹក ប៉ុន្តែរថយន្តនោះមិនបានឈប់ ទៅតាមការរារាំងរបស់កងទ័ព ។

ខណៈដែលរថយន្តមិន ព្រមឈប់តាមការរារាំង របស់ខ្លួន កងកម្លាំងយោធា បានបើកការ បាញ់ប្រហារទៅលើ រថយន្តទាំង៣គ្រឿងនេះ បណ្តាលអោយ រថយន្តឆាបឆេះ និងមនុស្សចំនួន ២៧នាក់ បានបាត់បង់ជីវិតក្នុងអណ្តាតភ្លើង និងនៅសល់តែក្បាល និងរាងកាយឆេះខ្លោចមើល មិនស្គាល់អត្តសញ្ញាណ ក្រោយពីភ្លើងបានរលត់ ។

លោក Zaw Min Tun អ្នកនាំពាក្យកងកម្លាំងយោធា បានអោយដឹងថា នៅក្នុងរដ្ឋ Kaya នេះ មានចលនាប្រដាប់អាវុធមួយឈ្មោះ កងកម្លាំងការពារប្រជាជន (People’s Defense Forces) ដែលហៅកាត់ថា PDF និងក្រុមចលនាប្រដាប់អាវុធជាច្រើនក្រុមផ្សេងទៀត ដែលត្រូវបានបង្កើតឡើងដើម្បីប្រឆាំងរបបសឹក ។

លោក Zaw Min Tun បានបន្ថែមថា ដោយសង្ស័យលើ រថយន្តទាំង៣គ្រឿង ដែលអាចដឹកជនស៊ីវិល អោយទៅចូលរួមក្នុងចលនា ប្រដាប់អាវុធ PDF ទើបកងកម្លាំងយោធាហៅអោយឈប់ តែរថយន្តមិនព្រមឈប់ ទើបមានការបាញ់ប្រហារ បែបនេះ ។

សូមរំលឹកជូនថា វិបត្តិនយោបាយនៅសហភាពមីយ៉ានម៉ា បានកើតឡើង ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោយពីកងកម្លាំងយោធា របស់ប្រទេសនេះ ដែលដឹកនាំអោយឧត្តមសេនីយ៍ Min Aung Hlaing បានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ដែលដឹកនាំដោយលោកស្រី Aung San Suu Kyi ម្ចាស់ពានរង្វាន់ណូបែល សន្តិភាព ។

ក្រោយពីកងកម្លាំងយោធា បានផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ក្រុមបាតុកររាប់ម៉ឺននាក់ បានចេញធ្វើបាតុកម្មប្រឆាំង នឹងរបបសឹករហូត ដល់ពេលបច្ចុប្បន្ននេះ និងនៅមិនទាន់ បានបញ្ចប់ នៅឡើយ ដោយក្រុមបាតុករ បានបំបែកខ្លួនទៅជាក្រុមតូចៗ នៅពាសពេញប្រទេស ហើយបាតុករមួយចំនួន បានចងក្រងគ្នា ចលនា ប្រដាប់អាវុធប្រឆាំងរបបសឹក ។

ចំណែកកងកម្លាំងយោធា ក៏នៅតែព្យាយាមបង្ក្រាប លើក្រុមបាតុករ ដោយមិនបន្ធូរដៃ ជាពិសេស គឺកងកម្លាំងយោធា បានបង្ក្រាបលើចលនាប្រដាប់ អាវុធនានា ដោយបច្ចុប្បន្ននេះ បានប្រើប្រាស់រហូតដល់គ្រឿង សព្វាវុធធុនធ្ងន់ រួមទាំងការទម្លាក់គ្រាប់បែកតាមអាកាស ក្នុងគោលដៅបង្ក្រាប ចលនាប្រដាប់អាវុធនានា នៅក្នុងប្រទេសនេះ ។

សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងអាស៊ានជាដើម បានដាក់សម្ពាធលើរបបសឹក រួមទាំងបានថ្កោលទោស យ៉ាងខ្លាំងលើកងកម្លាំងយោធា ដែលបានបង្ក្រាប និងសម្លាប់ក្រុមប្រឆាំងអស់ ប្រមាណជាង ១៣០០នាក់ហើយ និងបានចាប់ខ្លួនមនុស្សរាប់ពាន់នាក់ ផ្សេងទៀតនៅទូទាំងប្រទេស ។
វិបត្តិនយោបាយ នៅសហភាពមីយ៉ានម៉ា កំពុងទាញទម្លាក់ប្រជាពលរដ្ឋរបស់ប្រទេសនេះកាន់តែច្រើនអោយធ្លាក់ចូល ក្នុងភាពក្រីក្រ និងគ្រោះអត់ឃ្លាន ដោយប្រជាពលរដ្ឋមួយចំនួន មិនមានអាហារទទួលគ្រប់គ្រាន់ប្រចាំថ្ងៃទេ ដោយគ្រួសារខ្លះ បានទទួលទាន់អាហារ តែមួយពេលក្នុងមួយថ្ងៃ ដើម្បីតែរស់ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋគ្មានការងារ ធ្វើមានកំណើនកាន់តែខ្ពស់ ហើយតម្លៃផលិតផលពាក់ព័ន្ធនឹងម្ហូបអាហារ នៅក្នុងប្រទេសនេះ ក៏បានកើនឡើងកប់ពពក ដែលបង្កអោយមាន ការលំបាក កាន់តែខ្លាំងសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះ ដោយសារវិបត្តិនយោបាយ ដែលមិនទាន់មាន សញ្ញាវិជ្ជមានណាមួយ ក្នុងការទម្លុះទម្លាយភាពជាប់គាំង នៃវិបត្តិនយោបាយនេះទេ ហើយភាគីជម្លោះនៅក្នុងប្រទេសនេះ ទាំងកងកម្លាំងយោធា និងទាំងអតីតមេដឹកនាំ រដ្ឋាភិបាលស៊ីវិល ក៏មិនបានបង្ហើបពីដំណោះស្រាយវិបត្តិនយោបាយនេះដែរ ។

ដើមចមនាំអោយកើតរឿង

លោក Zaw Min Tun អ្នកនាំពាក្យកងកម្លាំងយោធា បានអោយដឹងថា ដើមចមដែលនាំអោយកងកម្លាំងយោធា នៅតែបង្ក្រាបលើក្រុមប្រឆាំង គឺដោយសារក្រុមប្រឆាំង ដែលមានអតីតថ្នាក់ដឹកនាំ របស់អតីតរដ្ឋាភិបាលស៊ីវិល មានលោកស្រី Aung San Suu Kyi ជាដើម បានបញ្ឆេះអោយមានចលនា ប្រដាប់អាវុធប្រឆាំង កងកម្លាំងយោធា ។

លោក Zaw Min Tun បានបញ្ជាក់ថា ប្រសិនបើកងកម្លាំង យោធា មិនព្យាយាមបង្ក្រាប ក្រុមបះបោរទេ សង្គ្រាមស៊ីវិលអាច នឹងឆាបឆេះឡើង នៅក្នុងប្រទេសនេះ នៅពេលខាងមុខ ដោយសារប្រជាពលរដ្ឋ នឹងទៅចូលរួមក្នុងចលនាឧទ្ទាមកម្មកាន់តែច្រើន និងមានគ្រឿងសព្វាវុធ កាន់តែច្រើនក្នុងការវាយប្រហារ ប្រឆាំងរបបសឹក ។

ការបង្ក្រាបលើចលនាប្រដាប់អាវុធ គឺជាមធ្យោបាយតែមួយគត់ ដើម្បីទប់ស្កាត់សង្គ្រាមស៊ីវិល កុំអោយកើតឡើង នៅក្នុងប្រទេសនេះ ដោយសារតែ នៅពេលបច្ចុប្បន្ននេះ មានចលនាប្រដាប់អាវុធជាច្រើន រួមទាំងចលនាប្រដាប់អាវុធ របស់ជនភាគតិច ការ៉ែន និងកាជីនជាដើម កំពុងធ្វើសកម្មភាព ប្រឆាំងនឹងរបបសឹក ដែលកំពុងកាន់អំណាច ។

កងកម្លាំងយោធាមីយ៉ានម៉ា មិនមានជម្រើសផ្សេងក្រៅតែ ពីការបង្ក្រាប និងព្យាយាមបំបែកចលនា ប្រដាប់អាវុធនោះទេ ហើយប្រសិនបើបណ្តោយ អោយចលនា ឧទ្ទាមកម្មមាន កម្លាំងកាន់តែខ្លាំង នោះសហភាពមីយ៉ានម៉ា និងមានការបែកបាក់ ទឹកដីទៅជាច្រើនផ្នែក ដែលជារឿងគួរអោយ សោកស្តាយបំផុត ៕
ដោយ ៖ អ៊ី ជិន

To Top